ព័ត៍មានទាន់​ហេតុការណ៏
Search

U-18 កម្ពុជា ហ្វឹកហាត់​ជា​លើក​ទី​២ ត្រៀម​សម្រិតសម្រាំង​ពាន​យុវជន​ក្នុង​តំបន់​អាស៊ាន​

កីឡាករ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ចំនួន ២៨​រូប ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅ​ហ្វឹកហាត់​ម្ដង​រួច​មក​ហើយ នឹង​បន្ត​ចូលរួម​ហ្វឹកហាត់ ដំណាក់កាល​ទី​២ ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១៩​។​

ការ​ធ្វើ​តេស្ត​ឈុត​ចុងក្រោយ ដំណាក់កាល​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ក្រុម​នេះ​បាន​ហ្វឹកហាត់​ជុំគ្នា​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​ថ្មី លោក Gyotoku Koji ដែល​ជា​គ្រូ​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ផងដែរ​។ ក្រុម​នេះ​នឹង​ហ្វឹកហាត់​ម្ដងទៀត​ជា​លើក ចុងក្រោយ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ហើយនឹង​ធ្វើការ​ជម្រុះ​មក​នៅ​ត្រឹម​២៣​នាក់​ប៉ុណ្ណោះ ដែលជា​ជម្រើស​ចុងក្រោយ​។

យោង​តាម​លិខិត​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​យុវជន​ពី​ក្លឹប​ចំនួន ៨​នៃ​លី​គ​កំពូល​កម្ពុជា ដើម្បី​ធ្វើតេស្ត​សមត្ថភាព​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​ដដែល​ខាងលើ ធ្វើឡើង​នៅ​ប្រទេស​វៀតណាម នា​ខែសីហា ខាងមុខ​រួមមាន​មកពី ក្រុម​យុវជន​សាលា​បាល់ទាត់​បាទី ចំនួន​១៣​នាក់​, ព្រះ​ខ័ន​រាជ​ស្វាយរៀង ម្នាក់​, បឹងកេត ២​នាក់​, ណាហ្គា​វើ​លដ៍ ២​នាក់​, វិសាខា ៦​នាក់​, អគ្គិសនី​កម្ពុជា ម្នាក់​, អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ២​នាក់ និង​ភ្នំពេញ​ក្រោ​ន ម្នាក់​សរុប​ចំនួន​២៨នាក់។

គួរ​រំលឹក​ថា នៅ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា U-18 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហ​បុរី និង​អូស្ត្រាលី ខណៈ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា , ឥណ្ឌូណេស៊ី , ឡាវ , ទី​ម័​រ​ខាងកើត , ហ្វីលីពីន និង​ព្រុយ​ណេ ដោយ​ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៥ ខែសីហា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114