ព័ត៍មានទាន់​ហេតុការណ៏
Search

កាន់តែ​កៀក​ទៅ​ដឹង​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​កម្ពុជា ក្នុង វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ទទួល​កៅអី​ឡើងទៅ​ការប្រកួត​បន្ត​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពាន​បាល់ទាត់​ពិភពលោក ( FIFA World Cup 2022 ) គឺ​ក្រោយ​ជោគជ័យ​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ ដោយ​បន្ត​យកឈ្នះ​ប៉ា​គី​ស្ថាន លទ្ធផល ១​ទល់​២ និង​ឈ្នះ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៤​ទល់​១ កាលពី​ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​។

ក្រោយ​រក​ឃើញ​ក្រុម​ឈ្នះ​ទាំង​៦ នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ ក្នុង​តំបន់​អាស៊ី នៅ​ពានរង្វាន់​ដដែល​នេះ ក្នុង​នោះ​មាន​ដូចជា កម្ពុជា​, ម៉ុង​ហ្គោ​លី​, ស្រីលង្កា​, បង់​ក្លា​ដែ​ស​, ម៉ាឡេស៊ី និង​ហ្គា​ម ដូចនេះ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ នឹង​ឈានដល់​វគ្គ​ចាប់​ពូ​ល​រវាង​ក្រុម​ទាំង ៤០ នៅ​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី។

ប្រទេស​ទាំង ៤០ នោះ​រួមមាន​៖ អ៊ីរ៉ង​, ជប៉ុន​, កូរ៉េខាងត្បូង​, អូស្ត្រាលី​, កាតា​, អារ៉ាប់​រួម​, អារ៉ាប​ប៊ីត​សាវ​ឌី​ត​, ចិន​, អ៊ីរ៉ាក់​, ស៊ី​រី​, អ៊ូ​បី​គី​ស្ថាន​, លី​បង់​, អ៊ូ​ម៉​ង​, គី​ស៊ី​ស្ថាន​, ហ្ស៊​កដា​នី​, វៀតណាម​, ប៉ា​ឡេ​ស្ទី​ន​, ឥណ្ឌា​, បា​រ៉ែ​ន​, ថៃ​, តាជី​គី​ស្ថាន​, កូរ៉េខាងជើង​, ហ្វីលីពីន​, ឆាយ​នី​ស​តៃ​ប៊ិ​, តួរ​មី​នី​ស្ថាន​, មី​យ៉ាន់​ម៉ា​, កោះ​ហុងកុង​, យ៉េ​មែន​, អា​ហ្វ​ហ្គា​នី​ស្ថាន​, ម៉ា​ល​ឌី​វ​, គុយវែត​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី​, នេ​ប៉ាល់ និង ៦​ប្រទេស ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ត្រូវ​ចូលទៅ​បង្គ្រប់​រួមមាន​៖ កោះ​ហ្គា​ម​, ម៉ុង​ហ្គោ​លី​, ម៉ាឡេស៊ី​, បង់​ក្លា​ដេ​ស​, កម្ពុជា និង​ស្រីលង្ការ​។

សម្រាប់​ក្រុម​ទាំង ៤០ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ស្ថិតនៅ​តាម POT ចំនួន ៥ ដោយ​បែងចែក​ផ្អែកលើ​លំដាប់​ពិន្ទុ​ក្នុង FIFA World Ranking របស់​ពួកគេ​។ តាម​រូបមន្ត ពួកគេ​នឹងត្រូវ​ចាប់ឆ្នោត​ចូល​ពូ​ល A ដល់​ពូ​ល H ដោយ​ក្នុង​ពូ​ល​នីមួយៗ​មាន ៥​ក្រុម នឹងត្រូវ​ធ្វើការ​ប្រកួត​៥​លើក​ក្នុង​ដី និង ៥​លើក​ក្រៅ​ទឹកដី​។

កាលពី​វគ្គ​ជម្រុះ World Cup 2018 ដំណាក់កាល​ទី​២ កម្ពុជា ជួប​ជាមួយនឹង ជប៉ុន​, ស៊ី​រី​, សិង្ហ​បុរី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​លទ្ធផល​មិន​ជោគជ័យ​ឡើយ ពោលគឺ​ចាញ់​ទាំង ៨​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១​គ្រាប់​ប៉ុណ្ណោះ តែ​របូត ដល់​ទៅ​២៧​គ្រាប់​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114