ព័ត៍មានទាន់​ហេតុការណ៏
Search

ទឹកជំនន់​រដូវ​មូសុង ​បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​ ចាក​ចេញពីផ្ទះ​សម្បែង​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា

អាជ្ញាធរ​និង​អ្នកនយោបាយ​បាន​និយាយ​ថា ភ្លៀង​ធ្លាក់​រដូវ​មូសុង​ដ៏​ខ្លាំងក្លា ​និង​កម្ពស់​ទឹកទន្លេ​ដ៏​មាន​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បង្ខំ​មនុស្ស​ជាង​១៨,០០០​នាក់​ឲ្យ​ចាក​ចេញ​ពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​ហើយ​បាន​ជន់​លិច​ជំរំ​មួយ​នៃ​អ្នក​ដែល​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយ​ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ។

​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា ទីប្រជុំជន​ចំនួន​៤​នៅតាម​បណ្តោយ​ដង​ទន្លេ Ayeyarwady និង Chindwin គឺ​កំពុង​ស្ថិតនៅក្នុង​គ្រោះថ្នាក់​នៃ​ការ​ជន់​លិច​នៅពេល​ទឹកទន្លេ​ឡើង​។​

​នាយក​នៃ​នាយកដ្ឋាន​នេះ​លោកស្រី Phyu Lai Lai Htun បាន​ថ្លែងថា “​យើង​កំពុងធ្វើការ​រួមគ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​ប្រជាជន​និង​ផ្តល់​ស្បៀងអាហារ​”​។​

​លោកស្រី​បាន​និយាយថា មនុស្ស​កាន់តែច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បង្ខំចិត្ត​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ថ្ងៃ​ចន្ទ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក្នុងអំឡុង​រដូវវស្សា​ចាប់​ពី​ខែឧសភា​ដល់​ខែតុលា​ដែលជា​ញឹកញាប់​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​។​

​រដ្ឋ Kachin ភាគ​ខាងជើង​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយមាន​មនុស្ស​១៤,០០០​នាក់​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ក្បែរ​ច្រាំងទន្លេ Ayeyarwady​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ចេញផ្សាយ​រូបថត​បង្ហាញ​ពី​ផ្ទះ​លិច​ទឹក រថយន្ត​និង​ផ្លូវថ្នល់​នៅក្នុង​ទីក្រុង Myitkyina​។​

​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា ទឹកជំនន់​ក៏បាន​បង្ខំ​មនុស្ស​៣,០០០​នាក់​នៅ​រដ្ឋ Rakhine ភាគ​ខាងលិច​ឲ្យ​ផ្លាស់ប្តូរ​ទីលំនៅ​ផងដែរ​។​

​ពួកគេ​រាប់បញ្ចូល​ទាំង​មនុស្ស​រាប់ពាន់នាក់​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ដោយ​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​និង​ក្រុម​បះបោរ Arakan ចាប់តាំងពី​ចុងឆ្នាំ​មុន​ផងដែរ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114