ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ទូក​ក្នុង​បឹង ​ចុះ​ដក​ក្រអៅឈូក​ លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង

កំពង់ចាម​ ៖​ ព្រោះតែ​ជីវភាព​​ បាន​ធ្វើ​អោយ​បុរស​ម្នាក់ អុំទូក​ទៅ​កណ្តាល​បឹង ដើម្បី​ដក​ក្រអៅឈូក តែ​មិនដឹង​ហេតុអ្វី បានជា​លង់ទឹក​ស្លាប់​នៅ​ចំណុចកណ្តាល​បឹង​ស្នាយ ស្ថិតនៅ​បឹង​បាសាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។​

ប៉ូលិស​បានអោយដឹងថា ​នៅ​ថ្ងៃទី​16​ ខែ​កក្កដា ​ឆ្នាំ​2019​ នៅវេលា​ម៉ោង​12 ប៉ុស្តិ៍​នគរបាល​សង្កាត់​សំបួរមាស បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ បឹង​បាសាក់ ថា ​មាន​ករណី លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​នៅ​ក្នុង​បឹង​ស្នាយ។

ប៉ូលិស​បាន​បន្ត​ថា ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាង​លើ​ភ្លាម ​មន្ត្រី​ជំនាញ ពិនិត្យ​ និង​វិភាគ​កន្លែងកើតហេតុ​ និង​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បង្កើត គណៈកម្មការ​ចម្រុះ​ពិនិត្យ​សព​យ​ឃើញ​ថា​: ទីកន្លែង​កើតហេតុ គឺ​នៅ​ចំណុចកណ្តាល​បឹង​បាសាក់ ស្ថិតនៅ​ក្នុងភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដែល​មាន​ជនរងគ្រោះ​ឈ្មោះ ស៊ូ ចេង ភេទ​ប្រុស អាយុ 55​ឆ្នាំ រស់នៅ​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មុខរបរ នេសាទ​ផង ដើរ​ដក​ព្រលិត ក្រអៅឈូក ផង បាន​ចុះទៅ​ដក​ដើម​ឈូក​នៅ​កណ្តាល​បឹង ហើយ​លង់ទឹក​ស្លាប់​តែម្តង ប៉ុន្តែ​សាកសព​ក្រុមគ្រួសារ​បាន​ស្រង់​ចេញពី​ទឹក​បឹង យកមក​ផ្ទះ​មុន ពេល​សមត្ថ​កិច្ច​ទៅដល់​កន្លែង កើត​ហេតុ។​

ប៉ូលិស​បាន​បន្តថា​ គណៈកម្មការ​ចម្រុះ ​បាន​ពិនិត្យ​លើ​សាកសព​ឃើញ​ថា ​៖​ នៅ ផ្នែក​ក្បាល ដងខ្លួន និង​អវយវៈគ្មាន​ស្លាកស្នាម​អ្វី​ឡើយ។ នៅក្នុង​មាត់​មាន​ធូលី នៅ​ក្រចកដៃ មាន​ស្នាម​ក្រចៅ​ដី។

ឆ្លងតាម​ការស្រាវជ្រាវ​ពិនិត្យ នៅ​កន្លែងកើតហេតុ ព្រមទាំង​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ចម្រុះ​សន្និដ្ឋានបានថា ការស្លាប់​របស់​ឈ្មោះ ស៊ូ ចេ​ន នេះ​ពុំ​មាន​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​ គឺ​ឈ្មោះ ស៊ូ ចេ​ន ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ប្រាកដ​មែន​។​

ក្រោយពី​គណៈកម្មការ​ពិនិត្យ​រួច​ បានប្រគល់​សាកសព អោយ​ក្រុមគ្រួសារ​ចាត់ចែង​បន្តទៀត​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114