ព័ត៍មានទាន់​ហេតុការណ៏
Search

វាយ​ខ្នោះដៃ​ក្មេង​ស្ទាវ​ម្នាក់ ​បើក​រថយន្ត​ដឹកទំនិញ​កិន​មនុស្ស​ស្លាប់​២​នាក់ ​យ៉ាង​រន្ធត់​

កណ្តាល​ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ បាន​ចាប់វាយ​ខ្នោះដៃ​ក្មេងស្ទាវ​ម្នាក់​ ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែល​បាន​បើក​កិន​មនុស្ស​ស្លាប់​២​នាក់ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦​និង​២៧ ស្ថិតក្នុង​ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​បង្ក​អោយ​មនុស្ស​ស្លាប់​ខាងលើ​ឈ្មោះ ហ៊ុន សាន្ត ភេទ​ប្រុស​ អាយុ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វិហារ​ខ្ពស់ ឃុំ​សួង ស្រុក​សួង ខេត្ត​ត្បូងឃ្មុំ។

​ចំណែក​ឯ​សាកសព​ជនរងគ្រោះ​ឈ្មោះ និ​ត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ​ខេត្ត​ព្រែ​វែង និង​ម្នាក់ទៀត​ឈ្មោះ ធី វណ្ណ​ថង ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចន្លុះ ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ភាគី​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI Smush Revo C110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1F-6205 បើកបរ​ដោយ​ឈ្មោះ និ​ត និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ធី វណ្ណ​ថង ជិះ​ជាមួយ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ទាំងពីរ​នាក់ ដែល​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។

លុះ​ពេល​បើកបរ​មកដល់​ចំណុច​កើតហេតុ​ខាងលើ អ្នកបើកបរ​ម៉ូតូ​បាន​បើក​ឡើង​វ៉ា​ជែង​រថយន្ត​តូច​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​នៅ​ខាងមុខ តែ​វ៉ា​មិន​ផុត​បាន​បុក​ចំ​ស្តុ​ប​ខាងឆ្វេង​នៃ​រថយន្ត​នោះ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​អ្នក​បើកបរ និង​រួម​ដំណើរ​នៅ​លើ​កណ្តាល​ទ្រូងផ្លូវ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​HYUNDAI ពណ៌ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-1508 បើកបរ​ដោយ​ឈ្មោះ ហ៊ុន សាន្ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ អ្នកបើកបរ​រថយន្ត​នោះ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏បាន​កិន​ពីលើ​អ្នក​រួម​ដំណើរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​បើកបរ​និង​ម៉ូតូ​ត្រូវ​ជាប់​នៅ​ក្រោម​រថយន្ត​នោះ ដែល​អ្នក​បើកបរ​បាន​ព្យាយាម​បើក​រត់គេច​អូស​រាប់​រយ​ម៉ែត្រ​រហូត​ជិត​ដល់​សាលាឃុំ​កោះ​ចិន ទើប​អ្នកបើកបរ​រថយន្ត​បាន​ឈប់​រថយន្ត​រួច​រត់​គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​សហការ​គ្នា​ជាមួយ​ប្រជាជន​ដេញចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​យក​មក​សាកសួរ និង​បំពេញ​នីតិវិធី​។

ប៉ូលិស​និយាយ​ថា ករណី​គ្រោះថ្នាក់​នេះ​ បណ្តាល​មក​ពី​ជនរងគ្រោះ​បើកបរ​ម៉ូតូ​លឿន​ពេក និង​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន និង​ដោយសារ​ភាគី​ខាង​រថយន្ត​បង្ក​បាន​បើកបរ​លឿន​ខ្វះ​ការ​ប្រយ័ត្ន​ដឹង​ថា ​ខាងមុខ​មាន​បញ្ហា​ហើយ​នៅតែ​មិន​ព្រម​ត្រៀម​ប្រយ័ត្ន​។

អ្នកបើកបរ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ត្រូវ​មាន​ទោសឧក្រិដ្ឋ អាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​បើសិនជា​រក​ឃើញ​ថា អ្នកបើកបរ​ពិត​ជា​មាន​ចេតនា​ប៉ង​បើក​បុក​សម្លាប់​គេ​មែន ដែល​ករណី​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​រហូតដល់​២​នាក់​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114