ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េ​ចុះ​កម្មសិក្សា​និង​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ចន្ទ ១៤​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា​ស៊ឹម សូ​រិ​យ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​ទទួល​ស្វាគមន៍​កម្មសិក្សាការី​កូរ៉េ​ចុះ​មក​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ CHUNHO YEOM ប្រធាន​គណៈប្រតិភូ និង​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ SEOUL​។

ថ្លែង​ក្នុង​កម្មវិធី​ទទួល​ស្វាគមន៍​កម្មសិក្សាការី​កូរ៉េ​នា​ឱកាស​នោះ លោក​អគ្គនាយក​បាន​ជម្រាប​គណៈប្រតិភូ​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

លោក​អគ្គនាយក​បាន​បង្ហាញ​គណៈប្រតិភូ​ពី​តួនាទី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការ​ចូលរួម​អនុវត្ត​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ខាងលើ ដោយ​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ក៏ដូចជា​ផែនការមេ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាពិសេស​ផែនការមេ​គ្រប់គ្រង​ទឹក​កខ្វក់ និង​ទឹកភ្លៀង​។

លោក វ៉ា​ស៊ឹម សូ​រិ​យ៉ា បាន​សម្ដែង​នូវ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ដែល​បានសម្រេច​ជ្រើស​រើស​យក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធ្វើ​កម្មសិក្សា​លើ​ប្រធានបទ​ជាក់លាក់​របស់​ខ្លួន និង​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​សួរដេញដោល ចែករំលែក និង​ក្រេប​យកចំណេះ​ដឹង និង​បទពិសោធន៍​ដ៏​មានតម្លៃ​ទាំងនេះ​ទុកជា​ឈ្នាន់​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​ប្រទេសជាតិ​មាតុភូមិ​របស់​យើង​។

សូម​បញ្ជាក់​ថា គណៈប្រតិភូ​កម្មសិក្សាការី​កូរ៉េ​ចុះ​មក​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នា​ពេល​នេះ មាន​ចំនួន ១១​រូប ដោយ​បំពេញ​ទស្សនកិច្ច​សិក្សា​រយៈពេល ៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ ទី​១៦ និង​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។ កម្មសិក្សា​នេះ​ផ្ដោត​ជា​សំខាន់​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា ក៏ដូចជា​ការ​ចែករំលែក​បទពិសោធន៍​ល្អ​លើ​វិស័យ​នេះ​ពី​សំណាក់​គណៈប្រតិភូ​ផងដែរ៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114