ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ សប្ដាហ៍​ទី​១៥ នៃ​លី​គ​កំពូល​កម្ពុជា ឈ្នះ​ចាញ់ ៦​គូ និង​ស្មើ​១​គូ

ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) សប្ដាហ៍​ទី​១៥ នា​ថ្ងៃទី​០១៣ និង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ បានបញ្ចប់​ទៅដោយ​រលូន ជាមួយនឹង​លទ្ធផល​ឈ្នះ ចាញ់ ៦​គូ និង​ស្មើ ១​គូ​។

*​គីរីវង់​សុខ​សែន​ជ័យ ១​ទល់​៤ វិសាខា
ការប្រកួត​រវាង​ក្រុម​ដែល​បានបញ្ចប់​ទៅដោយ​ម្ចាស់ផ្ទះ គីរីវង់​សុខ​សែន​ជ័យ​ត្រឹម ចាញ់​ក្រុម​ភ្ញៀវ​វិសាខា ១​ទល់​៤ ដោយ​នៅក្នុង​វគ្គ​ទី​១ គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​កើតឡើង​ពី​វិសាខា​ទាំងអស់ ធ្វើបាន​សម្រេច​ដោយ​កីឡាករ​នី​ហ្សេ​រី​យ៉ា Ajayi Opeyemi Korede ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​១៣ និង​នៅ​នាទី​២៤ និង​កីឡាករ​សញ្ជាតិ​កូរ៉េខាងជើង Park Song Chul បន្ថែម​គ្រាប់​ទី​៣ នៅ​នាទី​៣៥ មុននឹង​គ្រាប់​ចុងក្រោយ​រកបាន​ដោយ​កីឡាករ​ចាស់វស្សា ទៀង ទី​នី នៅ​នាទី​៣៩ ខណៈ​ម្ចាស់ផ្ទះ​សង​វិញ​បាន​មួយ​គ្រាប់​ដោយ​កីឡាករ​ប្រេ​ស៊ី​ល Marcio Da Silva Snatos នៅ​នាទី​៨០​។

*​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១​ទល់​១ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
សម្រាប់​ការប្រកួត​នេះ ក្រុម​តំណាង​ស្ថាប័ន​ប៉ូលីស ( អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ ) បាន​បើក​ការនាំ​មុខមុន​តាំងពី​វគ្គ​ទី​១ ដែល​រក​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ចំណូល​ថ្មី Souza Silva Matheus នៅ​នាទី​ទី​១០ ខណៈ​បាន​ត្រឹមតែ​៥​នាទី​នៃ​វគ្គ​ទី​២ កីឡាករ Coulibali Abdel Kader បា​នរក​គ្រាប់​តាម​ស្មើ​។ និង​បាន​រក្សា​លទ្ធផល ១​ទល់​១ នេះ​ដល់​ចប់​ការប្រកួត និង​ចែកគ្នា​ម្នាក់ ១​ពិន្ទុ​។​

*​ក្រសួងការពារជាតិ ០​ទល់​១ ណាហ្គា​វើ​លដ៍
​ជា​ការ​ប្រកួត​ដែល​ពិសេស​ជាងគេ​សម្រាប់​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ បាន​បញ្ចប់​ទៅ​ដោយ​ម្ចាស់ផ្ទះ​ការពារជាតិ រង​បរាជ័យ​ទាំង​មិន​អស់ចិត្ត ០​ទល់​១ ដោយមាន​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​នាម​ជា​ក្រុម​ខ្លាំង​ដូចគ្នា ចូលដល់​វគ្គ​ទី​២ គ្រាប់​បាល់​ក៏បាន​កើតមានឡើង​ដោយ​អូសបន្លាយ​ដល់​នាទី​៨២ ទើប​កីឡាករ​របស់​ណាហ្គា​វើ​លដ៍ អាច​ទាត់​បញ្ចូល​ទី​បាន​ដោយ គួច ដា​នី និង​នាទី​ដែល​សេសសល់​គ្រាប់​បាល់​មិនមាន​ទៀតឡើយ និង​រក្សា​លទ្ធផល ០​ទល់​១ នេះ​ដល់​ចប់​ការប្រកួត​។

*​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០ កំពង់ចាម
ហាក់​ចម្លែក​បន្តិច​ក្រុមបាល់ទាត់​ខេត្តកំពង់ចាម ដែល​តែងតែ​ត្រូវបាន​គូប្រកួត​យកឈ្នះ​មិន​សំចៃ​ដៃ​នោះ បែរ​ងាក​មករក​ស្ថាន​ភាពល្អ​បណ្ដើរៗ​ហើយ បន្ទាប់ពី​ចាញ់​ម្ចាស់ផ្ទះ អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០ បើ​ធៀប​ទៅនឹង​ជើង​ទី​១ កំពង់ចាម រង​បរាជ័យ​ដល់ទី ១១​ទល់​០​។

ការប្រកួត​នេះ​អង្គ​រថា​យ​ហ្គឺ​រ រក​គ្រាប់​បាល់​បានសម្រេច​ដោយ​កីឡាករ Okereke Timothy ២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៣៨ និង​៩០+៣ ស្រប​ពេល​ដែល​កីឡាករ​ចំណូល​ថ្មី Cozar Torres រកបាន​មួយ​គ្រាប់​នៅ​នាទី​៨៦ និង​ចុងក្រោយ Alexis Ramos នៅ​នាទី​៩០+១​។

*​បឹងកេត ៤​ទល់​០ អគ្គិសនី​កម្ពុជា
ប្រកួត​លើ​កីឡដ្ឋាន​ថ្មីស្រឡាង​របស់​ខ្លួន​នៅក្នុង​លី​គ បឹងកេត មិនបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ​ដោយ​អា​ចរក​ជ័យជម្នះ​បាន​ដល់​ទៅ ៤​គ្រាប់​និង​បិទ​មិន​ឲ្យ​គូប្រកួត​ទាត់​បញ្ចូល​ទី​ថែម​ទៀត​ផង​។

៤​គ្រាប់​របស់​បឹងកេត រក​បាន​ដោយ​កីឡាករ Ajayi Gbenga Samuel ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​៤៣ និង​៨៩ ស្រប​ពេលដែល ចាន់ វឌ្ឍនាកា រកបាន​មួយ​គ្រាប់​នៅ​នាទី​៤៥ និង​មួយ​គ្រាប់​ធ្វើបាន​ដោយ Julius​។

*​ភ្នំពេញ​ក្រោ​ន ១២​ទល់​១ យុវជន​សាលា​បាល់ទាត់​បាទី
​ជា​ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​ច្រើនជាង​គេ​នៅក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​ទម្រាំ​មាន​គ្រាប់​បាល់​កើតឡើង​ គឺ​បាន​អូសបន្លាយ​ដល់​នាទី​២៧ ទើប Dzarma Bata សម្រេច​គ្រាប់​ដំបូង​ឲ្យ​ភ្នំពេញ​ក្រោ​ន និង​ជា​បន្តបន្ទាប់​ដល់​ពេញ ៩០​នាទី​។ កីឡាករ​ដែល​រក​គ្រាប់​បាល់​ក្នុងការ​ប្រកួត​រួមមាន Dzarma Bata ៦​គ្រាប់​ម្នាក់ឯង នៅ​នាទី​២៧ ៣៦ ៥១ ៧២ ៨៤ និង​៩០+៣ ស្រប​ពេលដែល​កីឡាករ ៥​នាក់​ផ្សេងទៀត​រកបាន​ម្នាក់​មួយ​គ្រាប់​រួមមាន Paolo Victor នាទី​៤៤ យ៉ើ ម៉ូ​ស្លី​ម នាទី​៥៧ ម៉ៅ ពិសិដ្ឋ នាទី​៧៣ លឹម ពិសុទ្ធ នាទី​៧៤ កីឡាករ​ជា សុខ​ម៉េង ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​មួយគ្រា​ប់ និង Mustafa Zazai នៅ​នាទី​៨០ ខណៈ​យុ​វជ​សាលា​បាល់ទាត់​ជាតិ​បាទី សង​បាន​មួយ​គ្រាប់​ដោយ​កីឡាករ សេង សម្បត្តិ នៅ​នាទី​៨៨​។

*​ព្រះខ័ន​រាជ​ស្វាយរៀង ៦​ទល់​១ សូល​ទី​ឡូ​អង្គរ
ជា​ការ​ប្រកួត​ស្ថិតនៅ​លេខ​រៀង​ចុងក្រោយ​គេ ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល​ត្រ​ចេះ​ត្រចង់ ៦​ទល់​១ ដើម្បី​បន្ត​គម្លាត​នាំមុខ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​។

និយាយ​ពី​ការប្រកួត​កីឡាករ Privat Mbarga បាន​ក្លាយ​ជា​វីរៈបុរស​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​រកបាន​៤​គ្រាប់​ម្នាក់ឯង​នៅ​នាទី​២៣ ៥៣ ៧០ និង​៧៥ ខណៈ ហួយ ផល្លី​ន ជាមួយ ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន​ម្នាក់​មួយ​គ្រា​ប់​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង ស្រប​ពេល​ដែល លី សា​រ័ត្ន រកបាន​មួយ​គ្រាប់​ឲ្យ​សូល​ទី​ឡូ​អង្គរ​។

សូម​បញ្ជាក់​ថា លី​គ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការប្រកួត​ជើង​ទី​១​ហើយ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១៩ សប្ដាហ៍​មុន ខណៈ​ចាប់ពី​សប្ដាហ៍​នេះ​ទៅ​គឺជា​ការប្រកួត​ក្នុង​ជុំ​ទី​២ ដោយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩​នេះ តាមរយៈ​ក្រុម​ដែលមាន​ពិន្ទុ​លើ​គេ​នឹង​ទទួលបាន​ជើងឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ផ្ទាល់​តែម្ដង​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114