ព័ត៍មានទាន់​ហេតុការណ៏
Search

នេះ​ឬ​ជា​ភាព​កម្សោយ​របស់​តារា​សិល្បៈ​ខ្មែរ​ ដែល​ត្រូវតែមាន​ការ​កែប្រែ ​និង​បោះបង់​ទម្លាប់​អាក្រក់​នេះ​ចោល​?

ភ្នំពេញ ​៖​ ជា​ការ​កត់សម្គាល់​​​​ ​តារា​សិល្បៈ​ខ្មែរ​(​ចម្រៀង​-​សម្ដែង​)​នា​ពេល​បច្ចុប្បន្ន​ ហាក់​កាន់តែ​មានការ​កើន​ឡើង​ជា​លំដាប់​ ដែល​ចំនួន​នេះ ​ស្ទើរតែ​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ ​ឬ​មុខមាត់​តារា​ប្រុស​-​ស្រី​ទាំងនោះ​គ្រប់គ្នា​បាន​ឡើយ ​ពោល​គឺ​ភាគច្រើន​អ្នកគាំទ្រ​កត់ចំណាំ​រាល់​តួ​សម្តែង​ណា​ដែលមាន​សមត្ថភាព​ពិតប្រាកដ​និង​លេច​វត្តមាន​សម្តែង​ពីមុនៗ​មក​តែប៉ុណ្ណោះ​។​

ត្រង់ចំណុច​នេះហើយ​ទើប​កន្លងមក​មាន​មហាជន​និង អ្នកសិល្បៈ​រួម​អាជីព​ដូចគ្នា​មួយចំនួន​តែង​បង្ហាញ​ការរិះគន់​ទាក់ទង​នឹង​ករណី​ដែលជា​ទម្លាប់​មិនល្អ​របស់​តារា​ស្រុក​ខ្មែរ​មក​ធ្វើជា​ប្រធានបទ​ជជែក​វែក​ញែក​ជា​បន្តបន្ទាប់​។​

ដោយឡែក​ជាមួយគ្នានេះដែរ​កម្ពុជា​ថ្មី​នៅថ្ងៃនេះ​សូម​នាំ​អារម្មណ៍​របស់​ប្រិយមិត្ត​អ្នកអាន​មក​ស្វែងយល់​និង​ពិចារណ​ខ្លះៗ​នូវ​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​មួយចំនួន​របស់​តារា​សិល្បៈ​ស្រុក​ខ្មែរ​ដែល​ត្រូវបាន​តារា​សម្តែង​លោក​អ៊ឹម ជីវ៉ា លើកឡើង​បង្ហាញ​ជា​សាធារណៈ​។​

បើ​យោងតាម​ខ្លឹមសារ​រៀបរាប់​ភ្ជាប់​ជាមួយនឹង​រឿងរ៉ាវ​របស់​តារា​ស្រុក​ខ្មែរ​មួយចំនួន​ត្រូវបាន​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា លើកឡើងថា សូម​ផ្ញើជូន​អ្នកសិល្បៈ​មួយចំនួន ! ពេល​អ្នកសិល្បៈ​អាច​សម្តែង​អាច​ច្រៀង​រាំ​បាន​មិន​ព្រម​ជួយ​ហៅ​គ្នា​ទៅ​ថត ​ទៅ​កម្មវិធី​ឲ្យ​គ្នា​មានការ​ងារ​ធ្វើ​ទេ ដល់ពេល​គ្នា​ឈឺ ធ្លាក់ខ្លួន​ក្រ ឬ​ស្លាប់​បាននាំគ្នា​ជួយ​។​ ឲ្យ​តែ​អញ្ចឹង​គឺ​វា​អាច​ក្លាយទៅជា​ទម្លាប់​ទៅ​ថ្ងៃមុខ​ ដែល​គេ​តែងតែ​តែ​និយាយថា ​ពេល​មាន​លុយ​ដើរ​ហ៊ឺហា ឈឺ​កាលណា​សុំ​អំណោយ។

លោក អ៊ឹម ជីវ៉ា បាន​បន្តថា ​រាល់ថ្ងៃនេះ​អ្នកសិល្បៈ​មាន​ច្រើនជាង​ទីផ្សារ​ដែល​ត្រូវការ​ឬ​ឯ​ការប្រកួតប្រជែង​រប​ស់​អ្នកសិល្បៈ​ក៏​ធ្លាក់​តម្លៃ​ទៅតាម និង រួមផ្សំ​ជាមួយនឹង​ការ​ព្រ​ងើយ​កន្តើយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត ​វា​កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​កម្សោយ​ក្នុង​វិស័យ​សិល្បៈ​រហូត​ធ្វើ​អោយ​អ្នក​សិល្បៈ​ខ្លះ​ដល់​ថ្នាក់​ចូល​ថត​ដោយ​មិន​យក​ថវិកា។

​លោក​បញ្ជាក់ថា ​ភាពចុះ​ខ្សោយ​របស់​តារា​សិល្បៈ​ក្នុងស្រុក​យើង​ដោយសារតែ អ្នកសិល្បៈ​ភាគច្រើន​មិនបាន​ចូល​សាលា​សិល្បៈ​គ្មាន​មូលដ្ឋាន​គ្រឹះ​ (​ក្បាចបាត​) ,​ចូល​សិល្បៈ​តាមរយៈ​ខ្សែ​អូសទាញ , ការ​សម្តែង​នៅ​មានកម្រិត , តម្លៃ​ក្នុង​ការ​ថត​បាន​តិច​ តែ​ចំណាយ​ច្រើន , ហៅ​តែ​តួ​ដដែល​ៗ​, ថត​អោយតែបាន , បច្ចេកទេស​នៅមានកម្រិត , ដាក់​បញ្ចាំង​តាម​រោង​មិន​ចំណេញ , រឿង​មួយ​ចំនួន​មានតែ​ទេសភាព​តែ​គ្មាន​គុណភាព, ពេល​កម្មវិធី​សប្បាយ​ឃើញ​មុខ​រហូត ដល់​ពេល​មាន​បុណ្យ​សព​បាត់​មុខ​អស់។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​និយាយ​ទៀត​ថា អ្នក​សិល្បៈ​ប្រកាន់​បក្សពួក , បាន​ល្បី​បន្តិច​កើត​ជំងឺ​តួឯក កើត​ជំងឺ​បូស​ក្លៀក, អ្នកសិល្បៈ​ខ្លះ​បាន​ថត​ចម្រៀង​មួយ​បទ​សោះ ​ឫកពា​ខ្លាំង​ជាង​រដ្ឋមន្ត្រី​ទៀត , ប្រជាជន​ខ្មែរ​មិនសូវ​គាំទ្រ​, អ្នកដឹកនាំ​សិល្បៈ​មួយចំនួន​គាត់​មិនចេះ​ស្វែងយល់​សិក្សា​ពី​បរទេស​ខ្លះ​ទេ​ជាដើម​។ ​ដោយសារ​ប្រទេស​យើង​មាន​សង្គ្រាម​សិល្បៈ​ស្រុក​យើង​ដើរ​យឺត​ជាង​សិល្បៈ​ប្រទេសជិតខាង​ជិតខាង​ជាង​៥០​ឆ្នាំ​ ដែល​ធ្វើ​ឲ្យ​សិល្បៈ​យើង​នៅមានកម្រិត ទាំង​វិស័យ​ចម្រៀង , ខ្សែ​​ភាពយន្ត , និង​ទស្សនីយភាព​ផ្សេងៗ​, ។

លោក អ៊ឹម ជីវ៉ា បន្ថែមថា​ បើសិនជា​អ្នកសិល្បៈ និង​អ្នកដឹកនាំ​សិល្បៈ​និង​ស្ថា​ប័ន ​ដែល​ពាក់ព័ន្ធ មិន​ព្រម​ភ្ញាក់​ពី​ដំណេក នៅតែ​យប់យន់​សុបិន​ច្រើន មិន​ព្រម​បើកភ្នែក​មើល​សិល្បៈ​បរទេសជិតខាង​គេ​ដើរ​ដល់​ណា​ហើយ ហើយ​មិន​ព្រម​ទទួលស្គាល់​ការពិត​ទៀត សិល្បៈ​ស្រុក​យើង​នៅតែ​ប៉ុណ្ណឹង មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ។ ខាង​លើ​នេះ​វា​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ជ្រុង​តូច​របស់ខ្ញុំ​តែប៉ុណ្ណោះ​សង្ឃឹម​ការដែល​រៀន​បន្ថែម​មើល​ឲ្យ​ច្រើន សម្លឹង​ឲ្យ​ឆ្ងាយ ហើយ​ចេះ​ទទួលស្គាល់​កំហុស និង​សមត្ថភាព​ពិត​របស់ខ្លួន​ គឺ​ធ្វើអោយ​យើង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

ជាមួយគ្នា​នោះ​ក៏មាន​ការយល់ស្រប​នឹង​ទស្សនៈ​របស់​លោក​អ៊ឹម ជីវ៉ា បែបនេះ​ថា ​អ្វីដែល​ខ្ញុំ​តែងតែ​គិត​និង​ប្រៀបធៀប ប្រទេស​យើង​និង​ប្រទេសជិតខាង​បង​(​អ៊ឹម ជីវ៉ា​)​ពិតជា​និយាយ​ត្រូវ​មែន ពួក​បងៗ​សិល្បៈ​មួយចំនួន​ល្មម​ភ្ញាក់​ពី​គេង ងើប​មក​រួបរួម​លើកមុខ​មាត់​ជាតិ​ហើយ កុំ​រវល់​តែ​ប្រកួតប្រជែង​យកមុខយកមាត់​តែឯង​​​នឹង​អី៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114