ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង បង្ហាញ​ទស្សនៈ​ក្រោយ​ដឹកនាំ​ក្រុម​បន្ត​ជ័យជម្នះ​ក្នុង​សប្តាហ៍​ទី​១៥

​គ្រូបង្វឹក​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​សម្តែង​អារម្មណ៍​រីករាយ​ចំពោះ ក្រុម​របស់ខ្លួន​ដែល​ដណ្តើមបាន ៣​ពិន្ទុ​បន្តទៀត​ក្រោយ​យកឈ្នះ សូល​ទី​ឡូ​អង្គរ ៦-១ កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ នៅ​សប្តាហ៍​ទី​១៥ នៃ​លី​គ​កំពូល​កម្ពុជា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ចប់​ការប្រកួត គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូប​នេះ​ពោល​ថា “ ពិត​ណាស់ ខ្ញុំ​រីករាយ​ជាមួយនឹង​លទ្ធផល​នេះ ឈ្នះ​សូល​ទី​ឡូ​អង្គរ ជា​ក្រុម​ដែល​បាន​បំបាក់​ក្លិប​ធំៗ​ជាច្រើន​ក្នុង​លី​គ គឺជា​មោទនភាព​មួយ​សម្រាប់​យើង តែ​ក៏​សូម​អរគុណ​ដល់​កូនក្រុម​របស់ខ្ញុំ​ផងដែរ ដែល​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង ៩០​នាទី​នៃ​ការប្រកួត​នេះ “។

​លោក Conor បន្ត​ថា “ យើង​នឹងមិន​ផ្លាស់ប្តូរ​អ្វី​ឡើយ យើង​មិន​យក​ច្បាប់​បាល់ទាត់​មក​ផ្លាស់ប្តូរ​នរណាម្នាក់​នោះទេ យើង​ត្រឹមតែ​ធ្វើ​រឿង​ដែល​យើង​កំពុង​ធ្វើ និង​សង្ឃឹមថា​មិនមាន​កីឡាករ​ណា​ម្នាក់​របួស ដើម្បី​ដំណើរ​ដ៏​ល្អ​របស់​យើង​បន្ត​រហូតដល់​ចប់​រដូវ​កាល “។

ជា​បន្ត​លោក​ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​អ្នកគាំទ្រ​ព្រះខ័ន​រាជ​ស្វាយរៀង​ផងដែរ ព្រោះ​ពួកគេ​ក៏ដូចជា​កីឡាករ​អញ្ចឹង​ដែរ គឺ​ឈរ​នៅ​ពីក្រោយ​យើង​ទាំង​មុន និង​រហូតដល់​ចប់​ការប្រកួត ដូចនេះ​សូម​អរគុណ​ទឹកចិត្ត​របស់​ពួកគេ ។

​គួរ​ឲ្យ​ដឹង​ថា គិត​ត្រឹម​បច្ចុប្បន្ន​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ បាន​ឈាន​ដល់​សប្តាហ៍​ទី​១៦​ហើយ ខណៈ ១៥​សប្តាហ៍​កន្លងមក​នេះ ព្រះខ័ន​រាជ​ស្វាយរៀង មិនទាន់​ស្គាល់​ពាក្យ​ថា ​បរាជ័យ​នៅឡើយ​ទេ ដោយ​យកឈ្នះ​ការប្រកួត ១២​លើក និង​ស្មើ ៣​លើក មាន ៣៩​ពិន្ទុ ដាច់​ពី​ក្រុម​ប្រដេញ​ពីក្រោយ ណាហ្គា​វើ​ល ៥​ពិន្ទុ ស្រប​ពេលដែល​ការប្រកួត​នៅសល់ ១១​សប្តាហ៍​ទៀត​ទើប​ចប់​រដូវ​កាល។

សូម​រំលឹក​ថា ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា លើក​ចុងក្រោយ​បង្អស់​គឺ​នៅ​ឆ្នាំ ២០១៣ ក្រោម​ការដឹកនាំ​របស់​លោក សំ វ៉ាន់​ដេ​ត ហើយ​ចាំ​មើល​ថា តើ​ក្រោម​ការដឹកនាំ​របស់លោក Conor Nestor អាច​នាំ​ស្វាយរៀង ឈ្នះ​ជើងឯក​លី​គ​សារជាថ្មី​បាន​ឬទេ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114