ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ត្រឡប់មកវិញ​ជាថ្មី​របស់ ចាន់ វឌ្ឍនាកា រក​គ្រាប់​បាល់​បាន​គ្រប់​ប្រកួត​ឲ្យ​បឹងកេត​

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កីឡាករ​ប្រជាប្រិយភាព ចាន់ វឌ្ឍនាកា បាន​សាង​ភាព​ភ្ញាក់ផ្អើល ក្នុង​ការ​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្លិប​ចាស់​របស់ខ្លួន បឹងកេត អេ​ហ្វ​ស៊ី សាជាថ្មី ក្រោយ​បង្ហាញខ្លួន ៤​ប្រកួត និង​តែងតែ​រកបាន​គ្រាប់​បាល់​គ្រប់​ប្រកួត​។

ទទួល​បាន​ឱកាស​លេង ២​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ វឌ្ឍនាកា រកបាន ៤​គ្រាប់ ក្នុងនោះ​ធ្វើបាន​៣​គ្រាប់ ក្នុង​១​ប្រកួត កាលពី​ជើង​ទី​១ ដែល បឹងកេត យកឈ្នះ ខេត្តសៀមរាប ៥-០ និង​ជើង​ទី​២ យកឈ្នះ ៣-០ ។

​រីឯ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា ជើង​ទី​២​វិញ កាលពី​សប្តាហ៍​ទី​១៤ កីឡាករ​ជំនាញ​ជើងឆ្វេង​រូបនេះ រកបាន ២​គ្រាប់​ក្នុង​ជំនួប​ប្រចាំ​សប្តាហ៍​ទល់នឹង ភ្នំពេញ​ក្រោ​ន ដែល​បញ្ចប់​ក្នុង​លទ្ធផល ៤-៤ និង​ក្នុង​សប្តាហ៍​ទី​១៥ រកបាន ១​គ្រាប់​បន្ថែមទៀត ជួយ​ឱ្យ​បឹងកេត បំបាក់​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា​កន្លងទៅ​។

​និយាយ​អំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​ការវិលត្រឡប់​ដ៏​ល្អ​នេះ វឌ្ឍនាកា បាន​សម្តែង​ភាព​រីករាយ​ថា « ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង ដែល​ការវិល​មកវិញ​ពេលនេះ អា​ចរក​គ្រាប់​បាល់​បានជា​បន្តបន្ទាប់ តែ​ក៏​អរគុណ​ដល់​មិត្ត​រួម​ក្រុម ដែល​បាន​ជួយ​ខ្ញុំ​ធ្វើ​រឿង​ទាំងនេះ » ។ វឌ្ឍនាកា បញ្ជាក់​ផងដែរ​ថា ការ​មក​ចូលរួម​ជាមួយ​បឹង​កេត​លើក​នេះ ល្អ​ជាង​ឆ្នាំមុន ដោយសារតែ​លើក​នេះ​ខ្លួនគេ ពុំមាន​របួស​ឡើយ និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​នានា ខុសប្លែក​ពីមុន​ដែល​រូបគេ​មាន​របួស និង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ឡើយ។

ចំពោះ​ស្ថិតិ​គ្រាប់​បាល់ ៣​គ្រាប់​ក្នុង​លី​គ ត្រឹម​២​ប្រកួត​នេះ វឌ្ឍនាកា មិន​រំពឹងថា​ អាច​ប្រជែង​ពានរង្វាន់​ស្បែកជើង​មាស​បាន​ឡើយ ដោយ​លើក​ឡើង​ថា ខ្លួន​ខកខាន​កាលពី​ជើង​ទី​១ រួច​ទៅ​ហើយ និង​ក្នុងពេលដែល​បច្ចុប្បន្ន​ក្លិប​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់ មានន័យថា​រូបគេ​សុំ​ត្រឹម​អាច​ជួយ​ក្លិប​ឲ្យ​ឈ្នះ​ក្នុង​ការ​ប្រកួត​ខាងមុខ​ប៉ុណ្ណោះ ដើម្បី​អាច​ប្រជែង​ពានរង្វាន់​បាន។

​គួរ​រំលឹក​ថា ចាន់ វឌ្ឍនាកា បានមក​ចូលរួម​ជាមួយ​បឹងកេត ក្រោយ​ចប់​ជុំ​ទី​១ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ ពោលគឺ​បន្ទាប់ពី​រូបគេ​ចាក​ចេញពី​ក្លិប PKNS FC នៅក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី និង​បដិសេធ​ការ​ទៅ​ចូលរួម​ជាមួយ​ក្លិប​ធំៗ​ផ្សេងទៀត​ទាំង​នៅ​ថៃ និង​ម៉ាឡេស៊ី៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114