ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron ប្តេជ្ញា​ជួយ​ចាប់ផ្តើម​ការសន្ទនា​រវាង​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ​ឡើងវិញ

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​ចន្ទ​បាន​ប្តេជ្ញា​ថា​នឹង​ជួយ​ចាប់ផ្តើម​ការសន្ទនា​ឡើងវិញ​និង​ឈានដល់​កិច្ចព្រមព្រៀង​យូរអង្វែង​មួយ​រវាង​ប្រទេស​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ​ដែលជា​អតីត​សត្រូវ​នឹង​គ្នា​ហើយ​បាន​ជាប់​នៅក្នុង​ជម្លោះ​ការទូត​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

​ខណៈពេល​ធ្វើដំណើរ​ទស្ស​ន​កិច្ច​រដ្ឋធានី Belgrade របស់​ប្រទេស​ស៊ែ​បី លោក Macron បាន​និយាយថា លោក​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ​ព្រមទាំង​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ផងដែរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​សកល​និង​ប្រកបដោយ​ចីរភាព​។​

​ប្រទេស​ស៊ែ​ប៊ី​និង​អតីត​ខេត្ត​របស់ខ្លួន​នៅតែមាន​ទំនាក់ទំនង​ដ៏​ជូរចត់​ពីរ​ទសវត្សរ៍​បន្ទាប់ពី​សង្គ្រាម​កូ​សូ​វ៉ូ​បាន​នាំ​ឲ្យ​រដ្ឋធានី Pristina បំបែក​ខ្លួន​ហើយ​ក្រោយមក​ប្រកាស​ឯករាជ្យ​។​

​ទីក្រុង Belgrade បាន​បដិសេធ​ទទួលស្គាល់​កូ​សូ​វ៉ូ​ដោយសារតែ​នៅតែ​គិតថា​វា​ជា​ខេត្ត​ភាគខាងត្បូង​របស់​ប្រទេស​ស៊ែ​ប៊ី​។​

​លោក Macron បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ែ​ប៊ី​លោក Aleksandar Vucic ថា “​ព្រឹត្តិការណ៍​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​កំពុង​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ​ហើយ​ការសម្រេចចិត្ត​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​គួរតែ​ត្រូវ​ផ្លាស់ប្តូរ​វិញ​”​។​

​លោក Macron បាន​បន្ថែមថា “​វា​គឺជា​ការទទួលខុសត្រូវ​របស់​យើង​ក្នុងការ​ផ្តល់នូវ​ការគាំទ្រ​ចាំបាច់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​”​។​

​ភាគ​ខាងជើង​ប្រទេស​កូ​សូ​វ៉ូ​ដែលមាន​ប្រជាជន​ជនជាតិ​ស៊ែ​ប៊ី​នៅតែ​ស្មោះត្រង់​នឹង​ទីក្រុង Belgrade នោះបាន​ធ្វើការ​តវ៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ប្រឆាំងនឹង​តម្លៃ​ពន្ធ​ដែល​បាន​កាត់ផ្តាច់​លំហូរ​នៃ​ទំនិញ​របស់​ស៊ែ​ប៊ី​នៅក្នុង​តំបន់​នេះ​។​

​កូ​សូ​វ៉ូ​និយាយថា ខ្លួន​នឹងមិន​លុបចោល​ពន្ធគយ​ទេ​រហូតដល់​ទីក្រុង Belgrade ទទួលស្គាល់​ឯករាជ្យ​របស់ខ្លួន​ខណៈ​ដែល​ប្រទេស​ស៊ែ​ប៊ី​នឹងមិន​រៀបចំ​កិច្ចពិភាក្សា​ឡើយ​រហូត​ទាល់តែ​មានការ​ដកហូត​ពន្ធ​។​

​គួរ​បញ្ជាក់ថា លោក Macron គឺជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​ប្រទេស​ស៊ែ​ប៊ី​ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយនេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114