ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ត្រៀមខ្លួន​ចរចា​ប្រសិនបើ​អាមេរិក​ដក​ទណ្ឌកម្ម ​ប៉ុន្តែ​លោក Pompeo មានការ​សង្ស័យ

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ដក​ទណ្ឌកម្ម​និង​វិលត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ដែល​ខ្លួន​បាន​ចាកចេញ​កាលពី​ឆ្នាំមុន​។​

​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា ខ្លួន​បើកចំហ​ចំពោះ​ការចរចារ​ជាមួយ​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀង​កាន់តែ​ទូលំទូលាយ​មួយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​និង​សន្តិសុខ​។​

​ប៉ុន្តែ​អ៊ីរ៉ង់​បានដាក់​លក្ខខណ្ឌ​លើ​ការពិភាក្សា​ណាមួយ​ដើម្បី​អាច​នាំចេញ​ប្រេង​ឲ្យ​បាន​ច្រើន​ដូចដែល​ខ្លួន​បានធ្វើ​មុនពេល​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ពិភពលោក​នៅក្នុង​ខែឧសភា​ឆ្នាំ​២០១៨​។​

​លោក Rouhani បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃអាទិត្យ​ថា “​យើង​តែងតែ​ជឿជាក់​លើ​ការចរចា​ប្រសិនបើ​ពួកគេ​លុបចោល​ទណ្ឌកម្ម បញ្ចប់​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​និង​វិលត្រឡប់​ទៅ​កិច្ចព្រមព្រៀង​នេះ​វិញ​។ យើង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចរចា​ជាមួយ​អាមេរិក​នៅថ្ងៃនេះ នៅពេលនេះ​និង​គ្រប់​ទីកន្លែង​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Washington Post រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ច្រានចោល​គំនិត​របស់លោក Rouhani ថា​ជាការ​ស្នើសុំ​ដូចគ្នា​ទៅនឹង​អតីតរដ្ឋមន្ត្រី​ការបរទេស​លោក John F. Kerry និង​អតីត​ប្រធានាធិបតី​លោក Barack Obama​។​

​លោក Pompeo បាន​និយាយថា “​លោក​ប្រធានាធិបតី Trump ប្រាកដជា​នឹងធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ​ប៉ុន្តែ​នេះ​គឺជា​ផ្លូវ​មួយ​ដែល​រដ្ឋបាល​មុន​បាន​ចុះចាញ់​ហើយ​វា​បាន​នាំទៅដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី Trump និង​ខ្ញុំ​ជឿជាក់ថា​ជា​គ្រោះមហន្តរាយ​មួយ​”​។​

​គួរ​បញ្ជាក់ថា ការប្រឈមមុខគ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​តេ​អេ​រ៉ង់​បាន​កើន​ឡើងជា​បន្តបន្ទាប់​ជាពិសេស​ឈានទៅដល់​ផែនការ​វាយប្រហារ​ពី​អាកាស​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​កាលពី​ខែ​កន្លងទៅ​ទៀតផង​បន្ទាប់ពី​ទីក្រុង​តេ​អេ​រ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​។ ប៉ុន្តែ​លោក Trump បាន​លុបចោល​ការវាយប្រហារ​អា​កាស​របស់​អាមេរិក​នៅ​នាទីចុងក្រោយ​វិញ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114