ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រតិភូ​កីឡា​សិស្ស​កម្ពុជា ​ចេញដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ ចូលរួម​ព្រឹត្តិការណ៍​“11th ASEAN School Games 2019 ”

លោក ស សុខា ទៅ​ឥណ្ឌូនេស៊ី​ទទួល​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​អាស៊ាន

​ប្រតិភូ​ និង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​កម្ពុជា ព្រឹក​ថ្ងៃទី​១៧​កក្កដា​នេះ បាន​ចាកចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១១​ឆ្នាំ​២០១៩ “11th ASEAN School Games 2019 ”។​

​​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១១​ឆ្នាំ​២០១៩ “11th ASEAN School Games 2019 ” នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧ ដល់ ២៥ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java ប្រទេស​ឥណ្ឌូ​នេស៊ី។​

កម្ពុជា​បញ្ជូន ៥ ប្រភេទ​កីឡា​រួមមាន​កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡា​វាយ​សី កីឡាវាយ​កូន​ឃ្លី​លើតុ និង​កីឡា​វាយ​កូន​បាល់​ទៅ​ចូលរួម​ប្រកួត​ដែលមាន​ប្រតិភូ​សរុប៥៦​នាក់​។​

លោក ព្រំ ប៊ុណ្ណ​យី ដែលជា​នាយ​បេសកកម្ម​របស់​កម្ពុ​ជាស​ម្រា​ប់​ព្រឹត្តិការណ៍​នេះ បាន​ឲ្យ​ដឹង​ពី​កីឡាករ​-​កីឡាការិនី ត្រូវមាន​អាយុ​ក្រោម​១៨​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ប្រកួត។ នេះ​ជាការ​ប្រកួត​លើក​ទី​១១ ​តែ​សម្រាប់​កម្ពុជា​ទើបតែ​ចូលរួមបាន​៤​លើក​ទាំង​លើក​នេះ​ប៉ុណ្ណោះ​។​

​លោកនាយ​បេសកកម្ម​បាន​ឲ្យ​ដឹង​ទៀតថា​ ការប្រកួត​កីឡា​សិស្ស​អាស៊ាន​នេះ​បានចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ​២០០៩​ ដែល​កាលនោះ​ ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍​នេះ​ធ្វើជា​រៀងរាល់​ឆ្នាំ ​ហើយ​គ្មាន​ប្រទេស​ទី​ម័​រ​ខាងកើត​ឡើយ គឺមាន​តែ​១០​ប្រទេស​ប៉ុណ្ណោះ។​

ព្រឹត្តិការណ៍​ASEAN School Games(SCG)​នេះ រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន ឬ ហៅថា ASSC (Asean School Sports Council) ហើយ​ព្រឹត្តិការណ៍​នេះ​ធ្វើជា​រៀងរាល់ឆ្នាំ។ ខុសពី​កីឡា​សាកលវិទ្យាល័យ​អាស៊ាន ឬ AUG (Asean Univercity Games) ដែល​ធ្វើ​រៀងរាល់​២​ឆ្នាំ​ម្ដងនោះ។​

​កម្ពុជា​ បាន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សិស្ស​អាស៊ាន​ដំបូង​នៅ​ឆ្នាំ​២០១៦ ដែល​កាលនោះ​ការ​ប្រកួត​ធ្វើ​នៅ​ឈៀង​ម៉ៃ ​ប្រទេស​ថៃ​ ហើយ​ការចូលរួម​ដំបូង​នោះ កម្ពុជា​ ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​មួយគ្រឿង​លើ​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ។ បន្ទាប់ពី​នោះមក កម្ពុជា​ពុំដែល​ដណ្ដើមបាន​មេដាយ​ទៀតឡើយ។ កម្ពុជា​មិនបាន​មេដាយ​មែន​តែ​ចំណាត់ថ្នាក់​បាន​ឡើងមក​ដល់​លេខ​៤​ស្ទើរតែ​គ្រប់​ប្រភេទ​កីឡា​ដែល​ទៅ​ចូលរួម។​

​សូមបញ្ជាក់ថា លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​ជា​ប្រថាន​សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​កម្ពុជា ក៏បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ នៅ​ថ្ងៃទី​១៧​កក្កដា​នេះ ដើម្បី​ទទួល​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​អាស៊ាន។​

​សូម​រម្លឹកថា សព្វថ្ងៃនេះ​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​អាស៊ាន​កាន់កាប់​ដោយ​អ្នកស្រី​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​ប្រទេស​ប្រ៊ុយណេ។ ពេលនេះ​អ្នកស្រី​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រ៊ុយណេ​បាន​ផុត​អាណត្តិ​ហើយៗ​ក្នុងការ​ប្រជុំ​នៅ​ស្រុក​ខ្មែរ​នៃ​បណ្ដា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​អាស៊ាន​នៃ​បណ្ដា​ប្រទេស​អាស៊ាន​កន្លងមក លោ​កស សុខា ត្រូវ​បានទទួល​ការគាំទ្រ​សម្រាប់​តំណែង​នេះ៕

ដោយ ៖ ​វិ​សិទ្ធ

​ ​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114