ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Ole Gunnar Solskjaer មានជំនឿថា អ្នកចាំទី De Gea នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លិប Man Utd

អ្នកចាត់ការ​របស់​ក្លិប Man Utd​លោក Ole Gunnar Solskjaer បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​មាន​សុទិដ្ឋិនិយម​ខ្លាំងណាស់​ថា អ្នកចាំទី David De Gea នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ដើម្បី​បន្ត​នៅ​លេង​ក្នុង​ទឹកដី Old Trafford ស្រប​ពេលដែល​ក្លិប​បិសាច​ក្រហម ត្រៀម​ជួប​ជាមួយ​ក្រុម Leeds​នៅក្នុង​ទីក្រុង Perth​។

ការប្រកួត​ទេសចរណ៍​មុន​រដូវ​កាល​របស់​ក្រុម Man Utd គ្រប​ដណ្តប់​ដោយ​ការ​ព្យាករណ៍​លើ​អនាគត​របស់​តារា​បាល់ទាត់​ជាច្រើន​នាក់ ដែល​រួមទាំង​អ្នកចាំទី De Gea​ផងដែរ ដែល​ស្ថិតនៅ​ក្នុង​រដូវ​កាល​ចុងក្រោយ​នៅក្នុង​កុងត្រា​របស់គាត់ ហើយ​និង​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប​ជើងឯក​បារាំង Paris Saint-Germain ។

អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា ជិត​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លិប Man Utd​ក្នុងតម្លៃ​ខ្លួន​៣៥០.០០០​ផោន​ក្នុង​១​សប្តាហ៍ ដែល​នឹងធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នកចាំទី​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។

អ្នកចាំទី De Gea​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​សម្រាក សម្រាប់​ការប្រកួត​មុន​រដូវ​កាល​របស់​ក្រុម Man Utd​ជាមួយ​ក្រុម Perth Glory កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ គាត់​នឹង​វិលត្រឡប់​មកលេង​វិញ ហើយ​ពេល​ប៉ះ​ជាមួយ​ក្រុម Leeds នា​ថ្ងៃ​ពុធ ដើម្បី​បញ្ចប់​ការប្រកួត​ទេសចរណ៍​រយៈពេល​១០​ថ្ងៃ​របស់​ក្រុម Man Utd​នៅក្នុង​ទីក្រុង​របស់​ប្រទេស​អូស្ត្រាលី​មួយ​នេះ​។

លោក Solskjaer បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គាត់​នឹង​លេង​ការប្រកួត​លើក​នេះ ហើយ​យើង​សង្ឃឹមថា នឹង​អាច​ឈានដល់​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អ្នកចាំទី David ដូច​អ្វីដែល​លោក​បាន​និយាយ​ច្រើនលើកច្រើនសារ​រួចមកហើយ​។

លោក​បាន​បន្តថា មាននូវ​ការព្យាករណ៍​ច្រើនណាស់ ប៉ុន្តែ​លោក​មិនទាន់​អាច​និយាយ​អ្វីមួយ​ឲ្យ​ពិតប្រាកដ​នោះទេ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114