ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​TV5 Knock Out ជុំ​ទី​១​លើក​ទី​២ ៖ សូត្រ ខេ​វិ​ន ជួប ថន ភឿ​ត , លី តឿន ជួប តាំង តាក់​

​ការប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​TV5 Knock Out Seriesby K.Cement រដូវ​កាល​ថ្មី​ទម្ងន់​៦០​គីឡូក្រាម ​លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​លើក​ទី​២​ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​បន្តទៀត ។​

​សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២​នេះ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក នឹង​ជួប​ប្រកួត​ជា​មួយ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់។

ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ ប្រកួត​តែ​បី​ទឹក​ទេ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

​រវាង​សូត្រ ខេ​វិ​ន និង ថន ភឿ​ត នេះ សូត្រ ខេ​វិ​ន​ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ ថន ភឿ​ត​ ជា​អ្នក​ប្រដាល់​ស្រករ​មុន។​ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​៣​ដង​ហើយ​កន្លងមក ដោយ​ថន ភឿ​ត វាយ​ចាញ់ សូត្រ ខេ​វិ​ន ២ លើក និង​ ឈ្នះ​១លើក។

​សម្រាប់​ការជួបគ្នា​រវាង​សូត្រ ខេ​វិ​ន និង ថន ភឿ​ត នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ថន ភឿ​ត មិន​រំពឹងថា​ ឈ្នះ​សូត្រ ខេ​វិ​ន នោះទេ។ ព្រោះ​ថន ភឿ​ត គេ​ចាញ់​កម្ពស់​ និង​កម្លាំង​កាយ​សម្បទា វាយ​បុក​ខ្លាំង ​និង​មាន​ផ្លែ​ល្អ​របស់​សូត្រ ខេ​វិ​ន។ ចាំមើល តើ​ សូត្រ ខេ​វិ​ន យកឈ្នះ​ថន ភឿ​ត បាន​មែនឬ​អត់?។

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ និង​តាំង​តាក់ អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ? តែ​យ៉ាងណា លី តឿន គេ​មាន​កលល្បិច​ និង​មាន​ផ្លែ​ល្អ​ជាង​តាំង តាក់។ ប៉ុន្តែ លី តឿន ក៏​មិនអាច​ធ្វេសប្រហែស​ ឬ​មើលស្រាល​តាំង​តាក់​បានដែរ ព្រោះ​តាំង​តាក់​នេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​ពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ​។​ ចាំ​មើល រវាង​លី តឿន និង តាំង​តាក់ តើន​រណា​នៅ នរណា​ខ្ទាត​ចេញពី​ការប្រកួត​នេះ?។​

​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out by K.Cement រដូវ​កាល​ទី​៤ ​ទម្ងន់​៦០​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់​ចូលរួម ហើយ​ចែកចេញជា​៤​ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ ជា​ការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។ ជុំ​ទី​២ ជា​ការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ជុំ​ទី​៣ ​គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ជុំ​ទី​៤​និង​ទី​៥ ជា​ការ​ប្រកួត​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់ព្រ័ត្រ​។​

​គួរ​បញ្ជាក់ថា ក្នុងការ​ប្រកួត​ចម្រាញ់​លើកដំបូង​កន្លងមកនេះ គេ​រកឃើញ​អ្នក​ប្រដាល់​ខ្លាំង​បាន​ចំនួន​២​រូប​ហើយ គឺ​លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ខេត្តកំពង់ស្ពឺ និង រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114