ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី ហែម ថុ​ន​វិ​ទី​នី ទៅ​ចូលរួម​ប្រកួត​ហែល​ទឹក​ជើងឯក​ពិភពលោក​ នៅ​ប្រទេស​កូរ៉េខាងត្បូង​

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​បញ្ជូន​កីឡាករ​២​រូប និង​កីឡា​ការិនី​០១​រូប និង​គ្រូ​បង្វឹក​០១​រូប ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡាហែលទឹក​ជើងឯក​ពិភពលោក ដែលមាន​ឈ្មោះថា World Swimming Championships Gwangju នៅ​សាធារណរដ្ឋ​កូរ៉េ។​

​លោក ហែម គិរី អគ្គលេខាធិការ​ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​និយាយថា នៅ​ថ្ងៃទី​១៧​កក្កដា​នេះ សហព័ន្ធ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​៣​រូប និង​គ្រូបង្វឹក​មួយរូប​ការប្រកួត​កីឡាហែលទឹក World Swimming Championships “ Gwangju ប្រទេស​កូរ៉េខាងត្បូង។​

​កីឡាករ​-​កីឡាការិនី​ចំនួន​៣​រូប ដែល​ត្រូវ​ចូលរួម​ការប្រកួត​ខាងលើ​រួមមាន​ ៖ កីឡាករ ហែម ប៉ិច កីឡាករ លឹម កែវ​ឧ​ត្ត​ម និង ​កីឡា​ការិនី ហែម ថុ​ន​វិ​ទី​នី។​

នេះ​ជា​លើកដំបូង​ហើយ ដែល​កីឡា​ការិនី​ហែម​ថុ​ន វិ​ទិ​នី ចេញទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជាថ្មី បន្ទាប់​ពី​កីឡា​ការិនី​រូបនេះ​សម្រាក​មួយរយៈ ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​នោះ។ ពេលនេះ ​កីឡា​ការិនី​រូបនេះ​បាន​វិល​មកកាន់​អាងទឹក​វិញ​ ព្រមទាំង​បង្កើន​ការហ្វឹកហាត់​កាន់តែខ្លាំង​បន្ថែមទៀត ​ព្រោះ​វិ​ទិ​នី​មិន​ត្រឹមតែ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​World Swimming Championships Gwangju នេះ​តែប៉ុណ្ណោះ​ទេ ​តែ​កីឡាការិនី​រូបនេះ ​នឹង​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​នា​ចុង​ឆ្នាំនេះ​ទៀតផង។​

​កីឡាការិនី​ដែល​កើត​ឆ្នាំ​១៩៩៣​រូបនេះ ​ចាប់ផ្ដើម​ស្គាល់​អាង​ហែល​ទឹក​តាំងពី​វ័យ​៥​ឆ្នាំ​មកម្ល៉េះ​ ហើយ​នាង​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​នាង​មាន​ឈាមជ័រ​ក្នុង​ត្រកូល​កីឡាហែលទឹក​នោះ​ គឺ​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​តែម្ដង។​

​ឆ្នាំនេះ វិ​ទិ​នី​ មាន​អាយុ​២៦​ឆ្នាំ​ហើយ តែ​នៅ​មិនទាន់មាន​នរណា​អាច​ឈរលើ​ឈ្នាន់​ចំណាត់ថ្នាក់​លេខ​១ ដណ្ដើម​មេដាយ​បាន​ច្រើនជាង​នាង​ឡើយ។ ជាមួយនឹង​ការវិលត្រឡប់​មកកាន់​អាង​ហែល​ទឹក​វិញ​នេះ វិ​ទិ​នី​ មាន​ជំនឿ​ចិត្ត​ថា នាង​នឹង​នៅតែ​ទទួល​បាន​ការ​គាំទ្រ ដូច​មុន​ជាមិនខាន​ឡើយ៕

​ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114