ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចិ​ត្រា សាក​កណ្ដាប់ដៃ​ជាមួយ ភិត ថង នៅ​សង្វៀន​TV5

​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅ​សង្វៀន​TV5 ព្រែកកំពឹស យប់​ថ្ងៃ​ទី​២០​ ខែ​កក្កដា ឆ្នាំ​២០១៩​ខាងមុខនេះ ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ភិត ថង (Phit Thang )។​

​ភិត ថង និង ឡៅ ចិ​ត្រា ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ ភិត ថង រូប​នេះ គេ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី និង​ជា​ជើង​ខ្លាំង​ដែលមាន​ខ្សែក្រវាត់​ដល់​ពីរ​ផង តែ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះឡើយ។ នេះ​បើតាម​ លោក ថៃ អ៊ូ អ្នកគ្រប់គ្រង​និង​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ។

ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ហើយ​ដែល​មាន​ខ្សែក្រវាត់​២-៣ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​នោះ គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ណាស់​មក​ហើយ ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត រ៉ាវី (Petch Ravy) អោយ​សន្លប់​ក្នុង​ទឹក​ទី​២ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​១០​ឧសភា​កន្លងទៅ។ ចាំមើល តើ​ឡៅ ចិ​ត្រា អាច​ផ្ដួល​យក​ឈ្នះ​ភិត ថង បាន​ឬ​អត់​នោះ?។​

ទោះជា​យ៉ាងណា រវាង ឡៅ ចិ​ត្រា និង ភិត ថង មិនដឹងថា អ្នកណា​ជា​អ្នកឈ្នះ​ទេ សម្រាប់​ការជួបគ្នា​នេះ?។ ព្រោះថា អ្នក​ប្រដាល់​យ៉​ត ផ្លា​យ​ង៉ា​ម នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ដែល​ឡៅ ចិ​ត្រា មិនអាច​មើលស្រាល​គេ​បានឡើយ។ លោក ថៃ អ៊ូ អ្នកគ្រប់គ្រង​ និង​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បានឲ្យ​ដឹង​ដូច្នេះ។​

​ភិត ថង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៣​លើក ចាញ់​១៨​លើក និង ស្មើ​០២​លើក ខណៈ​ដែល​ឡៅ ចិ​ត្រា គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨១​លើក ក្នុងនោះ​ឈ្នះ​៧៤​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក។​

​ចាំមើល អ្នក​ប្រដាល់​ថៃ​ភិត ថង ជួប​ប្រកួត​ជាមួយ ឡៅ ចិ​ត្រា លើក​នេះ តើ​គេ​អាច​យកឈ្នះ​បានដែរ​ឬ​អត់?។​

​សូមបញ្ជាក់ថា ដំបូង​គេ​បម្រុង​ផ្គូ​ឡៅ ចិ​ត្រា ជាមួយ​អ្នក​ប្រដាល់​ថៃ​យ៉​ត ផ្លា​យ​ង៉ា​ម​ទេ តែ​អ្នក​ប្រដាល់​ថៃ​យ៉​ត ផ្លា​យ​ង៉ា​ម​នេះ ឮ​តែ​ជួប​ឡៅ ចិ​ត្រា​ នោះ ក៏​មាន​គ្រោះ​ចរាចរណ៍ ធ្វើឲ្យ​ខាន​មក​ប្រកួត ទើប​ប្តូ​រ​ដាក់ ភិត ថង វិញ។ ​នេះ​បើតាម​ លោក​ អូ​ឡា​ឡា ពិធីករ​ប្រដាល់​TV5 បាន​ប្រាប់​ឲ្យ​ដឹង​នោះ៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114