ព័ត៍មានទាន់​ហេតុការណ៏
Search

វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​២ បញ្ចប់​ក្នុង​សប្តាហ៍​នេះ​ជាមួយ​ការប្រកួត ៤​គូ​

ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ (១៦​ក្រុម​ចុងក្រោយ​) ក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន លើក​ទី​១៣ ឆ្នាំ ២០១៩ បាន​ឈានដល់​សប្តាហ៍​ចុងក្រោយ​នៃ​ការប្រកួត​ជើង​ទី​២​ហើយ ដោយមាន ៤​គូ​នឹងធ្វើ​ការប្រកួត​ចំនួន ២​ថ្ងៃ​។

​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ ២០១៩
​រតនគិរី ប៉ះ សូល​ទី​ឡូ​អង្គរ
សម្រាប់​គូ​នេះ គឺ​ភាគរយ​នៃ​ការដណ្តើម​កៅអី​ទៅ​វគ្គ​បន្ទាប់​បាន​ទៅ សូល​ទី​ឡូ​អង្គរ ច្រើនជាង​ដោយសារ​ពួកគេ​បាន​យកឈ្នះ​ក្នុង​ជើង​ទី​១ ដោយ​លទ្ធផល ១០-១។ សម្រាប់ រតនគិរី គឺជា​បេក្ខភាព​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ការ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត​កន្លងមក។ ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន AEU Sport Park វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ផ្សាយ​ផ្ទាល់​ដោយ BTV News ។

-​ក្រសួងការពារជាតិ ប៉ះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត
ការ​ជួបគ្នា​រវាង​ក្រុម​ទាំងពីរ គឺ​មិន​មាន​អ្វី​ប្លែក​ទេ ព្រោះ​ពួកគេ​ជា​បេក្ខភាព​ក្នុង​លី​គ​កំពូល​កម្ពុជា​ដូចគ្នា។ អាស៊ី​អឺរ៉ុប ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ស្តា​ត​ចាស់​ម្តង​រួច​មក​ហើយ ក្នុងការ​ប្រកួត​លី​គ សប្តាហ៍​ទី​១៣​កន្លងទៅ តែ​កាលនោះ​បរាជ័យ ១-៣ និង​លើក​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ​កាលពី​ជើង​ទី​១ បាន​បរាជ័យ ១-៣ ជា​បន្តទៀត ក្រោយពី​មានឱកាស​រក​គ្រាប់​នាំមុខ ។ ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ធ្វើឡើង​នៅ​កីឡដ្ឋាន កងយោធពល​ខេមរភូមិន្ទ វេលា​ម៉ោង ៦​ល្ងាច និង​ផ្សាយ​ផ្ទាល់​ដោយ CNCC លើ​គេហទំព័រ Youtube ។

​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកក្កដា ឆ្នាំ ២០១៩
ណាហ្គា​វើ​ល ប៉ះ គិរីវង់​សុខ​សែន​ជ័យ​
លទ្ធផល​កាលពី​ជើង​ទី​១ មិន​សមចិត្ត​របស់​ក្រុម​ការពារ​ជើងឯក​លី​គ​រដូវ​កាល​ចាស់ ណាហ្គា​វើ​ល​ឡើយ ដែល​ឃើញ​ថា​ ពួកគេ​ត្រូវបាន គិរីវង់ យកឈ្នះ ២-០ នៅក្នុង​ខេត្តតាកែវ មានន័យថា ក្រុម​របស់លោក មាស ចាន់ណា ត្រូវ​ការ​រក​គ្រាប់​បាល់​ឈ្នះ​វិញ​លើស ២​គ្រាប់ ដើម្បី​ធានា​កៅអី​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​។ តើ​ការ​មក​ប្រកួត​នៅ​ទឹកដី​ស្តា​ត​ចាស់ អាច​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​ពួកគេ ឬ​យ៉ាងណា ខណៈ​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់ លើ​ប៉ុស្តិ៍ BTV News ។

វិសាខា ប៉ះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ (​ប៉ូលីស​) ត្រូវ​ធ្វើការ​ខ្លាំង​បំផុត​ក្នុង​ជើង​ទី​២​នេះ ដើម្បី​វាយបក​រក​គ្រាប់​បាល់​វិញ បន្ទាប់ពី​ពួកគេ​រង​បរាជ័យ ០-៦ ទល់នឹង​វិសាខា កាលពី​ជើង​ទី​១​កន្លងមក​។ បើ​និយាយ​ពី​ជំនួប​រវាង​ពួកគេ​ទាំងពីរ​នៅ​កីឡដ្ឋាន​វិសាខា ក្នុង​លី​គ​កំពូល កន្លង​មកវិញ គឺ​វិសាខា បាន​យកឈ្នះ ៣-១ ថែម​ទៀតផង ។ ការប្រកួត ធ្វើឡើង​នៅ​កីឡដ្ឋាន​វិសាខា វេលា​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់​ដោយ CNCC លើ​គេហទំព័រ Youtube ។

គួរ​រំលឹក​ផងដែរ​ថា សម្រាប់​សមាសភាព​ក្រុម​បន្តទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បាន​រកឃើញ ៤​ក្រុម​រួចមកហើយ គឺ បឹងកេត​, ភ្នំពេញ​ក្រោ​ន​, អង្គ​រថា​យ​ហ្គឺ​រ និង ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​រង់ចាំ ៤​ក្រុម​ទៀត ដើម្បី​ចាប់​គូប្រកួត៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114