ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​នាំ​យក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត ​ក្នុង​ខេត្ត​សៀមរាប​

សៀមរាប ៖ សម្រាប់​ឱកាស​ពិធីបុណ្យ​ចូល​វស្សា​ឆ្នាំនេះ ក៏​ដូចជា​បណ្តា​ឆ្នាំមុនៗ​ដែរ លោក ស៊ុន​ចាន់ថុល ទេសរដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន រួមជាមួយ​មន្ត្រី​ក្រោម​ឱវាទ ​តែងតែ​នាំយក​ទៀន​ចំណាំ​វស្សា​និង​ទេយ្យវត្ថុ​មួយចំនួន​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​តាម​បណ្តា​វត្ត​ជាច្រើន​ក្នុង​ទូទាំងប្រទេស​កម្ពុជា ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ស្រប​ពេលនេះ​គឺជា​រដូវ​កាលដែល​បងប្អូន​ពុទ្ធបរិស័ទ​កាន់សាសនា​ព្រះពុទ្ធ ត្រូវធ្វើ​វដ្ត​ប្រតិបត្តិ ក្នុង​កំឡុង​ដែល​ព្រះសង្ឃ​ចូល​ព្រះវស្សា ហើយក៏​ជា​តម្រូវការ ចាំបាច់​របស់​ព្រះ​ភិក្ខុសង្ឃ​គ្រប់​អង្គ ត្រូវការ​នូវ​ទេយ្យវត្ថុ​និង ចតុបច្ច័យ​សម្រាប់​ស្វាធ្យាយ​សិក្សា​រៀនសូត្រ​ព្រះធម៌​គម្ពីរ​ក្បួនខ្នាត​ផ្សេងៗ​ក្នុង​រដូវ​ចូល​វស្សា​រយៈពេល​៣​ខែ។

ជាក់ស្តែង​នៅ​ថ្ងៃទី​១៤​ និង​ ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល និង​សហការី បាន​នាំ​យក​ទៀន​ចំណាំ​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន ៦​ក្នុង​ខេត្តសៀមរាប រួមមាន វត្ត​រាជ​បូ​ណ៌ វត្ត​ព្រះព្រហ្ម​រ័ត្ន វត្ត​អង្គរ​ខាងត្បូង វត្ត​អង្គរ​ខាងជើង វត្ត​បាលី​ដំរី​ក្រាប ហៅ​វត្ត​ជុប​ទួល​ពពេល និង​វត្ត​ព្រះអង្គ​ធំ លើ​ខ្នងភ្នំ​គូលែន ព្រមទាំង​ទីសក្ការៈ​បូជា​ផ្សេងទៀត មានព្រះអង្គ​ចេក​ព្រះអង្គ​ចម ជាដើម​ផង​ដែរ។ ​វត្ត​នីមួយៗ​ទទួលបាន​ទៀន​ធំ​សម្រាប់​ចំណាំ​ព្រះវស្សា​១គូ បច្ច័យ​ចំនួន​២​លាន​រៀល រួម​ជា​មួយ​ទេយ្យវត្ថុ​ និង​គ្រឿង​ឧបភោគបរិភោគ​១៣​មុខ​ទៀត​រួមមាន​ ៖ ​សាដក អង្គរ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អំបិល ស្ករស ទឹកដោះគោ​ម្សៅ ទឹក​សុទ្ធ ទឹកក្រូច អន្សម នំ​បត់ ជាដើម។

លោក​ទេសរដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ការគោរព​ និង​ជឿជាក់ ក្នុងនាម​ជា​ពុទ្ធសាសនិក និង​បានចាត់ទុក​ការ​នាំយក​នូវ​ទៀន​វស្សា​និង​ទេយ្យទាន​យក​មក​វេរ​ប្រគេន​ព្រះសង្ឃ​នេះ គឺ​សម្រាប់​ព្រះសង្ឃ​ក្នុង​ទុក​ប្រើប្រាស់​នៅក្នុង​ទីវត្ត។

លោក ស៊ុន ចាន់ថុល បាន​អុជ​ធូប​ទៀន និង​ថ្វាយ​ផ្កាភ្ញី​ដល់​ព្រះពុទ្ធ​រូប និង​បាន​ឧទ្ទិស​បុណ្យ​កុសល​រំលឹក​នឹក​គុណ​ទៅដល់ មាតាបិតា ញាតិកា​ទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ ជាពិសេស រំលឹក​នឹក​គុណ ដល់​អតីត​វីរ​យុទ្ធជន​យុទ្ធ​នារី​កងទ័ព និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ទាំងអស់​ដែល​បាន​បាត់បង់ ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា សូម​ឲ្យ ដួង​វិញ្ញាណក្ខន្ធ លោក​អ្នក​ទាំង​អស់​នោះ​ទៅកាន់​សុខ​គតិ​ភព​ជា​រៀង​ដរាប​ទៅ៕

ដោយ ៖ គឿន វេត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114