ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ប៉ោ ​សេង រង​ការ​ចោទប្រកាន់ថា​ បាន​ឃុបឃិត​គ្នា​ក្នុង​ការ​ដេញថ្លៃ​ភាស៊ី​ផ្សារ​ និង​ធ្វើបាប​អាជីវ​ករ​លក់ដូរ​តាម​កញ្ច្រែង​ល្អី​តូចៗ​

ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹងថា លោក​ប៉ោ ​សេង​ ដែល​គេ​ស្គាល់​ថា​ជា​អ្នកដេញថ្លៃ​ភាស៊ី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ផ្សារ​ស្ទើរ​គ្រប់​ផ្សារ​នៅ​ខេត្ត​កណ្តាល​នោះ ត្រូវ​អាជីវករ​នៅ​តាម​ផ្សារ​នីមួយៗ​ចោទ​ប្រកាន់ថា​ បាន​កៀបសង្កត់​អ្នកលក់ដូរ​តា​ម​កញ្ច្រែង​ល្អី​តូចៗ​ប្រឆាំង​អនុសាសន៍​របស់​ សម្តេច​តេ​ជោ​ ហ៊ុន សែន ដែល​ហាម​ដាច់ខាត​មិនឲ្យ​យក​ភាស៊ី​គ្រប់​ផ្សារ​ទូទាំងប្រទេស ​ឬ​ទារលុយ​ពី​អ្នកលក់​តា​ម​កញ្ច្រែង​ល្អី​តូចតាច​នោះ​ឡើយ ហើយ​ម្យ៉ាងទៀត​គេ​សង្ស័យថា ​រាល់​ការដេញថ្លៃ​ភាស៊ី​ផ្សារ​នី​មួយៗ​នៅ​ខេត្តកណ្តាល​ គឺអាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផងដែរ។​

ប្រភព​បន្តថា លោក​ប៉ោ​ សេង​ បញ្ជា​ឲ្យ​​កូនចៅ​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក ​ហើយ​មិនដែល​ឃើញ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​ផ្សារ​ណាមួយ​ឡើយ។

​ជាក់ស្តែង​ផ្សារ​ស្អាង​នៅ​ស្រុក​ក្នុង​រដូវវស្សា​ពោរពេញ​ទៅដោយ​ភក់ជ្រាំ​ និង​ចោល​សំរាម​ពាសវាល​ពាស​កាល ស្អុយ​អសោច​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត តែបើ​ខែប្រាំង​វិញ​ហុយ​ទ្រលោម។

ករណីនេះ ​កន្លងមក ​ក៏មាន​អាជីវករ​ធ្លាប់បាន​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​ជាច្រើន​ដង​រួចមកហើយ ​តែ​នៅតែ​គ្មាន​ដំណោះ​ស្រាយ​សោះ​ធ្វើ​ឲ្យ​អាជីវករ​អស់​ជំនឿ​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង​មែនទែន។​

ប្រការ​នេះ​អាជ្ញាធរ ឬ​ការិយាល័យ​មន្ទីរ​ពាក់ព័ន្ធ​រង​ការ​រិះគន់ថា​ មិនដែល​អើពើ​រវីរវល់​អំពី​ការវិនិយោគ​ផ្សារ​របស់លោក​ប៉ោ​ សេង​ នោះឡើយ។​

ប្រភព​បន្តថា នៅពេល​ថ្មីៗ​នេះ​លោក​ប៉ោ​សេង បាន​ដេញថ្លៃ​ភាស៊ី​ផ្សារ​កោះធំ​នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល គេ​សង្ស័យថា​ មានការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយនឹង​ក្រុម​គណៈកម្មការ​ដែល​ចូលរួម​ដេញថ្លៃ​នោះ។​

មិនតែប៉ុណ្ណោះ​ការដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​នៅ​ខេត្ត​កណ្តាល​សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ​២០១៨​ និង​២០១៩​នេះ​ សុទ្ធតែ​មានតែ​លោក​តោ ​សេង ​តែម្នាក់ឯង​គត់​ដែល​ដេញ​បាន។

ជាក់ស្តែង​ថ្មីៗ​នេះ លោក​តោ ​សេង ​បាន​ដេញថ្លៃ​ភាស៊ី​នៅ​ផ្សារ​កៀនស្វាយ​បាន​មួយទៀត​ ដោយ​ក្នុង​តម្លៃ​តែ​១០​លាន​៥​សែន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ការដេញថ្លៃ​នោះ ​គ្មាន​ការ​ប្រកួត​ប្រជែង​ទេ ​គឺ​មានតែ​ក្រុមហ៊ុន​ប៉ោ​សេង​ម្នាក់ឯង​គត់ ដូច្នេះ​គេ​អាច​ទម្លាក់​តម្លៃ​ភាស៊ី​ក្នុង​មួយឆ្នាំៗ​សល់​ត្រឹមតែ​១​លាន​៥​សែន​រៀល​ប៉ុណ្ណោះ។​

ប្រភព​បន្ត​បន្ថែមទៀតថា បើសិន​ការដេញថ្លៃ​មាន​លក្ខណៈ​តម្លាភាព​ការដេញថ្លៃ​ភាស៊ី​ផ្សារ​កៀនស្វាយ​ យ៉ាងហោចណាស់​ក៏បាន​ជាង​៣០​លាន​រៀល​ដែរ។

ជាមួយគ្នា​នោះអាជ្ញាធរ​ខេត្តកណ្តាល​ ត្រូវបាន​អាជីវករ​ចោទថា​មិនបាន​ចូលរួម​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នោះទេ ដែល​គេ​សង្ស័យថា​អាចមាន​ភាពមិនប្រក្រតី​កើតឡើង​ជាក់​ជាមិនខាន។​

ប្រភព​នៅបាន​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៨-២០១៩​នេះ ការដេញថ្លៃ​ភាស៊ី​របស់លោក​ប៉ោ​ សេង​នៅ​ខេត្តកណ្តាល ​គឺ​បាន​ច្រើនជាងគេ​ដោយសារ​តែ​លោក​ប៉ោ​ សេង ​បានរៀបចំ​ជា​ក្រុមហ៊ុន​តូចៗ ហើយ​ដាក់ចូល​ដេញថ្លៃ​ជាមួយ​ក្រោមរូបភាព​មាន​ក្រុមហ៊ុន​ចូល​ដេញថ្លៃ​ច្រើន បន្លំ​ភ្នែក​មហាជន​តែ​គេ​បានរៀបចំ​រួចរាល់​អស់ហើយ ព្រោះ​ក្រុម​ហ៊ុម​តូចៗ​នោះ​មិន​ហ៊ាន​ដាក់​ថ្លៃ​ច្រើន​ទេ ហើយ​គេ​ចាំ​ទទួល​កញ្ចប់​ទឹកតែ​ជាការ​ស្រេច។​

កម្ពុ​ជាថ្មី មិនអាច​សុំ​ការពន្យល់​ពី​លោក​ប៉ោ​ សេង ​បានទេ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114