ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ៖ ប្រវត្តិនៃសេចក្តីថ្លែងការណ៍អុជអាល និងប្រកាន់ជាតិសាសន៍

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កឲ្យមានការចោទប្រកាន់ថ្មីៗអំពីការ​រើសអើងជាតិសាសន៍បន្ទាប់ពីគាត់បានវាយប្រហារទៅលើអ្នកប្រជាធិបតេយ្យជនជាតិភាគតិចចំនួន៤​នាក់នៅក្នុងសភាដោយប្រាប់ពួកគេឲ្យវិលត្រឡប់ទៅកន្លែងកំណើតរបស់ពួកគេវិញ។

ថ្វីបើលោក Trump បដិសេធថា គាត់មិនមែនជាអ្នកប្រកាន់ពូជសាសន៍ក៏ដោយនោះ គាត់មានប្រវត្តិវា​យប្រហារនយោបាយជាយូរអង្វែងមកហើយទៅលើក្រុមជនជាតិភាគតិចជាច្រើនដែលមនុស្សមួយចំនួនជឿថាបានជួយគាត់ឲ្យទទួលជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០១៦និងអាចមានសារៈសំខាន់នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។

យុទ្ធនាការប្រឆាំងលោក OBAMA

មុនពេលចាប់ផ្តើមការប្រកួតប្រជែងសម្រាប់តំណែងសេតវិមាននៅក្នុងឆ្នាំ២០១៦, លោក Trump បាន​កំណត់គោលដៅលើសាវតាជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិករបស់លោក Barack Obama ដោ​យលើកឡើងថា ប្រធានាតិបតីដែលមានដើមកំណើតនៅកោះហាវ៉ៃរូបនេះពិតជាកើតនៅក្រៅសហរដ្ឋ​អាមេរិកប្រាកដមែន។

អ្នករំលោភម៉ិកស៊ិក

លោក Trump បានយកការប្រយុទ្ធលើបញ្ហាអន្តោប្រវេសន៍ធ្វើជាចំណុចសំខាន់នៃវេទិកាបោះឆ្នោតរប​ស់គាត់ហើយបានប្រាប់អ្នកគាំទ្រនៅក្នុងសុន្ទរកថាថា ជនអន្តោប្រវេសន៍មកពីប្រទេសជិតខាងម៉ិកស៊ិកគឺជាអ្នកជួញដូរថ្នាំញៀននិងអ្នករំលោភសេពសន្ថវៈ។

ជនមូស្លីមក្នុងសហរដ្ឋអាមេរិក

លោក Trump ក៏បានធ្វើយុទ្ធនាការលើការហាមឃាត់ការចូលរបស់ជនមូស្លីមផងដែរ។

ក្នុងឆ្នាំ២០១៥ គាត់បានអះអាងថា ជនមូស្លីមរាប់ពាន់នាក់នៅក្នុងរដ្ឋ New Jersey បានអបអរសាទរ​បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី៩ខែកញ្ញាក្នុងទីក្រុងញូវយ៉ក។

បន្ទាប់ពីឈ្នះឆ្នោត លោក Trump បានដាក់បំរាមយ៉ាងតឹងរ៉ឹងទៅលើអ្នកមកពីប្រទេសឥស្លាមជាច្រើន​ហើយបានកាត់បន្ថយចំនួនជនភៀសខ្លួនដែលប្រទេសនេះនឹងទទួលយកជាពិសេសមកពីប្រទេសស៊ីរី។

ប្រទេសគគ្រិច

អំឡុងកិច្ចប្រជុំឯកជនក្នុងសេតវិមាននៅខែមករាឆ្នាំ២០១៨ លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា ​លោកចូលចិត្តជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអឺរ៉ុបភាគខាងលិច។

“ហេតុអ្វីបានជាយើងត្រូវយកមនុស្សទាំងអស់មកពីប្រទេសគគ្រិចមកទីនេះ?”។ លោក Trump បានសួរបែបនេះដោយចង្អុលទៅប្រទេសអាហ្វ្រិកដូចជាហៃទីនិងអែលសាល់វ៉ាឌ័រជាដើម។

អ្នករដ្ឋតិចសាស់ល្អ អ្នកកោះព័រតូរីកូអាក្រក់

លោក Trump មានទស្សនៈផ្សេងគ្នាអំពីការផ្គត់ផ្គង់មូលនិធិសង្គ្រោះបន្ទាន់សម្រាប់រដ្ឋតិចសាសនិង​កោះព័រតូរីកូដែលជាទឹកដីសហរដ្ឋអាមេរិកបន្ទាប់ពីទឹកដីទាំងពីរត្រូវបានបំផ្លិចបំផ្លាញដោយព្យុះសង្ឃរា​ក្នុងឆ្នាំ២០១៧។

លោកបានបង្ហោះក្នុងខែកញ្ញាឆ្នាំ២០១៧ថា “តិចសាស់! យើងនៅជាមួយអ្នកថ្ងៃនេះ យើងនឹងនៅជាមួ​យអ្នកនៅថ្ងៃស្អែកហើយយើងនឹងនៅជាមួយអ្នករាល់ថ្ងៃដើម្បីស្តារ ជួសជុលនិងកសាងឡើងវិញ!”។ 

ចំពោះព័រតូរីកូវិញ គាត់បានសរសេរថា “អ្នកនយោបាយក្នុងតំបន់របស់ពួកគេបានត្អូញត្អែរនិងសុំលុយ​បន្ថែម”៕ AFP

ដោយ ៖ វណ្ណវណ្ណ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114