ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាតកម្ម​ដោយ​រឹត.ក សមត្ថកិច្ច​សង្ស័យ​ករណី​ប្រចណ្ឌ​

​​កណ្តាល ​៖ ​បុរស​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ​នៅវេលា​ម៉ោង​ប្រហែល​៣និង​៣០​នាទី នៅ​ចំណុច​កញ្ចុះ​លក់​ដី​ឡូត៍ ស្ថិតនៅ​ភូមិ​មង្គល​បូរី ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល​។​

បុរសរងគ្រោះ​ឈ្មោះ រ៉ុ​ម សារាជ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ កម្មករ​ជាងផ្សារដែក នៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជុល​គិរី ខេត្ត​កំពង់ឆ្នាំង មាន​ប្រពន្ធ អត់​កូន​។​

​នគរបាល​ស្រុក​អង្គ​ស្នូល​បានឲ្យដឹងថា​ ក្រោយ​ទទួលបាន​ព័ត៌មាន ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​ជំនាញ ខេត្ត​និង​ស្រុក ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​០១​នាក់​ឈ្មោះ ធី សុខ​គីម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ កម្មករ​ស៊ីឈ្នួល (​ចាក់​បេតុង​) នៅ​ភូមិ​មង្គល​បូរី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​បើតាម​ការ​ស៊ើបអង្កេត​បញ្ជាក់ថា​ តាម​ការ​សួរ​បំភ្លឺ ​ប្រពន្ធ​ឈ្មោះ ពិត​ ចាន់​កែវ ភេទ​ស្រី អាយុ​២០​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​បឹង​វែង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ បាន​ឲ្យ​ដឹងថា ប្តី​របស់ខ្លួន ពេល​ព្រលប់​បាននាំគ្នា​ផឹកស្រា​ជាមួយ​បងប្អូន​រហូតដល់​ម៉ោង​ប្រហែល​២២​បាន​បែក​គ្នា​រៀងៗ​ខ្លួន​ទៅ​កន្លែងដេក ប្ដី​គាត់​ក៏​ចេញទៅ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ​៦​ ឬ​៧​នាក់​ទៀត ហើយ​ស្រាប់តែ​ឃើញ​ឈ្មោះ​ធី គីម​ មក​សួរ​ខ្ញុំ​ថា​យប់​ស្មើ​នឹង​ហើយ​មិន​ទាន់​ចូលដេក​ទៀត ហើយ​វា​ក៏​ទៅ​បាត់​ទៅ ខ្ញុំ​នៅ​អង្គុយចាំ​ប្តី​ខ្ញុំ​រហូតដល់​ម៉ោង​ប្រហែល​១និង​៣០​នាទី​ បាន​ឃើញ​ប្តី​មកវិញ​ជាមួយ​បងប្អូន​​ ហើយ​គាត់​បានឃើញ​ឈ្មោះ ធី គីម និ​យា​យ​លេង​ជាមួយ​ខ្ញុំ ស្រាប់តែ​ប្តី​ខ្ញុំ​ប្រចណ្ឌ ហើយ​ឈ្លោះ​ជា​មួយ​ខ្ញុំ ​មួយ​សន្ទុះ​ធំ។ ក្រោយ​មក​ខ្ញុំ​ក៏​ចូលដេក​ទៅ គាត់​មិន​ចូល​ដេក​ជាមួយ​ខ្ញុំ​ទេ ស្រាប់តែ​ដើរ​ចេញទៅ​ក្រៅ​បាត់​រហូត​ទល់​ភ្លឺ ខ្ញុំ​ក៏​ដើររក​គាត់​បានឃើញ​នៅ​កញ្ចុះ​ក្នុង​ដី​ឡូត៍​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយមក​ សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​ និង​ផ្នែក​ពិនិត្យ វិភាគ​កន្លែងកើតហេតុ​ស្រុក​អង្គ​ស្នួល បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយមាន​ការចូលរួម​ព្រហ្មទណ្ឌ​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​សំរោង​លើ លោក​ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេ​ភូមិ និង​ប្រពន្ធ​ជនរងគ្រោះ នៃ​សព បានធ្វើការ​ពិនិត្យ លើ​ជនរងគ្រោះ ឃើញថា មាន​ស្នាម​ទ្រុឌ​ជាំខ្មៅ​ជុំវិញ​ក ក្រៅពីនោះ​គ្មាន​ស្លាកស្នាម​អ្វី​ទេ​។​

​ការសន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​និង​របស់​ជំនាញ ជន​រងគ្រោះ​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​(​រឹត​ក​) មូលហេតុ ដោយ​ការ​ប្រចណ្ឌ៕

ដោយ ៖ ​មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114