ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ខ្លួន​បុរស​៣​នាក់ ជាមួយ​ថ្នាំញៀន​ចំនួន​៦​កញ្ចប់

ភ្នំពេញ ​៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​បង្ក្រាប​ចាប់​ខ្លួន​ក្រុម​ជន​រកស៊ី​ជួញដូរ​ថ្នាំ ញៀន​ចំនួន​៣​នាក់ ​ក្នុង​ពេល​ដាច់ដោយឡែក​ពីគ្នា កាលពី​អំឡុង​យប់​ថ្ងៃទី​១៦​ ឈាន​ចូល​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ តាម​ផ្លូវ​សាធារណៈ​ បន្ទាប់ពី​បាន​ឆែកឆេរ​ពួកគេ​រក​ឃើញ​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​រួចមក​។​

ប៉ូលិស​និយាយថា ជន​ទាំង​៣​នាក់ ​ដែល​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ចែក​ចេញ​ជា​២​ក្រុម ​គឺ ៖

​ក្រុមទី​១.ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ ថ្ងៃទី​១៥កក្កដា នៅ​តាម​ផ្លូវ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ហើយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ឈ្មោះ សេង វណ្ណា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​វាំង សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​ និង​ធំ​ជា​ប្រភេទ​ថ្នាំ​ម៉ា​ទឹកកក​ពណ៌​ស​ថ្លា​។

ក្រុម​ទី​២-មាន​គ្នា​២​នាក់ ឈ្មោះ គឹម​ មេសា អាយុ​២៩​ឆ្នាំ និង​ឈ្មោះ ណា​ង លាង​ហៃ អាយុ​៣១​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ផ្ទះ​ជួល​សំណង់​អនាធិបតេយ្យ ​ម្តុំ​ផ្លូវដែក ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ​ ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង​៣​កន្លះ​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​ និង​ធំ ជា​ប្រភេទ​ថ្នាំ​ម៉ា​ទឹកកក​។​

ប៉ូលិស​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ប្រើប្រាស់ ​និង​ការជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ប្រឆាំង​មនុស្សជាតិ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​ចែង​ថា ជន​ដែល​ជួញ​ថ្នាំញៀន​មានទោស​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ ឬ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ទៅតាម​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្ត​៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114