ព័ត៍មានទាន់​ហេតុការណ៏
Search

កុមារ​កម្ពុ​ជា មាន​ជំងឺ​បេះដូង​ចំហ​ចំនួន​៣១​នាក់​ហើយ ដែល​ទទួលបាន​ការព្យាបាល​ដោយ​ជោគជ័យ​និង​មិន​គិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ខេត្ត យូ​ណាន ប្រទេស​ចិន

ភ្នំពេញ ៖ កុមារ​កម្ពុជា ​ដែលមាន​ជំងឺ​បេះដូង​ចំហ​ចំនួន​៣១​នាក់​ហើយ ត្រូវបាន​ក្រុមគ្រូពេទ្យ ក្នុង​ខេត្ត យូ​ណាន ប្រទេស​ចិន​ជួយ ព្យាបាល​ទទួលបាន​ជោគជ័យ ហើយ​និង​បន្ត​ជួយ​ព្យាបាល​កុមារ​ដែល មាន​ជំងឺ​បេះដូង​បែបនេះ​បន្ថែមទៀត។​

លោក​វេជ្ជបណ្ឌិត ម៉ា លីន​ឃុន អនុប្រធាន​មន្ទីរ ពេទ្យ​បេះដូង​ហ្វូ​វ៉ា​យ ខេត្ត យូ​ណាន​បាន​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្ដីពី «​ជំងឺ​បេះដូង​ចំហ ពី​កំណើត​របស់​កុមារ​» ថា ដោយមាន​ការសហការ ពី​ក្រុម​គ្រូពេទ្យ​កម្ពុជា លោក បាន​ចុះទៅ​កាន់​សាលារៀន ចំនួន​៣៨ កន្លែង នៅតាម​បណ្តា ខេត្ត​ចំនួន​៥ ហើយ​បាន​ស្វែងរក​កុមារ ដែល​សង្ស័យ មាន​ជំងឺ​បេះដូង ចំហ ពី​កំណើត​មាន​ចំនួន​១៨១៦៦​នាក់ និង​បាន​រកឃើញ​កុមារ ដែល​កើត​ជំងឺ​បេះ​ដួង ចំហ​នេះ ១១៣​នាក់ និង​បានធ្វើការ​ព្យាបាល​បាន​ចំនួន​៣១​នាក់ ហើយនឹង​យក​កុមារ​៦​នាក់ ទៀ​តទៅ​ព្យាបាល​នៅ​ប្រទេស​ចិន នៅ​ថ្ងៃទី​១៦​កក្កដា​នេះ។

លោក​បន្ថែមថា កុមារ​ដែល​ត្រូវ​យកទៅ​ព្យាបាល​នៅ​ប្រទេស​ចិន​នោះ ​ត្រូវបាន​យកចិត្តទុកដាក់ និង​មើលថែ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ព្រមទាំង​មានការ​ផ្គត់ផ្គង់​ពី​ជា​សម្ភារៈ ការហូបចុក ស្នាក់​នៅ​ជាដើម ។​

ទាក់ទិន​នឹង​ការព្យាបាល​នេះដែរ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កោតសរសើរ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​មន្ទីរពេទ្យ​បេះដូង ហ្វូ​វ៉ា​យ ខេត្ត​យូ​ណាន និង​ក្រសួងសុខាភិបាល​ក្នុងការ​ផ្តល់នូវ​សេវា​ព្យាបាល និង​វះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​នេះ។

លោក​បញ្ជាក់ថា «​ខ្ញុំ​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​សុខភាព​ល្អ ក្រោយពី​ការវះកាត់​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន របស់​កុមា​រទាំង​៣១​រូប ដែល​ក្នុងនោះ​២៩​រូប មកពី​ខេត្តបាត់ដំបង និង​២​រូប​មក​ពី​ស្រុក​បាទី ខេត្តតាកែវ ដែល​នេះ​ជា​សក្ខីភាព​យ៉ាង​ល្អ​នូវ​ការជួយជ្រោមជ្រែង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​របស់​មន្ទីរពេទ្យ​បេះដូង ខេត្ត​យូ​ណាន ហើយក៏​ជាការ​បញ្ជាក់​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​ក្រុមគ្រូពេទ្យ​នៃ​ប្រទេស​យើង​ទាំងពីរ​លើ​វិស័យ​សុខាភិបាល​និយាយ​រួម​លើ​ផ្នែក​វះកាត់ និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​នេះ។​

លោក​បន្ថែមថា ការបកស្រាយ​ពន្យល់​ពី​ជំងឺ​បេះដូង​ចំហ​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​ប្រកបដោយ​ពុទ្ធិ និង​បទពិសោធន៍​យ៉ាង​ជ្រៅជ្រះ​ពី​ជំងឺ​នេះ ​នឹង​ក្លាយជា​ធាតុ​ចូល​សំខាន់​បន្ថែមទៀត​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា ហើយក៏​ជា​ចំណេះដឹង​បន្ថែម​ដល់​អាណាព្យាបាល​ប្រជាជន​កម្ពុជា​ផងដែរ។

សិក្ខាសាលា​នេះ ​ក៏​នឹង​ផ្តល់នូវ​ការយល់​បន្ថែម​ជូន​ដល់​គ្រូពេទ្យ​កម្ពុជា​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​វិធីសាស្ត្រ​វះកាត់​ស្របតាម​និយាម​វេជ្ជសាស្ត្រ​ទំនើប​របស់​មិត្ត​ចិន​ផងដែរ។ ជាមួយគ្នា​នោះ​ដែរ លោក​រដ្ឋលេខាធិការ​ ក៏​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​ជា​និច្ចកាល​បាន​យកចិត្តទុកដាក់ និង​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក បច្ចេកទេស ដល់​កិច្ចសហការ​លើ​ការពិនិត្យ ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ទៀត​ផង ។​

ចំណែក​លោកស្រី Zuon Wen Xing តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា ការជួយ​ព្យាបាល​កុមារ​ដែលមាន​ជំងឺ​បេះដូង​ចំហ​នេះ​ក៏បាន​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ចិន​កាន់តែ​រឹងមាំ​បន្ថែមទៀត ។ លោកស្រី​បញ្ជាក់ថា ៖«​ការព្យាបាល​កុមារ​នេះ​នឹង​ក្លាយជា​រឿង​និយាយ​នៅពេល​អនាគត។ ខ្ញុំ​សង្ឃឹមថា កុមារ​ដែល​ទទួលបាន​ការព្យាបាល​សះស្បើយ ​នឹង​ក្លាយ​ជា​អ្នក​បន្តវេន ក្នុង​បេសកកម្ម​ចំណងមិត្តភាព ចិន និង​កម្ពុជា​ផងដែរ​»។​

ចំណែក​លោក ដា​នី ដែលមាន​កូន​កើត​ជំងឺ​បេះដូង​ចំហ ហើយ​ត្រូវបាន​ក្រុម​គ្រួ​ពេទ្យ​ព្យាបាល​ទទួល​ជោគជ័យ​បាន​និយាយ កូន​របស់លោក​មាន​អាយុ​៧​ឆ្នាំ មាន​ជំងឺ​បេះដូង​ចំហ​តាំងពី​កំណើត ត្រូវបាន​ក្រុមគ្រូពេទ្យ​ចិន​នៅ​ខេត្ត​យូ​ណាន​ព្យាបាល​ទទួលបាន​ជោគជ័យ។

លោក​បន្តថា កូន​របស់លោក​ទើបតែ​ត្រឡប់​មកពី​ការព្យាបាល​នៅ​ប្រទេស​ចិន។

លោក​ថា នៅពេល​បញ្ជូនទៅ​ប្រទេស​ចិន​លោក​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូន​ដែរ ប៉ុន្តែ​ការយកទៅ​ព្យាបាល​នេះ​ត្រូវមាន​ការព្រមព្រៀង ហើយ​មានការ​ទទួលស្គាល់​ពី​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​យ៉ាង​ច្បាស់លាស់។

ជាមួយគ្នា​នោះដែរ លោក​ក៏​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល​ដែលមាន​កូន​កើត​ជំងឺ​បេះដូង​ចំហ​ធ្វើការ​ទាក់ទង​ទៅកាន់​អង្គការ​អ៊ី​នទី ឬ​ក្រសួងសុខាភិបាល ដើម្បី​ទទួលបាន​ព្យាបាល។​

សូមជម្រាបថា សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​បេះដូង​ហ្វូ​វ៉ា​យ​ខេត្ត​យូ​ណាន និង​អង្គការ​អ៊ី​ន គឺ​ពិតជា​ឆ្លើយតប​ទាន់ពេលវេលា​នូវ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ឈ្វេង​យល់​បន្ថែមទៀត​ពី​ជំងឺ​បេះដូង​ចំហ ហើយក៏​ជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​ការបម្រើ​សេវាកម្ម​សុខភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​ដល់​មូលដ្ឋាន​ផងដែរ៕​

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114