ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដួល​គ្រេច​ស្មា

​ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​សម្តេច​គ្រេច​ស្មា​ហើយ​ត្រូវ​ចេញទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​កាល​ពី​ពេល​ថ្មីៗ​កន្លងមក​នេះ។

បន្ទាប់ពី​លាក់​ទុកជា​អាថ៌កំបាំង​អំពី​មូលហេតុ​អស់​ជាច្រើន​ថ្ងៃ​រួចមក​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ទម្លាយ​ចេញ​នូវ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​សម្តេច​គ្រេច​ស្មា​គឺ​ដោយសារ​ការ​ជិះ​កង់​ដួល​លើ​ស្មៅ ក្នុង​ខណៈ​ពេល​សម្តេច​កំពុង​ហាត់ប្រាណ​ក៏​គ្រេច​ស្មា​តែម្តង​ទៅ។ ជា​មួយ​គ្នា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំ​ដល់​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​អាយុ​លើសពី ៥០ឆ្នាំ ​សូម​កុំ​ជ្រើស​រើស​យក​កីឡា​ជិះ​កង់ ព្រោះ​អាច​នាំមក​នូវ​គ្រោះថ្នាក់ ឬ​ ឈឺ​ខ្លួន​ប្រាណ​ដូច​សម្តេច។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​នៅ​ល្ងាច​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩​ថា «​មាន​បងប្អូន​យើង​មួយ​ចំនួន​មានការ​ងឿងឆ្ងល់​ថា​ហេតុអ្វី​បាន​ខ្ញុំ​គ្រេច​ស្មា​? ចម្លើយ​ខ្លី​របស់ខ្ញុំ​មកពី​ខ្ញុំ​រពឹស។ មកពី​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ត្រៀម​ទៅ​វាយកូនគោល​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។ ក្រោក​ពី​សម្រាក​ថ្ងៃរសៀល​នឹកឃើញ​ចង់​រៀន​ជិះ​កង់​ប្រណាំង​ក៏​រៀបចំខ្លួន​ជិះ​កង់​តាម​ក្បួនខ្នាត​មាន​ទាំង​មួក​សុវត្ថិភាព​ផង។ ជិះ​កង់​បាន​ប្រហែល ៥០នាទី ​ដល់ពេល​ត្រូវ​ឈប់​ព្រោះ​បែកញើស​ខ្លាំង​ហើយ ពេល​កង់​ស្ទើរតែ​អស់​ល្បឿន​បែរជា​កង់​ដួល​ទៅលើ​ស្មៅ​ធ្វើ​ឲ្យ ខ្ញុំ​គ្រេច​ស្មា​ខាងស្តាំ​។ សុំ​បញ្ជាក់​ថា ​កង់​ដែល​ខ្ញុំ​ជិះ​នេះ ជា​ប្រភេទ​កង់​ប្រណាំង​ដែល​ទើប​ទិញ​មក​សម្រាប់​ការហាត់​របស់ខ្ញុំ​ដើម្បី​ឈាន​ទៅ​ចុះឈ្មោះ​ជា​កីឡាករ​ប្រ ណាំង​កង់​សម្រាប់​មនុស្ស​ចាស់​តែ​ខ្ញុំ​ផ្តាំ​ថា អាយុ​លើស​ពី​៥០​ឆ្នាំ​គួរ​កុំ​ជិះ​កង់​ប្រភេទ​នេះ​នាំ​គ្រោះថ្នាក់ ឬ​ ឈឺ​ខ្លួន​ដូច​ខ្ញុំ​នេះ​ស្រាប់។ ក្មេង​រពឹស​មិន​ងាយ​រាងចាល​ទេ​តែ​ចាស់​រពឹស​ឆាប់​រាងចាល​ណាស់​។ មាន​ឡាន មាន​ម៉ូតូ​ជិះ​តែ​មក​គ្រោះថ្នាក់​ដោយសារ​កង់​មកពី​រពឹស​»។

គួរ​រំលឹក​ថា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ប្រកាស​លុបចោល​រាល់​ជំនួប​ទាំងអស់​កាលពី​សប្តាហ៍​មុន​ដោយសារតែ​សម្តេច​ត្រូវ​អញ្ជើញ​ទៅពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី​ពាក់ព័ន្ធ​បញ្ហា​គ្រេច​ស្មា​ខាងស្តាំ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បែបនេះ​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា «​ដោយសារ​មាន​បញ្ហា​គ្រិច​ស្មា​ខាងស្តាំ​និង​ដោយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​ឲ្យ​គ្រូពេទ្យ​សិង្ហបូរី​ពិនិត្យ​និង​ព្យាបាល។ ខ្ញុំ​សូម​អធ្យា​ស្រ័យ​ពី​សំណាក់​មិត្ត​ភ័ក្រ​ទាំង​បរទេស​ទាំង​ខ្មែរ​ដែល​ត្រូវ​ជួប​ខ្ញុំ​នៅ​សប្តាហ៍​ក្រោយនេះ​ដែល​ខ្ញុំ​ត្រូវ​លុបចោល​នូវ​ជំនួប​នោះ​»។

ក៏ប៉ុន្តែ​នៅ​ក្នុង​សប្តាហ៍​មុន​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទោះបី​មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​ក៏ដោយ​តែ​សម្តេច​បាន​ឆ្លៀត​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី១២ ខែកក្កដា​ដែល​មាន​របៀបវារៈ​រហូត ៥៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114