ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​បឹងកេត សប្បាយចិត្ត​ជាមួយ​លទ្ធ​ផល​ឈ្នះ​អគ្គិសនី​កម្ពុជា ដើម្បី​បន្ត​មានឱកាស​ប្រជែង​ជើង​ឯក​

​លោក ហៅ សុជាតិ គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​បឹងកេត បាន​សម្ដែង​ការសប្បាយ​ចិត្តជា​មួយ​លទ្ធផល​ឈ្នះ​អគ្គិសនី​កម្ពុជា ដើម្បី​បន្ត​មានឱកាស​ប្រជែង​ជើងឯក​។ ថ្លែង​បែបនេះ​គឺ​នៅក្រោយ​ក្រុម បឹងកេត ឈ្នះ​អគ្គិសនី​កម្ពុជា ៤​ទល់​០ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ខេ​ម​បូ​ឌា អែរ​វ៉េ ( Cambodia Airways Stadium ) ដែលជា​ទឹកដី​ថ្មី​របស់​ក្រុម​រហស្សនាម នាគ​ខៀវ មួយ​នេះ​។​

​ថ្លែង​នៅក្រោយ​ចប់​ការប្រកួត លោក ហៅ សុជាតិ បានលើកឡើង​យ៉ាងខ្លី​ថា «​ការប្រកួត​ថ្ងៃនេះ​គឺ​យើង​សប្បាយចិត្ត ដោយសារ​យើង​បាន​៣​ពិន្ទុ នាំ​ឲ្យ​យើង​មានឱកាស​បន្ត​ប្រជែង​ជើងឯក​នៅ​ឆ្នាំនេះ​»​។​

​គ្រូបង្វឹក​វ័យ​៣៩​ឆ្នាំ​រូបនេះ​បាន​បន្ថែម​ផងដែរ ជុំវិញ​បញ្ហា​របស់​ក្រុម​នៅក្នុង​ការប្រកួត​ទល់នឹង​អគ្គិសនី​កម្ពុជា ថា​៖ «​ថ្ងៃនេះ​យើង​ធ្វើ​បានល្អ​ច្រើន ប៉ុន្តែ​នៅតែមាន​បញ្ហា​បន្តិចបន្តួច​នៅ​តំបន់​ការពារ ដោយសារតែ​ពេលដែល​គេ​មានឱកាស​ម្ដងៗ ក្រុម​តែងតែមាន​បញ្ហា​»​។​

​មាន​យោបល់​ជុំវិញ​ការយល់​ចិត្ត​គ្នា​ចំពោះ​កីឡាករ​ទាំងថ្មី​ទាំងចាស់​សម្រាប់​ជើង​ទី​២ លោក ហៅ សុជាតិ បានបញ្ជាក់​បន្ថែមថា បើ​គិត​មកទល់ពេលនេះ​គឺ​បាន​ប្រមាណ ៩០​ភាគរយ​។ «​គិត​មកដល់ពេលនេះ​យើង​ឃើញថា​កីឡាករ​ថ្មី ឃើញ​ការ​សហការគ្នា ការយល់​ចិត្ត​គ្នា​មកដល់ពេលនេះ​គឺ​គាត់​ធ្វើបាន​ប្រមាណ ៩០​ភាគរយ​ហើយ​»​។ សម្ដី​ទាំងស្រុង​របស់ លោក ហៅ សុជាតិ​។​

​គួរ​រំលឹក​ផងដែរ​ថា ការប្រកួត​ដែល បឹងកេត​ប្រកួត​លើ​កីឡដ្ឋាន​ថ្មីស្រឡាង​របស់ខ្លួន​នៅក្នុង​លី​គ មិនបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ​ដោយ​អា​ចរក​ជ័យជម្នះ​បាន​ដល់​ទៅ ៤​គ្រាប់​និង​បិទ​មិន​ឲ្យ​គូ​ប្រកួត​ទាត់​បញ្ចូល​ទី​ថែម​ទៀតផង​។​

៤​គ្រាប់​របស់​បឹងកេត រកបាន​ដោយ​កីឡាករ Ajayi Gbenga Samuel ២​គ្រាប់​ម្នាក់ឯង ក្នុងនោះ​រកបាន​១​គ្រាប់​នៅ​វគ្គ​ទី​១ នៅ​នាទី​៤៣ ស្រប​ពេលដែល ចាន់ វឌ្ឍនាកា រក​គ្រាប់​ទី​៣ ក្នុង​លី​គ​ចាប់តាំងពី​ត្រលប់មក​ចូលរួម​ក្រុម​សារជាថ្មី​នោះ រកបាន​មួយ​គ្រាប់​ផងដែរ​នៅ​នាទី​៤៥ ដើម្បី​រក្សា​លទ្ធផល ២​ទល់​០ ក្នុង​វគ្គ​ទី​១​នេះ ចូលដល់​វគ្គ​ទី​២ Julius បន្ថែម​គ្រាប់​បាល់​ទី​៣ នៅ​នាទី​៥៦ និង​ចុងក្រោយ​អូសបន្លាយ​គ្រាប់​ទី​៤ ដល់​នាទី​៩០ ដោយ​កីឡាករ Ajayi Gbenga Samuel​។​

​ជ័យជម្នះ​នេះ​ផងដែរ បច្ចុប្បន្ន​នាំ​ឲ្យ បឹងកេត កំពុង​ឈរ​នៅ​លេខ​៥​នៃ​តារាង​ចំណាត់ថ្នាក់​លី​គ ដោយមាន​៣០​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​១៥​ដង ឈ្នះ​៩​ដង ស្មើ​៣​ដង និង​ចាញ់​៣​ដង និង​មាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114