ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប Barcelona ​បញ្ចប់​ការទិញ​យក​តារា​ទើប​លេចធ្លោ​ជប៉ុន Hiroki Abe

​ក្លិប Barcelona​ បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បានបញ្ចប់​ការចុះហត្ថលេខា​ទិញយក​តារា​ទើប​លេចធ្លោ​ជប៉ុន Hiroki Abe ពី​ក្លិប Kashima Antlers លេង​នៅ​ក្របខណ្ឌ J-League។

ក្លិប​បាន​និយាយថា ពួកគេ​បាន​ចំណាយ​លុយ​១.១​លាន​អឺរ៉ូ​សម្រាប់​ខ្សែបម្រើ​ស្លាប​វ័យ​២០​ឆ្នាំ​ម្នាក់នេះ និង​ឲ្យ​គាត់​ចូល​លេង​នៅក្នុង​ក្រុម​បម្រុង ដែល​លេង​នៅ​ក្រប​ខណ្ឌ​ទី​៣ Spanish Segunda B​របស់​អេ​ស្ប៉ា​ញ។

ក្លិប Barcelona​បាន​និយាយថា កីឡាករ Abe បាន​យល់ព្រម​នឹង​កុងត្រា​រយៈពេល​៤​ឆ្នាំ ជាមួយនឹង​ប្រការ​ទិញ​ផ្តាច់​៤០​លាន​អឺរ៉ូ ដែល​អាច​នឹង​កើន​ឡើង​ដល់​១០០​លាន​អឺរ៉ូ បើសិនជា​គាត់​អាច​លេង​នៅក្នុង​ក្រុម​ជម្រើស​ដំបូង​។

ក្លិប Barcelona​បាន​និយាយ​នៅ​លើ​វែបសាយ​របស់​ពួកគេ​ថា គាត់​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ល្អ​របស់​ជប៉ុន​មុន​ព្រឹ​ត្តិ​ការណ៍ Tokyo Olympic Games 2020​។

ក្លិប Barcelona​បាន​បន្តទៀត​ថា កីឡាករ Abe​ដែល​បាន​លេង​ការប្រកួត​ជម្រើស​ជាតិ​ដំបូង​របស់​គាត់​នៅ Copa America កាលពី​ខែ​មុន អាច​លេង​បាន​នៅ​គ្រប់កន្លែង​នៅ​ខ្សែលើ ទាំង​ខ្សែបម្រើ និង​ខ្សែប្រយុទ្ធ ប៉ុន្តែ​គាត់​ច្រើនតែ​ត្រូវបាន​គេ​ប្រើ​ឲ្យ​លេង​ជា​ខ្សែបម្រើ​ស្លាប​ឆ្វេង​។

កីឡាករ​ម្នាក់​នេះ ត្រូវ​បាន​គេ​តែងតាំង​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ​នៅ​ក្របខណ្ឌ J-League​ផង​ដែរ ​កាលពី​ឆ្នាំ​២០១៨ ហើយ​និង​បាន​ចូល​លេង​ការប្រកួត​ទាំង​២​ជើង ពេលដែល​ក្រុម Kashima Antlers ឈ្នះ​ជើងឯក Asian Champions League នៅក្នុង​រដូវ​កាល​តែមួយ​។ គាត់​លេង​បាន​៧៩​លើក​សម្រាប់​ក្រុម Kashima Antlers ក្នុង​រយៈពេល​៣​រដូវ​កាល​ចុងក្រោយ​នេះ និង​រកបាន​១០​គ្រាប់​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114