ព័ត៍មានទាន់​ហេតុការណ៏
Search

ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខា​រ៉ា​បាវ​៦០​គ​.​ក្រ ​៖ ចាន់​សំអាត​ ជួប​ភេត​ ង៉ា​ម ឯ​សុខ ​សា​វិ​ន ​ជួប ឌេ​ន​សា​យ៉ា​ម

ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ​ ទម្ងន់​៦០​គីឡូក្រាម បាន​ឈាន​មកដល់​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ហើយ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​២០ ខែ​កក្កដា ​ឆ្នាំ​២០១៩ ចុង​សប្ដាហ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

​សម្រាប់​ការ​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ចាន់ សំអាត អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភេត ង៉ា​ម​(Phat Ngam) ហើយ​អ្នក​ប្រដាល់​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ជួប​អ្នក​ប្រដាល់​ថៃ ឌេ​ន សា​យ៉ា​ម (Den Sayam) ។​

រវាង​ចាន់ សំអាត និង ភេត ង៉ា​ម អ្នក​ប្រដាល់​ទាំង​២​រូបនេះ ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ គេ​ឈ្នះ​៣​ប្រកួត​ចាញ់​មួយ​ប្រកួត​ដូចគ្នា។​

ក្នុងជំនួប​នៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ ភេត ង៉ា​ម វាយ​ចាញ់​ចាន់​សំអាត​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​ពេល​នោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ រក្សា​ទម្ងន់​មិនបាន។ តែ​សម្រាប់​ការជួបគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វា​សំខាន់​ណាស់ ព្រោះ​អ្នកឈ្នះ​នឹង​បាន​ឡើងទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ម្ចាស់​ខ្សែក្រវាត់​បាន​៤.០០០​ដុល្លារ ឯ​អ្នក​ចាញ់​២.០០០​ដុល្លារ។​

ចាន់ សំអាត មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​លើក ឈ្នះ​៦១​លើក ចាញ់​១៧​លើក ស្មើ​ពិន្ទុ​៣​លើក និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៧​លើក ។ ភេត ង៉ា​ម​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៧១​លើក ចាញ់​១៥​លើក និង​ ស្មើ​ពិន្ទុ​២​លើក។​

ចាំមើល ចាន់ សំអាត ដែលមាន​ចំណាត់ថ្នាក់​លេខ​២​ពូ​ល​A អាច​យកឈ្នះ​ភេត ង៉ា​ម លេខ​១​ពូ​ល​B បាន​ឬ​អត់?។​

សម្រាប់​ការប្រកួត​មួយគូ​ទៀត ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ អ្នក​ប្រដាល់​កម្ពុជា​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឌេ​ន​សា​យ៉ា​ម​(DenSayam)។​

សា​វិ​ន​វិញ​គេ​បាន​ចំណាត់ថ្នាក់​លេខ​១ នៃ​ពូ​ល​A ចំពោះ ឌេ​ន សា​យ៉ា​ម ជា​អ្នក​ប្រដាល់​បាន​ចំណាត់​ថ្នាក់​លេខ​២​នៃ​ពូ​ល​B។ ក្នុង​វគ្គ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ សុខ សា​វិ​ន​៤​ប្រកួត​របស់គេ​ឈ្នះ​៣​ប្រកួត និង ចាញ់​១​ប្រកួត ចំណែក​ឌេ​ន សា​យ៉ា​ម​វិញ ៤​ប្រកួត​របស់គេ​ឈ្នះ ២​ប្រកួត​និង​ចាញ់​២​ប្រកួត។​

កាល​ជួបគ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ សុខ សា​វិ​ន​ ប្រើ​កែង​វាយ​សា​យ៉ា​ម ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ តែ​សម្រាប់​ជំនួប​លើក​នេះ មិនទាន់​ប្រាកដ​ថា សា​វិ​ន ​ជួប​សំណាងល្អ​ដូច​លើក​មុន​នោះឡើយ។​

សុខ សា​វិ​ន មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៨​លើក ឈ្នះ​៧៤​លើក ចាញ់​២៨​លើក ​និង​ស្មើ​ពិន្ទុ​៦​លើក។​ចំពោះ​ឌេ​ន សា​យ៉ា​ម​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៦៧​លើក ចាញ់​១៧​លើក និង​ស្មើ​ពិន្ទុ​២​លើក។ តើ​ការជួបគ្នា​ក្នុង​វគ្គ​ដ៏​សំខាន់​នេះ នរណា​ជា​អ្នកឈ្នះ​នរណា​ជា​អ្នកចាញ់?។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​អម​គូ​ខ្សែក្រវាត់​វិញ ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​លន់ សៀកឡេង អ្នក​ប្រដាល់​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ខេត្ត​កណ្តាល ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

រិ​ទ្ធ សាស្ត្រា​វុ​ធ អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប នឹង​ជួប​ប្រកួត​ជាមួយ​ប៉ុក វិបុល អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ហើយ​អេ​លី​ត គឹមហុង អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​ល័​ក្ខ សាត អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដែរ៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114