ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ជនសង្ស័យ​ជួញ​គ្រឿងញៀន​២​នាក់​ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយ​ចំនួនធំ​

​បន្ទាយមានជ័យ​ ៖ ជនសង្ស័យ​២​នាក់ លួច​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បង្ក្រាប​គ្រឿងញៀន​ចុះ​បង្ក្រាប​បាន​នៅវេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​លើ​ផ្លូវ​លំ ក្នុងភូមិ​ទំនប់ ក​.៥ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ និង​ដក​វត្ថុតាង​ថ្នាំញៀន​ចំនួន​៥៧​ថង់​តូច ​និង​១​ថង់​ធំ​។

​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ​ពេល​ចុះ​បង្ក្រាប​នោះ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់ ​មាន ឈ្មោះ សឿង សំណាង ហៅ​ពេជ្រ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ក​.៥ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​ធ្វើការ​ឆែកឆេរ​រកឃើញ វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន សរុប​ចំនួន​៥៥​ថង់​តូច ស្មើ​៥៦.៣២​ក្រាម និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

​ក្រោយពី​ឃាត់ខ្លួន​ ហើយ​ធ្វើការ​សាកសួរ​ចម្លើយ ជនសង្ស័យ ឈ្មោះ​សឿង​ បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ​ត្រា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារកណ្តាល និង​ឈ្មោះ​អូន ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រោយមកទៀត​នគរបាល​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អនុវត្ត​បន្ត​ស្រាវជ្រាវ​ឈាន​ដល់​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ សំ ចិ​ត្រា ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ស្នាក់​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ឆែកឆេរ​រកឃើញ វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​១​ថង់​ធំ និង​២​ថង់​តូច ស្មើ​១០៣.៩៧​ក្រាម ​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង។

​លោក​វរសេនីយ៍ទោ ង៉េ​ង សុជា ស្នងការ​រង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​បន្ថែមថា​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ​ពួកគេ​ពិតជា​បាន​លួច​ជួញដូរ ​និង​ជក់​គ្រឿងញៀន ពិតប្រាកដ​មែន​ពីមុន​ពួកគេ​គ្រាន់តែ​ជក់ ក្រោយមក​ក៏​បែកគំនិត​ជួញដូរ​វិញ។​ ដោយ​ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ និង​វត្ថុតាង​ជាក់លាក់​ផង​ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាមច្បាប់​៕

ដោយ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114