ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​រញ្ជួយ​ដី​ក្រោម​សមុទ្រ​នៅ​ភាគ​ខាងត្បូង​កោះ​បាលី ​បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ

ការ​រញ្ជួយ​ដី​ក្រោម​សមុទ្រ​កម្រិត​៦.១​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ភាគខាងត្បូង​កោះ​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ហេតុ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​និង​ភ្ញៀវទេសចរ​នៅលើ​កោះ​មួយ​នេះ​រត់ចេញ​ក្រៅពី​អគារ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​ពិនិត្យ​ការរញ្ជួយ​ដី​អឺរ៉ុប (EMSC)​។​

​មិនមាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ឬ​អ្នករងគ្រោះ​ពី​ការរញ្ជួយ​ដី​នេះ​ទេ​ហើយ​មិនមាន​ការប្រកាសអាសន្ន​ពី​រលក​យក្ស​សូ​ណា​មិ​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​ព្រមាន​រលក​យក្ស​ស៊ូណាមិ​ប៉ាស៊ីហ្វិក​ដែលមាន​មូលដ្ឋាន​នៅ​កោះ​ហា​វ៉ៃ​ឡើយ​។​

EMSC បាន​និយាយថា ចំណុចកណ្តាល​នៃ​ការរញ្ជួយ​គឺ​នៅ​១០២​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Denpasar និង​មាន​ជម្រៅ​១០០​គីឡូម៉ែត្រ​។​

​ពលរដ្ឋ​ម្នាក់​បាន​និយាយថា ប្រជាជន​នៅ​ទីក្រុង Denpasar បាន​រត់​ចេញពីផ្ទះ​រប​ស់​ពួកគេ​បន្ទាប់ពី​មាន​អារម្មណ៍​ថា មានការ​រញ្ជួយ​ដី​។​

​អ្នកប្រើប្រាស់ Twitter ម្នាក់​ក្នុង​ទីក្រុង Ubud លើ​កោះ​បាលី​បាន​និយាយថា ការរញ្ជួយ​នេះ​គឺ​ខ្លាំងក្លា​ណាស់​។ អ្នក​ប្រើ Twitter ម្នាក់ទៀត​ឈ្មោះ Marc van Voorst បាន​រៀបរាប់ថា ការរញ្ជួយ​នេះ​គឺមាន​អារម្មណ៍​ថា​ដូចជា​ឡាន​ដឹកទំនិញ​ធុន​ធ្ងន់​ឬ​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​យ៉ាង​ជិត​អញ្ចឹង​។​

​ទីភ្នាក់ងារ​ឧតុនិយម​និង​ភូគព្ភសាស្ត្រ​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការរញ្ជួយ​ដី​នេះ​ក៏​អាច​ត្រូវបាន​គេ​ដឹង​ផងដែរ​នៅតាម​បណ្តា​ទីក្រុង​ផ្សេងទៀត​លើ​កោះ Lombok និង​ជ្វា​។​

​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រង​ការរញ្ជួយ​ដី​ជា​ញឹកញាប់​ដែល​ជួនកាល​បណ្តាល​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ដោយសារតែ​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​ស្ថិតនៅលើ​ខ្សែក្រវ៉ាត់​ភ្នំភ្លើង​ដ៏​សកម្ម​។​

​ការរញ្ជួយ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌូនេស៊ី​ថ្មីៗ​នេះ​គឺ​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០០៤​នៅពេលដែល​ការរញ្ជួយ​ដី​កម្រិត​៩.៥​រ៉ិ​ច​ទ័​របា​នប​ង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ដែល​បានសម្លាប់​មនុស្ស​ប្រហែល​២២៦,០០០​នាក់​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​មហាសមុទ្រ​ឥណ្ឌា​រួមទាំង​មនុស្ស​ជាង​១២៦,០០០​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114