ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គលេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្តទុកដាក់​ឈាន​ដល់​លុបបំបាត់​ទាំងស្រុង​ចំពោះ​គ្រឿងញៀន​ មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​

​បាត់ដំបង ៖ លោក​មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ នៃ​ស្នងការ​ខេត្ត​បាត់ដំបង​ ត្រូវ​យកចិត្តទុកដាក់ ​និង​ឈានដល់​ការលុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត ​និង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​

​ការ​ថ្លៃង​បែបនេះ ​នូវ​ខណៈ​ដែល​លោក​មាស​ វិ​រិ​ទ្ធ​ បាន​អញ្ជើញ​ជា​គណៈ​អធិបតី​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​(​ថ្ងៃ​២៦​មិថុនា​ឆ្នាំ​២០១៩)​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ​ខែកក្កដា ​ឆ្នាំ​២០១៩​នេះ ​នៅក្នុង​បរិវេណ​ខាងមុខ​សាលាខេត្ត​បាត់ដំបង​ ហើយ​ក្នុង​ពិធី​នេះ​ក៏​មាន​វត្តមាន​មន្ត្រី​សំខាន់ៗ​ក្នុង​ខេត្ត​ជាច្រើនរូប​ផងដែរ​ ក្រៅពី​កងកម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ ​រួម​នឹង​សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ​។​

​នៅក្នុង​ពិធី​ដ៏​វិសេសវិសាល​នេះ​ជា​កិច្ច​ចាប់ផ្តើម​លោក​ងួន​ រតនៈ ​អភិបាលខេត្ត​បាត់ដំបង​បាន​ឡើង​អាន​សារលិខិត​ចូលរួម​រប​ស់​ ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល ​សម្តេច ​មានការ​នឹករលឹក​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដូចជា​លោកយាយ​ លោកតា​ ក្មួយៗ​ សិស្សានុសិស្ស​ រួម​នឹង​មន្ត្រីរាជការ​កងកម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​និង​មាន​ខ្លឹមសារ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ដោយ​ សម្តេច​ បានធ្វើ​ការ​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ផ្នែក​សាសនា​ និង​គ្រប់​ដៃគូ​ពាក់ព័ន្ធ​នានា​ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ​ដើម្បី​បន្ត​រក្សា​ការពារ​ដើម្បី​ជីវភាព​ដ៏​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​សុខ​សន្តិភាព​ស្ថិរភាព​ និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​ក្រោយ​បញ្ចប់​សារ​របស់​ សម្ដេច ​ក្នុង​អង្គពិធី​ទាំងមូល​បាន​សាទរ​ទះដៃ​កងរំពង​ ដើម្បី​ជា​ភាព​កក់ក្តៅ​បំផុត​ដែល​ សម្ដេច​ បាន​ផ្ញើ​សារ​ដោយមាន​ការ​យកចិត្ត​ និង​សួរសុខទុក្ខ​ដល់​ជនរួមជាតិ​ទាំងអស់​ក្នុង​ខេត្ត​បាត់ដំបង​។​

​ក្នុង​ឱកាស​នោះដែរ ​លោក​មាស​ វិ​រិ​ទ្ធ ​បាន​រំលឹក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​ និង​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវតែ​ជៀស​ឲ្យ​ឆ្ងាយ​ និងឲ្យបាន​ជាដាច់ខាត ​កុំ​ពាក់ព័ន្ធ​,​កុំ​នៅ​ពីក្រោយ​ធ្វើជា​ខ្នងបង្អែក​,​កុំ​បន្ធូរ​បន្ថយ​ និង​កុំ​អន្តរាគមន៍​ក្នុងករណី ​នៃ​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួនឯង​ស្អាតស្អំ​ សមជា​មន្ត្រី​សាធារណៈ​មាន​គោលដៅ​បម្រើ​ប្រជាជន​ និង​ការពារ​សន្តិសុខ​សង្គម ​និង​រដ្ឋាភិបាល​ស្របច្បាប់​តែប៉ុណ្ណោះ​។​

លោក​បន្តថា​ នៅក្នុង​ពិធី​នេះដែរ ​ក្នុងនាម​លោក​តំណាង​ឲ្យ​សម្ដេច​ក្រឡាហោម ស​ ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះជួយ​ខេត្ត​បាត់ដំបង​ក៏​ដូចជា​ លោក​កែ​ គឹមយ៉ាន ​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ សូម​អំពាវនាវ​ទៅដល់​វិស័យ​ឯកជន​អ្នកវិនិយោគ​ ឬ​អាជីវករ​ដែលមាន​មុខ​របរ​ពាក់ព័ន្ធ​គ្រប់​ទីកន្លែង​ដែល​ងាយ​នឹង​ទទួលរង​នូវ​ការពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​ដាច់ខាត​មិនត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មិនត្រូវ​យក​អាជីវកម្ម​ស្របច្បាប់​ឆ្លៀតឱកាស​យក​ផលចំណេញ​ពី​ការប្រព្រឹត្ត​បទ​ល្មើស​គ្រឿងញៀន​ជាដាច់ខាត​។

​ក្នុង​អង្គពិធី​នេះ ​ក៏មាន​គ្រឿងញៀន​ជាច្រើន​ត្រូវបាន​ដុត​កម្ទេចចោល​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ស​ថ្លា​(​ម៉ា​ទឹកកក​ice)​ចំនួន​៣៨០,១៣​ក្រាម​,​ប្រភេទ​ថ្នាំ​គ្រាប់​WY​ចំនួន​៥១៩,៥​ក្រាម​។​ក្នុងនោះដែរ​ បើ​យោងតាម​របាយការណ៍​ពី​មន្ត្រី​ជំនាញ​នៃ​ស្នងការ​ខេត្ត​បានបង្ហាញ​ថា​ លើ​ករណី​គ្រឿងញៀន​នេះ ​សមត្ថកិច្ច​ជំនាញ ​នៃ​ស្នងការ​ខេត្ត​កន្លង​ទៅ បាន​អនុវត្តតាម​ដីកា​របស់​តុលាការ​បាន​ចំនួន​១៥​ដីកា ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៥​នាក់​ ស្រី​០​នាក់​,​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន​១៦៩​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៩៨​នាក់​ស្រី​២៤​នាក់​និង​ដកហូត​វត្ថុតាង​បាន​ដូចជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​៦១០៩៤​គ្រាប់​,​គ្រឿង​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​ICE)​ចំនួន​១១១២១​ក្រាម​,​ថ្នាំ​ប្រភេទ​ketamine​ចំនួន​០,២២​ក្រាម​,​ប្រភេទ​អ៊ិច​ស្តា​ស៊ី​(MCMA)​ចំនួន​១,០៤​ក្រាម​,​កញ្ឆា​ក្រៀម​ចំនួន​២,៤០​ក្រាម​,​កញ្ឆា​ស្រស់​ចំនួន​៣៥៦​ដើម​,​រថយន្ត​ចំនួន​០៣​គ្រឿង​,​ម៉ូតូ​ចំនួន​៦៨​គ្រឿង​,​ទូរស័ព្ទ​​ដៃ​ចំនួន​១៩៨​គ្រឿង​,​កាំភ្លើង​ចំនួន​០៥​ដើម ​ក្នុងនោះ​កាំភ្លើង​ពិត​២​ដើម​ និង​គ្រាប់​ចំនួន​៤៣​គ្រាប់​,​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១៥​ដើម ​រួម​នឹង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​៕

ដោយ ៖ ​សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114