ព័ត៍មានទាន់​ហេតុការណ៏
Search

ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គូ​បូ​តា ៖ ផល សោ​ភ័​ណ្ឌ​ ជួប​យុគ​ ផេ​ត ឯ ចាន់ ប៊ុន​ហឿន ជួប​ហ្វា​នី​មិត្ត

ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​ទម្ងន់​៦៣,៥០០​គីឡូក្រាម បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ នា​យប់​ថ្ងៃ​សុក្រ ទី​១៩​ ខែ​កក្កដា ឆ្នាំ​២០១៩ ​ចុង​សប្ដាហ៍​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

​សម្រាប់​ការ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​លេខ​១​ពូ​ល​A(​ពូ​ល​ខ្មែរ​) ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត ផេ​ត​កា​សាម (Yok petch Petchkarsam) លេខ​២​ ពូ​ល​B(​ពូ​ល​ថៃ​) ហើយ​អ្នក​ប្រដាល់ ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ លេខ​២​ពូ​ល​A(​ខ្មែរ​) ជួប​អ្នក​ប្រដាល់​ថៃ ហ្វា​និមិត្ត វី​រី​យ៉ាក​ហ្វា​ម (Fanimit Viriyakfarm) លេខ​១B(​ពូ​ល​ថៃ )​។​

​ផល សោ​ភ័​ណ្ឌ គេ​មាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត​ជម្រុះ​៤​ប្រកួត​ក្នុង​ពូ​ល​កីឡាករ​ខ្មែរ ដោយ​បាន​១២​ពិន្ទុ គឺ​ឈ្នះ​ទាំង​៤​ប្រកួត។ ឯ យុគ​ផេ​ត ផេ​ត​កា​សាម គេ​មាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពូ​ល​កីឡាករ​ថៃ ដែល​ក្នុង​ការប្រកួត​ជម្រុះ​៤​លើក​នោះ វាយ​ឈ្នះ​៣​ប្រកួត​ និង​ចាញ់​១​ប្រកួត បាន​១០​ពិន្ទុ ។

​រវាង​យុគ​ផេ​ត ផេ​ត​កា​សាម និង​ ផល ​សោ​ភ័​ណ្ឌ ពួកគេ​ទាំងពីរ​ធ្លាប់​ប៉ះ​គ្នា​ម្តង​ហើយ​ក្នុង​ជុំ​ជម្រុះ​ដំបូង​កន្លងមក ដែល​ក្នុង​ការ​ជួប​គ្នា​ពេលនោះ ផល សោ​ភ័​ណ្ឌ ចាញ់​យុគ​ផេ​ត ដោយ​ពិន្ទុ។ សម្រាប់​ការ​ប្រកួត​លើក​នេះ អ្នកណា​ចាញ់​នោះ គឺ​ស្មើនឹង​ការបាត់បង់​ខ្សែក្រវាត់​ព្រមទាំង​ប្រាក់​រង្វាន់​យ៉ាង​ដូច្នេះ​ដែរ ព្រោះតែ​ចាញ់​គឺ​ត្រូវ​ធ្លាក់​ទៅ​ប្រកួត​ជាមួយ​អ្នកចាញ់ ដណ្តើមយក​លេខ​៣​ហើយ។​

​ផល សោ​ភ័​ណ្ឌ ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៤១​លើក ក្នុងនោះ ​សោ​ភ័​ណ្ឌ វាយ​ឈ្នះ​១២៥​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក និង​ ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤៥​លើក។ ឯ យុគ​ផេ​ត គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន៨១​លើក ឈ្នះ​៦៨​លើក និង ចាញ់​១៣​លើក មិនដែល​ស្មើ។

ចំពោះ​ការ​ជួបគ្នា​រវាង​ចាន់ ប៊ុន​ហឿន និង អ្នក​ប្រដាល់​ថៃ​ហ្វា​និមិត្ត វី​រី​យ៉ាក​ហ្វា​ម វិញ ក៏​ដូចគ្នា​ដែរ តែ​ចាញ់​ គឺ​ខាត​លាភ​សំណាង​ហើយ។ ចាន់ ប៊ុន​ហឿន មាន​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​A(​ខ្មែរ​) ដោយបាន​៨​ពិន្ទុ ក្នុង​៤​ប្រកួត គឺ​ឈ្នះ​២​ប្រកួត និង ចាញ់​២​ប្រកួត។

​ហ្វា​នី​មិត្ត គេ​មាន​ចំណាត់ថ្នាក់​លេខ​១​ពូ​ល​B(​ថៃ​) ដោយ​បាន​១០​ពិន្ទុ ក្នុងការ​៤​ប្រកួត គឺ​ឈ្នះ​៣​ប្រកួត និង​ចាញ់​១ប្រកួត។ សម្រាប់​ការ​ជួប​ប្រកួត​គ្នា​លើក​នេះ មិនដឹងថា​ នរណា​ជា​អ្នកឈ្នះ​នោះឡើយ ព្រោះ​ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ចំនួន​ពីរលើក​រួចមកហើយ ដែល​លើក​ទី​១​ចាន់ ប៊ុន​ហឿន ​ឈ្នះ​ក្នុង​ទឹក​ទី​៣ ហើយ​ជួប​លើក​ទី​២ ​ក្នុងជំនួប​ជម្រុះ​ក្នុង​ពូ​ល​នោះ ហ្វា​នី​មិត្ត​ ឈ្នះ ចាន់ ប៊ុន​ហឿន ក្នុង​ទឹក​ទី​៤ ដូច្នេះ​ពួកគេ​វាយ​ឈ្នះ​ចាញ់​គ្នា​ម្តងម្នាក់ៗ។

ដូច្នេះ សម្រាប់​ការ​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ មិន​ថា​អ្នកណា​ខ្លាំង ឬ អន់​ជាង​អ្នកណា​ទេ តែ​ប្រហែស​ និង​មើលស្រាល​គូប្រកួត​នោះ គឺ​ច្បាស់​ជា​ជួប​សំណាងអាក្រក់​ហើយ​។​ ចាំ​មើល តើ​នរណា​ឈ្នះ​រវាង​ចាន់ ប៊ុន​ហឿន និង ហ្វា​នី​មិត្ត វី​រី​យ៉ាក​ហ្វា​ម នេះ?​។​

​ហ្វា​នី​មិត្ត គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨១​លើក ឈ្នះ​៥៧​លើក ចាញ់​២២​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ជាច្រើនលើក។ ឯ ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩០​លើក ឈ្នះ​៧២​លើក និង​ចាញ់​១៤​លើក និង​ស្មើ​០៤​លើក។ ប៊ុន​ហឿន គេ​មាន​ថ្វី​កែង និង ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន និង ហ្វា​នី​មិត្ត នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ?។​

​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ មាន​កីឡាករ​ខ្លាំង​ចំនួន​៨​រូប​ចូលរួម គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ ឥឡូវនេះ ៤​រូប​បាន​ឡើងទៅ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​៤​រូប ​បាន​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​។ អ្នក​ធ្លាក់​ទាំង​ខ្មែរ​ទាំង​ថៃ​៤​នាក់​នោះ គឺ​កីឡាករ​ខ្មែរ ធន់ ចាន់​តាក់ សមាគម​កីឡា​ក្រសួងការពារជាតិ​ និង រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ហើយ​កីឡាករ​ថៃ​២​រូប​វិញ គឺ ប្រា​កាយ​ផេ​ត និង កូ​លាប ដាំ ប្រាន​២៦៕

​ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114