ព័ត៍មានទាន់​ហេតុការណ៏
Search

UN ព្រួយបារម្ភ​ ដែល​សហរដ្ឋអាមេរិក​ ដាក់​កំហិត​លើ​ចលនា​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់

អង្គការសហប្រជាជាតិ​បាន​សម្តែង​ក្តីបារម្ភ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដាក់​ការ​រឹតបន្តឹង​មិនធម្មតា​ទៅលើ​ចលនា​របស់​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ស្ថាប័ន​ពិភពលោក​មួយ​នេះ​និង​ក៏បាន​និយាយ​ផងដែរ​អំពី​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​។​

​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​សហរដ្ឋអាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​លើ​លោក Zarif, រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បានចេញ​ទិដ្ឋាការ​មួយ​ឲ្យ​គាត់​ប៉ុន្តែ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​ធ្វើដំណើរ​ទៅណា​ក្រៅពី​ប្លុក​ទាំង​ប្រាំមួយ​នៃ​បេសកកម្ម UN របស់​អ៊ីរ៉ង់​នៅក្នុង​សង្កាត់ Manhattan ទេ​។​

​លោក Pompeo បាន​ប្រាប់​កាសែត The Washington Post ថា “​អ្នកការទូត​អាមេរិក​មិន​ហ៊ាន​ធ្វើដំណើរ​ជុំវិញ​ទីក្រុង​តេ​អេ​រ៉ង់​ដូច្នេះ​យើង​មិនឃើញ​ហេតុផល​ណាមួយ​ឲ្យ​អ្នកការទូត​អ៊ីរ៉ង់​អាច​ដើរ​នៅ​ជុំវិញ​ទីក្រុង​ញូវយ៉ក​បាន​នោះទេ​”​។ លោក​និយាយថា “​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Zarif បាន​ប្រើ​សេរីភាព​របស់​សហរដ្ឋ​អាមេរិក​មក​ទីនេះ​និង​ផ្សព្វផ្សាយ​ការឃោសនា​ដ៏​អាក្រក់​”​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Farhan Haq បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លេខាធិការដ្ឋាន UN កំពុង​ទាក់ទង​ជាមួយ​បេសកកម្ម​អាមេរិក​និង​អ៊ីរ៉ង់​អំពី​ការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់លោក Zarif និង​បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​ប្រទេស​ម្ចាស់ផ្ទះ​។​

​សហរដ្ឋអាមេរិក​ដែលជា​ម្ចាស់ផ្ទះ​នៃ​អង្គការសហប្រជាជាតិ​មាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការចេញ​ទិដ្ឋាការ​ទៅ​ឲ្យ​អ្នកការទូត​បរទេស​ក្នុង​កិច្ចការ UN ហើយ​កម្រ​នឹង​ថយចុះ​ណាស់​។​

​ជាទូទៅ ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាមឃាត់​អ្នកការទូត​នៃ​ប្រទេស​ជាស​ត្រូវ​មិន​ឲ្យ​ធ្វើដំណើរ​ចេញ​ក្រៅពី​រង្វង់​ចម្ងាយ​៤០​គីឡូម៉ែត្រ​នៃ​តំបន់ Columbus Circle របស់​ទីក្រុង​ញូវយ៉ក​ឡើយ​។​

​គួរ​បញ្ជាក់ថា លោក Zarif គ្រោង​នឹង​ថ្លែង​នៅ​ថ្ងៃ​ពុធ​នៅ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​ស្តីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114