ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​កាមរី​បា​ឡែ​ន ​បើក​បុក​រថយន្ត​ធុន​ធំ​ ទិសដៅ​ច្រាស​គ្នា សង្ស័យ​អ្នកបើកបរ​បើក​ងោក ឬ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​

កំពង់ឆ្នាំង ​៖​ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​​ រង​របួស​ធ្ងន់​ និង​ស្រាល ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៩​និង​១១០ ស្ថិតក្នុង​ភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ដែល​សមត្ថកិច្ច​សង្ស័យ​ថា​អ្នកបើកបរ​ងោក។

សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊្វុយ​ហ្សូ​ពណ៌​ទឹកសមុទ្រ ក្បាល​ពណ៌​ស​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 3303 បើកបរ​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។

លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក កាមរី បា​ឡែ​ន ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​បាត់ដំបង 3B. 2751 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ក្នុង​ដំណើរ​ច្រាស់​ទិស​គ្នា ដោយ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​បា​ឡែ​ន​២​នាក់ (​ម្នាក់​ស្រី​) បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ដឹក​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​ធុន​ធំ ក៏​ខូចខាត​ផ្នែក​ខាងមុខ​ផងដែរ​។

រថយន្ត​ទាំង​២​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់។

​ដោយឡែក សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សង្ស័យ​ថា​អ្នក​បើក​បរ​រថយន្ត​កា​ម​រី​បា​ឡែ​ន បើក​ងោក​មួយភាំង ឬ បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ធុន​ធំ នៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​បែបនេះ​៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114