ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ចម្រុះ​ បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​ពួក ខណៈ​ស្រុក​មួយ​ចំនួនទៀត​ បទល្មើស​កើន​ឡើង​

សៀមរាប ​៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ នៃ​ខេត្ត​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ក្នុង​រដូវ​បិទ​នេសាទ​។​ ប៉ុន្តែ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ជាប់​នឹង​បឹង​ទន្លេសាប មាន​បទល្មើស​កើន​ឡើង គួរ​ឲ្យ​ព្រួយ​បារម្ភ​។​

​ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក ទៀ សីហា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខត្ត ក្រុម​ការងារ​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក នគរបាល​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល​ នៅ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ក្នុង​រដូវ​បិទ​នេសាទ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ក្រុមការងារ​ បាន​ចុះ​ពិនិត្យ និង​ដកហូត​នូវ​វត្ថុតាង​បទល្មើស​ជល​ផល​ដូច​ខាង​ក្រោម ​៖​

១-ឧបករណ៍ បរ ចំនួន​២៤​គ្រឿង​

២-របាំង​សាច់​អួន​ប្រវែង​៣៣០០​ម៉ែត្រ​

​៣-​ចម្រឹង​ចំនួន១១៥០​ចម្រឹង​ ​បាន​ប្រលែង​ត្រី​ចំនួន​៦៧​គីឡូក្រាម​។​

ទន្ទឹមនឹង​រដូវ​បិទ​នេសាទ​នេះ អាជ្ញាធរ​ខេត្ត​ ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​ប្រជា​នេសាទ​ទាំងអស់ សូម​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ផ្ទុយ​ពី​ច្បាប់​កំណត់ ជៀសវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​មានការ​ខាតបង់ ពិសេស​ធ្វើ​ឲ្យ​ខូចប្រយោជន៍​សេដ្ឋកិច្ច​គ្រួសារ​។

ម្យ៉ាង​ទៀត​យើង​ត្រូវ​រក្សា​ត្រី​ក្នុង​រដូវ​ត្រី​ពង​នេះ ដើម្បី​ឲ្យ​ធនធាន​ជលផល​កាន់តែ​សម្បូរ​ឡើងវិញ​។​

​យ៉ាង​នេះ​ក្តី​មហាជន​និយាយ​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​សៀមរាប គឺ​នៅមាន​កម្រិត​តិចតួច ហើយ​អ្នក​ប្រព្រឹត្តិ​បទល្មើស​អូស​អួន​,​រុញ​ស៊ី​ប​..​ជាដើម ​កំពុង​លួច​ឆ្មក់​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង​,​មាត់​ខ្លា​,​ចុងឃ្នៀស​។ ពួកគេ ​តែងតែ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មុននឹង​ចេញ​រកស៊ី​។ ​

ទាក់ទិន​នឹង​ករណី​នេះដែរ ​គេ​សង្ឃឹមថា អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​អាច​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​បណ្តា​ស្រុក​មួយចំនួនទៀត​ឲ្យ​មានការ​ថមថយ​។ ​គេ​មិន​សង្ឃឹមលើ​មន្ត្រី​ជំនាញ​ខ្លះៗ​ ដែល​សម្ងំ​ក្រាប​ពង​ក្នុង​ជង្រុក​ស្រូវ​នោះ​ទេ​៕

ដោយ​ ៖ ​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114