ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​សិល្បៈ​ពីររូប​ ទទួល​បានការ​ជួយឧបត្ថម្ភ​ពី​សមាគម​សិល្បករ​ខ្មែរ​

ភ្នំពេញ ​៖ ​សមាគម​សិល្បករ​ខ្មែរ​ ដែល​មាន​តារា​ស្រី​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​មុន​នេះ​បាន​ចាត់​ឲ្យ​តំណាង​របស់ខ្លួន​នាំយក​ថវិកា ​និង​អំណោយ​មួយចំនួន​ទៅ​ឧបត្ថម្ភ​ប្រគល់ជូន​ដល់​តារា​សិល្បៈ​ពីររូប​ដែលមាន​វ័យចាស់​ជរា​ និង​ជួប​ជីវភាព​ខ្វះខាត​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ក្រោយពេល​បាត់បង់​ឱកាស​សម្តែង​។​

​ការចាត់​ឲ្យ​តំណាង​នាំយក​ថវិកា​ និង​អំណោយ​ទៅ​ប្រគល់ជូន​តារា​ជើងចាស់​ គឺ ​តា រិ​ទ្ធ សារី និង​អតីត​តារា​កំប្លែង​ និង​ចម្រៀង​អ្នកនាង ពេជ្រ រ៉ូ​ហ្សា ខណៈដែល​បច្ចុប្បន្ន​តារា​ស្រី​រូបនេះ​កំពុងមាន​ជំងឺ​ប្រចាំ​ផង​នោះ ​គឺ​ត្រូវបាន​សមាគម​បញ្ជាក់​ថា សកម្មភាព​នេះ ​បាន​ធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា​ពោល​ គឺ​ពុំ​បាន​ហៅ​ពួក​គាត់​មក​ទទួល​នៅ​ទីស្នាក់ការ​សមាគម​នៅឡើយ ​ដោយ​ចុះ​ទៅដល់​ចំណុច​ទីតាំង​រស់​នៅ​តែម្តង​។​

​សមាគម​សិល្បករ​ខ្មែរ​បាន​បញ្ជាក់ថា​ សមាគម​សិល្បករ​ខ្មែរ​បាន​ជូន​ថវិកា​មូលនិធិ​សិល្បករ​ចាស់ជរា ជាប្រចាំ​ខែ​ដល់​សិល្បករ​លោកតា រិ​ទ្ធ សារី ដែលជា​តារា​សម្តែង​ជើងចាស់​។​

សកម្មភាព​នេះ​បាន​ធ្វើឡើង​តាមរយៈ​តំណាង​សមាគម​។​ដោយឡែក​ទន្ទឹមគ្នា​នោះ​តំណាង​សមាគម​សិល្បករ​ខ្មែរ​លោកស្រី ថុង ស៊ីវ​ទៀង ក៏បាន​នាំយក​ថវិកា​មូលនិធិ​សិល្បករ​ចាស់ជរា​ជូន​ដល់​អ្នកនាង ពេជ្រ រ៉ូ​ហ្សា ជា​តារាចម្រៀង ​និង​កំប្លែង​ផងដែរ​។​

​ប្រភព​បានបញ្ជាក់​បន្ថែម​ថា ​អ្នកនាង ពេជ្រ រ៉ូ​ហ្សា បច្ចុប្បន្ន​នាង​កំពុងមាន​ជំងឺ​ប្រចាំកាយ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង​។ សមាគម​សិល្បករ​ខ្មែរ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ​ដល់ «​មូលនិធិ​សិល្បករ​ចាស់ជរា​» ជាពិសេស​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ក្នុង​រយៈពេល​៥​ឆ្នាំ​។​

​អរគុណ​ដល់​អ្នកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង និង​អ្នកឧកញ៉ា ហុង ពី​វ អគ្គនាយក បុរី​ពិភពថ្មី ដែល​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​នាក់​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ក្នុង​រយៈពេល​៥​ឆ្នាំ ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់ជរា​។​ ប្រភព​ខាងលើ​បាន​បន្ថែម​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114