ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ ព្រមាន​បេក្ខជន​ប្រឡង​យក​ក្របខណ្ឌ​មិន​ឲ្យ​មានការ​សូកប៉ាន់​ ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផ្សេងៗ​ឡើយ​

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ បាន​ធ្វើការ​ព្រមាន​ដល់​និស្សិត​ ឬ​មន្ត្រីរាជការ​ដែល​បាន​ដាក់​ពាក្យ​ប្រឡងប្រជែង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងសុខាភិបាល​ មិន​ឲ្យ​មានការ​សូកប៉ាន់​ ឬ​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេងៗ​ឡើយ ​ហើយ​ក្នុងករណី​ដែលមាន​ការប្រព្រឹត្ត​នូវ​អំពើពុករលួយ សាមីជន ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ពិសេស​អ្នក​ស៊ីសំណូក និង​អ្នក​សូកប៉ាន់​ត្រូវ​មានទោស​ដូច​គ្នា​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ចេញ​ផ្សាយ ​កាលពី​ថ្ងៃទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៩ ​បាន​ជម្រាប​ដល់​បេក្ខជន​ជា​និស្សិត ឬ​មន្ត្រីរាជការ​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ប្រជែង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងសុខាភិបាល​ និង​អាណាព្យាបាល ឲ្យ​បាន​ជ្រាបថា សម្រាប់​ឆ្នាំ​២០១៩​នេះ​ក្រសួង សុខាភិបាល​ ទទួលបាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​បុគ្គលិក​ក្របខណ្ឌ​ចំនួន​១៣ ០០​នាក់ តាមរយៈ​ការប្រឡងប្រជែង​ដាក់​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​នានា​ដូច​មាន​ក្នុង​សេចក្ដីជូនដំណឹង​លេខ​២០៤​ស​.​នប ចុះ​ថ្ងៃ​ទី​១០​ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​ក្រសួងសុខាភិបាល​ ហើយរ​ហូត​មកដល់​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​០០​នាទី ដែល​ជា​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង បេក្ខជន​បាន​មក​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡងប្រជែង​ចូល​ក្របខណ្ឌ​មាន​ចំនួន​១១.៨៨៥​នាក់​។​

​សេចក្តីជូន​ព័ត៌មាន​របស់​ក្រសួង​ដដែល​បាន​បន្តថា ​ការ​ប្រឡង​ចូល​ក្របខណ្ឌ​នេះ ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ ​ថ្ងៃទី​១០ ខែ​សីហា ​ឆ្នាំ​២០១៩ និង​ថ្ងៃទី​១១ ខែ​សីហា ​ឆ្នាំ​២០១៩ នៅ​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ និង​វិទ្យាល័យ​បាក់​ទូក​។

នៅ​ក្នុង​ដំណើរការ​ នៃ​ការប្រឡងប្រជែង​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួង​មុខងារ​សាធារណៈ​និង​អ្នកសង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ សំដៅ​ធានា​ឲ្យ​បាន​នូវ​ភាព​ត្រឹមត្រូវ​យុត្តិធម៌ និង​ជៀសវាង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង ​សេចក្ដីថ្លៃថ្នូរ​របស់​ក្រសួង​។​

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា ​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បេក្ខជន​ជា​និស្សិត ឬ​មន្ត្រីរាជការ​ដែល​បាន​ដាក់​ពាក្យ​ប្រឡងប្រជែង​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​សុខាភិបាល​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន​និង​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជាផ្ទៃក្នុង​សម្រាប់​បេក្ខជន ចូលរួម​សហការ​ឲ្យ​បាន​ល្អ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​ការងារ​ប្រឡងប្រជែង​នេះ​ប្រព្រឹត្តិ​ទៅ​មាន​តម្លាភាព និង​យុត្តិធម៌​។

​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ដល់​បេក្ខជន​ទាំងអស់​ខិតខំ រៀនសូត្រ ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដើម្បី​ចូលរួម​ក្នុងការ​ប្រឡង ជៀសវាង​កុំ​ឲ្យ​មានការ​សូកប៉ាន់ ឬ​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេងៗ​។ ក្នុង​ករណី​ដែលមាន​ការប្រព្រឹត្ត​នូវ​អំពើពុករលួយ សាមីជន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​ក្រសួង​ សូម​ប្រកាស​ជា​ឱឡារិក​ថា អ្នក​ស៊ីសំណូក និង​អ្នក​សូកប៉ាន់​ត្រូវ​មានទោស​ដូចគ្នា​។​ ក្នុង​ករណី​មាន​បាតុភាព​អសកម្ម សូម​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយមាន​ភស្តុតាង​ជាក់​ស្តែង​ ឬ​មក​ក្រសួង​សុខាភិបាល (​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​) ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​៕​

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114