ព័ត៍មានទាន់​ហេតុការណ៏
Search

សុន ស្រី​ពេជ្រ ​ នឹក​បងស្រី​ ខំ​ស្កាត់​ពី​ភ្នំពេញ​ទៅលេង​ដល់​បាត់ដំបង​ ដូច​ទៅ​ចូលរួម​បុណ្យ​សព​

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​ពីរោះ​រណ្ដំ​ចិត្ត​ អ្នកនាង សុន ស្រី​ពេជ្រ ពេលនេះ​កំពុង​មាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​ជាទីបំផុត​ ខណៈ​ដែល​បង​ស្រី​ជាទី​ស្រលាញ់​របស់​នាង​បាន​ទទួល​មរណភាព​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​នោះឡើយ​។​ មិនតែប៉ុណ្ណោះ​រឿង​ដែល​ធ្វើ​ឲ្យ សុន ស្រី​ពេជ្រ កាន់តែ​ស្លុត​ចិត្តខ្លាំង​ទៀត​នោះ ​គឺ ​ព្រោះតែ​នឹក​បងស្រី​ខ្លាំង​ពេក​ខំ​ស្កាត់​ទៅលេង​ដូច​ទៅ​ចូលរួម​បុណ្យ​សព​ទៅវិញ។

​រំលេច​សារ​ភ្ជាប់​ជាមួយ​ នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ និង​ សោកសៅ​នោះ​ អ្នកនាង សុន ស្រី​ពេជ្រ បាន​រៀប​រាប់ទាំង​អារម្មណ៍​រន្ធត់​ថា ​បានធ្វើ​ដំណើរ​ទៅលេង​ខេត្ត​បាត់ដំបង ​ដើម្បី​ទៅលេង​បងស្រី​នៅ​ឯ​ស្រុក​បងប្អូន​មានកម្ម​វិធី​មិនដែល​បាត់​គ្នា​ទេ​។ ​ប្អូន​នៅសល់តែ ៣​ខែ​ទៀត​ប្អូន​ការ​ហើយ ហេតុអ្វី​ប្អូន​មិនឃើញ​វត្តមាន​បង​ម្នាក់​អញ្ចឹង​បងស្រី លឿន ពេក​ហើយ​បង​អើយ។​

​តារាចម្រៀង​ទម្រង់​បុរាណ​អ្នកនាង សុន ស្រី​ពេជ្រ​បាន​និយាយទៀតថា ​ថ្ងៃនេះ​ប្អូន​ទៅ​បាត់ដំបង​ទៅ​លេង​បង​បែរជា​ទៅ​ចូលរួម​បុណ្យសព​បង​ទៅវិញ ប្អូន​ទទួល​មិន​បានទេ អាណិតកូន​ស្រី​ពៅ​បង​ណាស់​ធ្លាប់តែ​គេង​កើយ​ដៃ​ម្តាយ​ទោះ​ម្តាយ​បែកញើស​ជោក​ប្រាណ​ក៏​នៅតែ​ថើប​ម្តាយ តែ​ឥលូវ​ក្មួយ​លែង​ឃើញ​លែង​បាន​ថើប​ម្តាយ​ទៀតហើយ​។​

​អ្នកនាង សុន ស្រី​ពេជ្រ បាន​បន្ថែមទៀតថា ​បង​ស្រី​ខ្ញុំ​លំបាក​ជាងគេ​កម្សត់​ជាងគេ​ក្នុងចំណោម​បង​ប្អូន​ទាំង​៧​នាក់ ឥឡូវ​បង​សម្រាក​ចុះ​បងហត់​ណាស់​ហើយ សូម​វិញ្ញាណក្ខន្ធ​បង​បាន​ទៅ​សុគតិភព។ យ៉ាងណាមិញ​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​របស់​អ្នកនាង សុន ស្រី​ពេជ្រ បាន​ឲ្យ​ដឹងថា ​មូល​ហេតុ​ដែល​បងស្រី​រប​ស់​នាង​ទទួលមរណភាព​នេះ​ គឺ​ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។

ជាមួយគ្នា​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ បាន​បង្ហាញ​អារម្មណ៍​ចូលរួម​សោកស្ដាយ ​និង​ផ្ញើ​សា​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នកនាង សុន ស្រី​ពេជ្រ ផងដែរ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114