ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ អាចនឹងទទួល​បាន​ភ្លើង​ខៀវ​ឱ្យ​រកស៊ី​ជាមួយ Huawei វិញ

យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​អាមេរិក​បានឱ្យដឹងថា សហរដ្ឋអាមេរិក​អាច​នឹង​អនុម័ត​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​នានា​អាច​បើក​ឱ្យមាន​ការលក់​ឡើងវិញ​ទៅឱ្យ​ក្រុមហ៊ុន Huawei ក្នុងពេល​ខ្លី​បំផុត​គឺ​២​សប្ដាហ៍​ខាងមុខ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ក្នុងការ​លុបបំបាត់​ការ​រឹតបន្តឹង​លើ​ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ និង​អាចឱ្យ​ក្រុមហ៊ុន​នេះ​បន្តដំណើរ​ទៅមុខទៀត​ក្នុងពេល​ដ៏​ខ្លី​។​

Huawei ដែលជា​ក្រុមហ៊ុន​ផលិត​បរិក្ខារ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​កាលពី​ខែឧសភា ដែលជា​ការហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​លែងឱ្យ​ផ្គត់ផ្គង់​ផលិតផល​ឬ​សេវាកម្ម​ដែល​ផលិត​នៅ​អាមេរិក​ទៅឱ្យ​ក្រុមហ៊ុន​មួយ​នេះឡើយ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក​។​

​ប៉ុន្តែ​នៅ​ចុងខែ​មុននេះ ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង លោក​ត្រាំ​បានប្រកាសថា​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​អាច​លក់​ផលិតផល​ទៅ Huawei បាន​វិញ​ហើយ​។ ជាងនេះទៅទៀត នៅ​ប៉ុន្មាន​ថ្ងៃនេះ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក Wilbur Ross បាន​មានប្រសាសន៍ថា អាជ្ញាប័ណ្ណ​ទាំងឡាយ​នឹងត្រូវ​បានចេញ​ជូន​ឱ្យមាន​ការរកស៊ី​ទៅវិញទៅមក​វិញ ប្រសិនបើ​មិនមាន​ករណី​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទេនោះ​។​

​ក្រុមហ៊ុន​អាមេរិក​ចំនួន​២​ដែលជា​អ្នកផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Huawei តែ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ពួកគេ​អាច​នឹងដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​បន្ថែមទៀត ក្រោយ​មានប្រសាសន៍​របស់លោក Ross បានលើកឡើង​រួចមក​។

​គួរឱ្យ​ដឹងថា ទឹកប្រាក់​ប្រហែល​៧០​ពាន់​លាន​ដុល្លារ​ដែល Huawei បាន​ចំណាយ​លើ​ការទិញ​គ្រឿងបន្លាស់​កាលពី​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​មាន​ប្រហែល​១១​ពាន់​លាន​ដុល្លារ​ចូលទៅ​ហោប៉ៅ​ក្រុមហ៊ុន​អាមេរិក គិត​ទាំង Qualcomm, Intel និង Micron Technology ជាដើម​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ចិន​យក្ស​មួយ​នេះ​បាន​និយាយថា “​បញ្ជី​ក្រុមហ៊ុន​ដែល​ជាប់​ការ​រឹតត្បិត​នេះ​គួរតែ​ត្រូវបាន​ដកចេញ​ទាំងស្រុង​តែម្ដង ជាជាង​ការចេញ​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាមេរិក​បែបនេះ”៕ REUTERS

ដោយ ៖តរុណី


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114