ព័ត៍មានទាន់​ហេតុការណ៏
Search

ជនរងគ្រោះ​វ័យ​៥០​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ដួល​ចូល​ប្រឡាយ​ទឹក​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​

តាកែវ ៖ ជនរងគ្រោះ​វ័យ​៥០​ឆ្នាំ​ម្នាក់​ ហូបចុក​ស្រវឹង​បើកបរ​ម៉ូតូ​ដួល​ចូល​ប្រឡាយ​ទឹក​ស្លាប់​បាត់​បង់​ជីវិត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​ព្រឹក​ នៅ​ស្រុក​អង្គរ​បូរី​។​

ហេតុការណ៍​ប្រទះឃើញ​ជនរងគ្រោះ​ដួល​ម៉ូតូ​ចូល​ប្រឡាយ​ទឹក​ស្លាប់​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​២០​នាទី នៅ​ចំណុច​ប្រឡាយ​ទឹក​ខាងកើត​សាលាបឋមសិក្សា​សំរោង​ពន្លៃ លើ​ផ្លូវលំ ​ស្ថិត​ក្នុង​ភូមិ​សំរោង ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​អង្គរ​បូរី​បាន​ប្រាប់​ថា ជនរងគ្រោះ​មានឈ្មោះ យា យិន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពន្លៃ​ខាងជើង ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ដួល​ចូល​ប្រ​ឡា​ទឹក​ស្លាប់​។

សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​អាច​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ប្រហែល​នៅ​ម៉ោង​២៣​យប់ ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ទប់​ស្មារតី​មិនបាន​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ឈ្លក់​ស្លាប់​ដោយ​ខ្លួនឯង​តែម្ដង​។​

បច្ចុប្បន្ន​ ក្រោយ​សមត្ថកិច្ច​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ចប់​សព្វគ្រប់​ បាន​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114