ព័ត៍មានទាន់​ហេតុការណ៏
Search

ទណ្ឌិត​ក្នុង​ពន្ធនាគារ​ម្នាក់ ​នៅ​​សល់​តែ​១​ឆ្នាំ​ទៀត​រួច​ទោស ​បែរ​ជា​ស្លាប់​ដោយ​ជំងឺ​លើស​ឈាម​ទៅ​វិញ

តាកែវ ​៖ ​អ្នកទោស​ ដែល​កំពុង​ជាប់ពន្ធនាគារ​ខេត្ត​តាកែវ​ម្នាក់​ បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ​ ដោយ​គណៈកម្មការ​ចម្រុះ​ថា បណ្ដាល​មក​ពី​ជំងឺលើសឈាម​ធ្វើ​ទុក្ខ​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

ជា​រឿង​នឹកស្មាន​មិន​ដល់​ដែល​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្ត​ម្នាក់​ជាប់ទោស​១៥​ឆ្នាំ​មក​ហើយ ​បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ បង្ក​ការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២១​និង​១០​នាទី ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩​។

ទណ្ឌិត​ដែល​ស្លាប់​មានឈ្មោះ គុច ធី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​បាន​ជាប់ពន្ធនាគារ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០០៤ មានទោស​ក្នុង​បទល្មើស​ប្លន់ និង​ត្រូវ​ជាប់ពន្ធនាគារ​១៦​ឆ្នាំ​។ ក្រោយ​មាន​ទណ្ឌិត​ស្លាប់​មន្ត្រី​ពន្ធនាគារ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​លើ​ស​ពភ្លាមៗ​ផងដែរ ដែលមាន​សមាសភាព​ចូលរួម​ពី លោក​អនុប្រធាន​ពន្ធនាគារ លោក​អនុប្រធាន​ការិយាល័យ​ពន្ធនាគារ លោកនាយ​ផ្នែក​ពន្ធនាគា​រ លោកគ្រូ​ពេទ្យ​ប្រចាំ​ពន្ធនាគារ លោក​វេជ្ជបណ្ឌិត និង​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តតាកែវ​ផងដែរ​។ ក្រោយ​ដំណើរការ​ពិនិត្យ​របស់​គណៈកម្មការ​ចម្រុះ បង្ហាញ​ថា នៅលើ​សព​ទណ្ឌិត​មិនបាន​រក​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ បណ្តាលមកពី​ធ្វើ​ទារុណកម្ម​ទៅលើ​ជនរងគ្រោះ​នោះទេ​។​

ចុងក្រោយ​ គណៈកម្មការ​ចម្រុះ ​បានចេញ​សេចក្ដី​សន្និដ្ឋានថា គាត់​ស្លាប់​ដោយ​សុខភាព​ផ្ទាល់ខ្លួន គឺ​មាន​ជំងឺលើសឈាម​ និង​បាន​ប្រគល់​សព​ឲ្យ​ប្រពន្ធ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ វីរៈ​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114