ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​ នៅតែ​បន្ត​លក់​បន្លែ​ក្រោម​ដំណក់​ទឹក​ភ្លៀងរលឹម

រតនគិរី ៖ បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី​ជិត​៣០០​នាក់​ បច្ចុប្បន្ន​នៅតែ​បន្ត​ដាក់​បន្លែ​លក់​នៅក្រោម​ដំណក់ទឹកភ្លៀង​ក្រៅ​ផ្សារ​បាន​លុង តស៊ូ​រកប្រាក់​បន្តិចបន្តួច​យក​ទៅ​ដោះស្រាយ​ដើម្បី​ជីវភាព​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​រឿង​នោះ​តំណាងរាស្ត្រ​ថា​ បាន​ជំរុញ​អាជ្ញាធរ​ខេត្ត​ឲ្យ​ពន្លឿន​ការ​សាងសង់​ផ្សារ​ឲ្យ​បាន​ឆាប់​ ដើម្បី​ឲ្យ​ពួកគេ​បានដាក់​បន្លែ​លក់​ឲ្យ​បាន​ត្រឹមត្រូវ​។​

ស្ត្រី​លក់​បន្លែ​ម្នាក់​ ឈ្មោះ​ត្រៀ​ង​ កិត​ ជនជាតិ​ទំពួន​នៅ​ភូមិ​ប៉ា​ជន់​ ឃុំ​ឯកភាព​ ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា រូប​គាត់ ក៏ដូចជា​បងប្អូន​ជនជាតិដើម​ភាគតិច​ជាច្រើន​ទៀត​ដែល​មាន​របរ​លក់​ត្រួយ​ននោង​ស្នៀត​ពោត​ផ្លែ​ល្ពៅ​មើម​គូក​គ្រៀវ​ទំពាំង​គ្លៃ​ និង​បន្លែ​ព្រៃ​ជាច្រើន​ទៀត​ តែងតែ​នាំ​យក​មកកាន់​ទីផ្សារ​បាន​លុង ​ដើម្បី​លក់​បាន​ប្រាក់​បន្តិចបន្តួច​យក​ទៅ​ទិញ​ប៊ីចេង​ អំបិល​ និង​ ប្រហុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

ស្ត្រី​លក់​បន្លែ​បាន​បន្ដទៀតថា របរ​លក់​បន្លែ​នេះ​ មិនអាច​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​ទេ​ ពេលខ្លះ​លក់​បាន​ប្រាក់​តែមួយ​ម៉ឺន​ទៅ​ជាង​ពី​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ តែបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពុំ​មាន​កន្លែង​ដាក់​បន្លែ​លក់​ទេ​ ហើយ​ត្រូវ​ស្ពាយ​បន្លែ​យកទៅលក់​តាម​ផ្ទះ​គេ​ក្នុង​តម្លៃថោកៗ​ បើ​លក់​មិន​អស់​អ្នកខ្លះ​បង្ខំ​ចិត្ត​យក​បន្លែ​ទៅ​ចាក់​ចោល​តាមផ្លូវ​ក៏មានដែរ។ ប៉ុន្តែ​ដោយសារ​ពុំ​មាន​របរ​ផ្សេង​ទើប​ពួកគាត់​ស៊ូទ្រាំ​ចាប់​យក​របរ​លក់​បន្លែ​ធម្មជាតិ​នេះ​រៀង​រហូតមក​ បើទោះជា​ត្រូវ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ហាលខ្យល់​ហាល​ភ្លៀង​ប្រឡាក់​ភក់ជ្រាំ​យ៉ាងណាក៏ដោយ​។​

លោក ប៊ូ ឡាំង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​រតនគិរី​កាលពីពេល​ថ្មីៗ​នេះ​ បាន​ចុះទៅ​ដល់​ទី​តាំង​ផ្សារ​បន្លែ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​​​ ខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ដោយ​លោក​ចង់​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​ថា តើ​មាន​បងប្អូន​មក​លក់​បន្លែ​ដែរ​អត់ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​បែបនេះ។

ពេល​លោក​បាន​ឃើញ​ទិដ្ឋភាព​អ្នកលក់​បន្លែ​នៅ​ទីនោះ​គួរ​ឲ្យ​អាណិតអាសូរ​ណាស់​ហើយ​ដក​ដង្ហើម​យ៉ាង​វែង​រួច​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា រឿង​នេះ​ លោក​នឹង​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ប្រញាប់​សាងសង់​រោង​មួយ​នៅ​ខាង​មុខ​ផ្សារ​បាន​លុង​នេះ​ឲ្យ​ពលរដ្ឋ​បាន​ដាក់​លក់​បន្លែ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

លោក​តំណាងរាស្ត្រ​បាន​បញ្ជាក់​ទៀត​ថា រដូវ​នេះ​ គឺ​ រដូវភ្លៀង​អ្នកទទួលខុសត្រូវ​ខាង​ផ្សារ​បាន​លុង​ត្រូវ​សហការ ជាមួយ​អភិបាល​ខេត្ដ​រតនគិរី ​ដើម្បី​រៀបចំ​ធ្វើ​ផ្សារ​ជូន​បងប្អូន​ជនជាតិ​ដើម ​កុំ​ឲ្យ​ពួកគេ​បន្ត​លក់​បន្លែ​នៅក្រោម​ដំណក់ទឹកភ្លៀង​ដូច​សព្វថ្ងៃនេះ​។

បើ​មិន​បាន​ធ្វើ​ផ្សារ​ធំដុំ​ទេ​ ក៏​គួរតែ​ធ្វើជា​រោង​ដោល​ដាំ​សសរ​ដែក​ ហើយ​ដំបូល​ប្រក់​ស័ង្កសី​ក៏បាន​ដែរ បើ​វា​ចង្អៀត​ដល់​ខែប្រាំង​រុះរើ​វិញ​ក៏បាន​ដែរ​។​

លោកស្រី​ដាំ​ចន្ទី​ប្រធាន​អង្គការ​សមាគម​ខ្មែរលើ​ធ្លាប់​បាន​ប្រាប់​ថា ​បញ្ហា​ដូចខាងលើ​នោះ​ជា​រឿយៗ​បងប្អូន​ជនជាតិដើម​ ដែល​មាន​របរ​លក់​បន្លែ​នៅខាងមុខ​ផ្សារ​បាន​លុង​តែងតែ​មក​ជួប​លោកស្រី​ឲ្យ​ជួយ​និយាយ​ពី​ផល​លំបាក​ក្នុង​ការលក់​បន្លែ​នៅក្រោម​ភ្លៀង​ខ្យល់ ​និង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​។​

លោកស្រី​ប្រធាន​សមាគម​ខ្មែរលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់​ពី​ក្រុម​អ្នក​លក់​បន្លែ​ លោកស្រី​ ក៏បាន​ព្យាយាម​ទៅ​ជួប​អាជ្ញាធរ​ខេត្ត​ជាច្រើន​ដង​ដែរ​ ដើម្បី​ជំរុញ​ការសាងសង់​ផ្សារ​ឲ្យ​បាន​ឆាប់​ដើម្បី​ពួកគេ​បានដាក់​បន្លែ​លក់​ឲ្យ​បាន​សមរម្យ​។ ក៏​ប៉ុន្តែ​ខាង​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ម្ដង​ជា​ពីរ​ដង​ថា នឹង​ធ្វើ​ផ្សារ​ឲ្យ​បាន​លឿន​តែ​មកដល់ពេលនេះ​ជិត​១០​ឆ្នាំ​កន្លងផុត​ទៅហើយ​នូវ​មិន​ទាន់​បានចេញ​ជា​លទ្ធផល​ជា​ដុំកំភួន​ឡើយ ពុំ​ដឹង​ថា​មាន​មូល​ហេតុអ្វី​ឡើយ​?​ ឲ្យ​ប្រាកដ​នោះ​។​

កាលពី​ឆ្នាំ​២០០៨ ​លោក​សា លាង ​ប្រធាន​ក្រុមហ៊ុន​ហេង ​ដា​រ៉ា​ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ផ្សារ​បាន​លុង​ លោក​បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ កាលពី​ថ្ងៃទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ ថា ផ្សារ​បន្លែ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​, ដើមឡើយ មាន​ទីតាំងនៅ​ខាងក្នុង​ផ្សារ​បាន​លុង​ ដែល​មាន​អ្នកលក់​ប្រហែល​ជិត​៣០០​នាក់​។​

លោក ​សា លាង ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើ​ការសាងសង់​ពង្រីក​ផ្សារ​នោះ​រួចរាល់​ នៅ​ឆ្នាំ​២០១០ ​ពួកគាត់​ ក៏​លែង​ចូល​ទៅ​លក់​បន្លែ​នៅ​ទីនោះ​ទៀត ​គឺ​នាំគ្នា​ចេញ​មក​លក់​នៅ​ខាងក្រៅ​។

កាលណោះ ​លោក​ក៏បាន ​ឡើង​ប្លង់​មួយ​ដើម្បី​ធ្វើ​ផ្សារ​ឲ្យ​ពួកគាត់​ គឺ​ ទំហំ​ទទឹង​១០​ម៉ែត្រ​ និង​បណ្ដោយ​ជិត​២០​ម៉ែត្រ​ ហើយ​ផ្នែក​ខាងក្រោម​ចាក់​បេតុង​ ពុំ​មាន​ខណ្ឌ​ជា​ធ្វើ​បន្ទប់​ទេ​។ គម្រោង​នោះ​ចំណាយ​ប្រាក់​ជិត​ប្រាំមួយ​ម៉ឺន​ដុល្លារ​ ហើយ​បាន​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ ដើម្បី​ពិនិត្យ​ បើ​ឯកភាព​ដើម្បី​យើង​សាងសង់​។ ក៏​ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ខេត្ត​លុប​ចោល គម្រោង​នោះ​ហើយ​មកដល់​ពេល​នេះ​ឮ​ថា​ អាជ្ញាធរ​ខេត្ត ​នឹង​រៀបចំ​ប្លង់​ថ្មី​ ដើម្បី​សាងសង់​ផ្សារ​នោះ ​តែ​មិនទាន់​បានដឹងថា​ធ្វើ​ទំហំ​ប៉ុនណា ​និង​ចំណាយ​ប្រាក់​អស់​ចំនួន​ប៉ុន្មាន​នោះ​ឡើយ​។​

លោក​ញ៉ែម សំអឿន អភិបាលរង​ខេត្ត​រតនគិរី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ថា គម្រោង​សាងសង់​ផ្សារ​បន្លែ​ជូន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នឹង​ត្រូវ​លើក​មក​ដោះស្រាយ​នៅ​សប្ដាហ៍​ក្រោយ​នៅ​ពេល​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត គឺ​កំណត់​ពេលវេលា​សម​ស្រប​ និង​ឈាន​ទៅ​ធ្វើការ​សាងសង់​ផ្យារ​បន្លែ​នោះ​។​

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ទៀត​ថា កន្លងមក​ មាន​បញ្ហា​ជាច្រើន​ជំពូក​ដែល​ខេត្ត ​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​ គឺ​ដី​របស់​រដ្ឋ​ទំហំ​៥៤​ម៉ែត្រ​ គុណ​១១០​ម៉ែត្រ ​នៅខាងមុខ​ផ្សារ​ ត្រូវ​ក្រុមហ៊ុន​ គឹម ជ្រា អ្នក​វិនិយោគ​សំរាម​ និង​ក្រុមហ៊ុន​ហេង ​ដា​រ៉ា ​អ្នក​វិនិយោគ​ផ្សារ​ដណ្ដើម​គ្នា​កាន់កាប់​។

​លោក​ជា គួ​ង បាន​ប្ដឹង​លោក​សាលាង ​ទៅ​តុលាការ​ខេត្ត​រឿង​ជំពាក់​លុយ​ពលកម្ម​ថ្លៃ​សំអាត​សំរាម​និង​ក្រោយមក​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​លុបចោល​ច្បាប់​វិនិយោគ​សំរាម​របស់​លោក​ជា​ គួ​ង​។ បញ្ហា​ទាំង​អស់​នោះ​បានធ្វើ​ឲ្យ​មានកា​យឺតយ៉ាវ​ក្នុង​ការធ្វើ​ផ្សារ​ជូន​បងប្អូន​ខ្មែរ​ដើម​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ បងប្អូន​ជនជាតិដើម​ ភាគតិច​នៅ​រតនគិរី​ដែល​មាន​របរ​លក់​បន្លែ​មកពី​តាម​បណ្ដា​ស្រុក​នានា​ជិត​៣០០​នាក់ ​រួម​នឹង​សមាគម​ខ្មែរលើ​នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ លោក​ ព​ន្លឿ​ន​ ការ​សាងសង់​គម្រោង​មួយ​កន្លែង​ តាម​ការ​គ្រោងទុក​នោះ ​គឺ​សម្រាប់​ឲ្យ​ពួកគាត់​បាន​ដាក់​បន្លែបង្ការ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114