ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌូណេស៊ី​ប្តេជ្ញា​ប្រឆាំង​ច្បាប់​ដូងប្រេង​របស់​សហ​ភាព​អឺរ៉ុប

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា​ នឹង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​ផែនការ​រឹត​បន្តឹង​ការប្រើប្រាស់​ដូងប្រេង​ក្នុង​ជីវ​ឥន្ធនៈ​។​

​រដ្ឋាភិបាល​ក្រុង Brussels​ចង់​ដាក់​កម្រិត​ទៅលើ​វត្ថុធាតុដើម​មួយចំនួន​ដែល​អាច​ប្រើ​ក្នុង​ឥន្ធនៈ​ដែល​ត្រូវបាន​គេ​រាប់​ចូលក្នុង​គោលដៅ​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​បាន​។​

​រដ្ឋាភិបាល​មួយ​នេះ​បាន​ដាក់ចេញ​ការកំណត់​ឆ្នាំ​២០៣០ សម្រាប់​ការលុបចោល​ដូងប្រេង​ដែល​បរិស្ថាន​វិទូ​ជាច្រើន​និយាយថា​ជាការ​បំផ្លាញ​ព្រៃឈើ​និង​ការប្រែប្រួល​អាកាសធាតុ​។​

​ប៉ុន្តែ​ផែនការ​ទាំងនេះ​បានធ្វើឱ្យ​ប្រទេស​ដែលជា​អ្នក​ផលិត​ដូងប្រេង​ទ្រង់ទ្រាយ​ធ​ម​ជាច្រើន​មានការ​ខឹងសម្បារ​ជាខ្លាំង ដូចជា ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ដែលជា​ប្រទេស​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យនេះ​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន Blooberg ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បានលើកឡើង​ថា “​សម្រាប់​ខ្ញុំ​បើ​មានការ​រើសអើង​បែបនេះ ខ្ញុំ​នឹង​តស៊ូ​ប្រឆាំង​ដោយសារតែ​កសិករ​និង​កម្មករ​ចំនួន​១៦ លាន​នាក់​ពឹង​ផ្អែកលើ​អាជីវកម្ម​មួយ​នេះ​។ ដូងប្រេង​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​។​”

​ដូងប្រេង​និង​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ​របស់ខ្លួន​បានរួម​ចំណែក​ប្រមាណ​៤%​នៃ​ផលិតផល​សរុប​របស់​ឥណ្ឌូណេស៊ី​និង​ផ្តល់​ជីវភាព​សម្រាប់​ប្រជាជន​ចំនួន​៦%​។ កាលពី​ឆ្នាំទៅ ក្រុង​ចា​កាតា​រកបាន​ចំណូល​១៧,៨​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ប្រេងដូង ដែល​ត្រូវយក​ទៅប្រើ​ក្នុង​ការផលិត​ផលិតផល​ចាប់ពី​ម្ហូបអាហារ​រហូតដល់​គ្រឿងសម្អាង​ទ្រង់ទ្រាយ​ធំ​៕AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114