ព័ត៍មានទាន់​ហេតុការណ៏
Search

Dzarma Bata កំពុង​សាង​ភាព​ភ្ញាក់ផ្អើល ក្រោយ​ចូលរួម​ភ្នំពេញ​ក្រោ​ន​នៅ​ជើង​ទី​២

ខ្សែប្រយុទ្ធ Dzarma Bata ដែល​ធ្លាប់​លេង​នៅ​ក្លិប​ជាច្រើន​ក្នុង​លី​គ​កំពូល​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បាន​កំពុងតែ​បង្ក​នូវ​ភាព​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន នៅ​ជើង​ទី​២ នៃ​រដូវ​កាល ២០១៩​នេះ​។

Bata រក​បាន ១៣​គ្រាប់​ក្នុង​លី​គ ឲ្យ​ក្លិប​ក្រសួងការពារជាតិ ត្រឹម​ពាក់​កណ្តាល​រដូវ​កាល​នេះ ដោយ​ជួយ​ឲ្យទ័ព ក្រោម​ការដឹកនាំ​របស់​លោក ភា សុ​ភ័​ត្ត្រា ប្រជែង​ក្នុង​តំបន់​កំពូល និង​ក្រោយពី​ផ្លាស់​មក​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន រូបគេ​រកបាន​គ្រាប់​បាល់ ២​ប្រកួត​ជាប់​គ្នា​នៅ​ជើង​ទី​២​នេះ ពោលគឺ ៧​គ្រាប់។

៧​គ្រាប់​របស់ Bata រកបាន ១​គ្រាប់​ក្នុងជំនួប​ស្មើគ្នា​ជាមួយ​បឹងកេត ២-២ និង ៦​គ្រាប់ ( Double-Hattrick ) ក្នុងជំនួប ឈ្នះ​យុវជន​សាលា​បាល់ទាត់​ជាតិ ១២-១។ ស្ថិត​ក្នុង​កំណត់ត្រា​ដ៏​ល្អ​នេះ កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា រូប​នេះ បាន​ហក់​ទៅ​ឈរ​នៅ​កំពូល​តារាង​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ ពោល​គឺ​ជា​មួយ​នឹង​គ្រាប់​បាល់​សរុប ២០​គ្រាប់ ដែល​ប្រជែង​ពីក្រោយ​ដោយ​កីឡាករ Timothy មកពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ពោលគឺ ១៨​គ្រាប់។

នេះ​គឺជា​ចំណុច​ល្អ​មួយ​សម្រាប់ Bata ក្រោយ​បាត់​មុខ​ពី​បញ្ជី Top Scorers ក្នុងពេល ៥​ឆ្នាំ​កន្លង​មក ពោល​គឺ​ក្រោយពី​រូបគេ ឈ្នះ​ស្បែកជើង​មាស ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ឆ្នាំ ២០១៤ ដោយ​កាលនោះ​រកបាន ២៣​គ្រាប់ ត្បិត​តែ​មិន​អាច​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពានរង្វាន់​លី​គ​ក៏ដោយចុះ។

និយាយ​អំពី​ក្លិប​អាជីព​នៅ​កម្ពុជា ដែល Bata ធ្លាប់​លេង​ឲ្យ​វិញ គឺ​មាន​ដូចជា ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត អាស៊ី​អឺរ៉ុប អង្គ​រថា​យ​ហ្គឺ​រ សូល​ទី​ឡូ​អង្គរ និង​ចុងក្រោយ​ក្រុម​ក្រសួងការពារជាតិ ដែល​អាច​កំណត់ថា​ ជា​កីឡាករ​បរទេស​មួយរូប ធ្លាប់​លេង​ឲ្យ​ក្លិប​ធំៗ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​។

សូម​ជម្រាប​ថា Bata គឺជា​កីឡាករ​ចំណូល​ថ្មី​ទី ៥​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក្នុង​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា ជើង​ទី​២​នេះ ក្រោយ​ការផ្ទេរ​ចូល​នូវ​កីឡាករ​ខ្មែរ និង​បរទេស​ដូចជា​៖ សុខ សុវណ្ណ​, សេង សា​រ៉ាវុធ និង Mustafa Zazai៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114