ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ ​បន្ត​ហ្វឹកហាត់​អំពី​របៀប​ល្បាត​ស្ទាក់​បង្ក្រាប​ជនល្មើស​តាម​ដង​ផ្លូវ​

ភ្នំពេញ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​ខណ្ឌ​សែន​សុខ បាន​មក​រៀន​នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រំលឹក​មេរៀន​អំពី​ការ​ល្បាត​ម៉ូតូ​ប្រទះឃើញ​ចោរលួច​ប្លន់​តាម​ដងផ្លូវ និង​របៀប​ចាប់​ជនល្មើស។

ការ​រំលឹក​អំពី​មេរៀន​នេះ ​ធ្វើឡើង​រាល់ថ្ងៃ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បីអោយ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​មាន​ភាព​រហ័សរហួន​ក្នុងការ​ប្រើប្រាស់​អាវុធ​ងាយស្រួល​ក្នុង​ការ​ចុះ​បេសកកម្ម​បង្ក្រាប បង្ការ ការពារ​ដើម្បី​បម្រើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ។

ក្រៅពីនេះ​សកម្មភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​លើ​ដង​ផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀង​ៗ​ខ្លួន​មិន​ថា ថ្ងៃ​ឬ​យប់​នោះ​ឡើយ។

ជាមួយគ្នានេះដែរ​កម្លាំង​អាវុធហត្ថ​ក្នុង​ទីបញ្ជាការ ក៏​ដូច​តាម​បណ្តា​​​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំងអស់ បាន​ក្រោក​ពី​ព្រលឹម ធ្វើ​អនាម័យ បោស​ជូត សំអាត ដើម្បី​សុខភាព និង​ជៀស​ផុស​ពី​ជំងឺតម្កាត់​ផ្សេងៗ ហើយ​រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនាម​មន្ត្រី​បម្រើ​រាស្ត្រ​ដោយ​ទឹកចិត្ត​ស្មោះត្រង់​បំផុត៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114