ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ផ្ដល់​ស្នាមញញឹម​ថ្មី​ជា​លើក​ទី​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់​កណ្ដាល​

​កណ្ដាល​ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន ​សម្តេច​តេ​ជោ (TYDA) បានផ្ដល់​ស្នាមញញឹម​ថ្មី​ជា​លើក​ទី​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល តាមរយៈ​ការបំពេញ​បេសកកម្ម​មនុស្សធម៌​របស់ខ្លួន ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ជាង​២​ពាន់​នាក់​នៅលើ​ទឹកដី​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​វត្តមាន លោក វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ អគ្គនាយក​រតនាគារ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល និង​លោក​វេជ្ជបណ្ឌិត ចាន់ សុ​ភ័​ស្ត តំណាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ រួមទាំង​ក្រុមការងារ​ចុះជួយ​ស្រុក​ខ្សាច់កណ្ដាល ឃុំ​វិហារ​សួគ៌ អាជ្ញាធរ យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣​ពាន់​នាក់​។​

​លោក វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដោយ​បង្ខិត​សេវា​សុខាភិបាល​ឲ្យ​កៀក​នឹង​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ថ្ងៃនេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​។ លោក​ប្រធាន​ក្រុមការងារ​រូបនេះ ក៏បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ឲ្យ​ក្រុមការងារ​ នៃ​សមាគម TYDA ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នេះ​។​

​លោក​វេជ្ជបណ្ឌិត ចាន់ សុ​ភ័​ស្ត បាន​លើកឡើងថា សកម្មភាព​មនុស្សធម៌ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល​នេះ គឺជា​ការគិតគូរ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត និង​ជាការ​ណែនាំ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ដោយ​ឲ្យ​ក្រុមការងារ​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ប្រកបដោយ​ទឹកចិត្ត​ស្ម័គ្រចិត្ត​មនុស្សធម៌ ជំនាញ និង​បេះដូង​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ដែល​លើក​ទី​១ នៅ​ឃុំ​ពុក​ឫស្សី បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣១៤៦​នាក់ លើក​ទី​២ នៅ​ឃុំ​ព្រែក​អំបិល​បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៩៥៤​នាក់ និង​លើក​ទី​៣​នេះ នៅ​ឃុំ​វិហារ​សួគ៌​បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​២២៤៨​នាក់​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114