ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ចម្រុះ ​ចុះ​រុករក​រថយន្ត​បា​កុង​ដឹក​ឈើ​ល្មើសច្បាប់​ ដើម្បី​ធ្វើការ​កម្ទេច​ចោល​

ស្ទឹងត្រែង ​៖ ​កម្លាំង​ចម្រុះ​រួម​មាន​ អាវុធហត្ថ​ខេត្ត​ មន្ទីរ​បរិស្ថាន​ខេត្ត ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី អៀង វ៉ាន់ឌី ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ចុះ​រុករក​រថយន្ត​បា​កុង ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​ នៅ​ក្នុង​ទីតាំង​ភូមិ​ស្រែគរ​ថ្មី​ចំនួន​៣​គ្រឿង។

ប្រតិបត្តិ​ការ​ចុះ​រុក​រក​រថយន្ត​ល្មើស​នេះ ​កម្លាំង​ចម្រុះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី១៧ ខែ​កក្កដា ​ឆ្នាំ ២០១៩ នៅ​ក្នុង​ចំណុច​ភូមិ​ស្រែគរ​ថ្មី​ ឃុំ​ស្រែគរ ស្រុក​សេសា​ន ​ខេត្ត​ស្ទឹងត្រែង។

លោក​ឧត្ដមសេនីយ៍​ត្រី​អៀង​ វ៉ាន់ឌី​ បាន​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រតិបត្តិការ​នេះ ​កម្លាំង​ចម្រុះ​បាន​ចុះ​ដល់​ទី​តាំង ​និង​បាន​រកឃើញ​រថយន្ត​បា​កុង​ក្នុង​គោលដៅ​ទី១ ចំនួន២គ្រឿង ​និង​គោលដៅ​ទី២ ចំនួន១​គ្រឿង ​ហើយ​ពេលនេះ​ កម្លាំងចម្រុះ​កំពុងតែបន្ត​សកម្មភាព​ចុះ​រុករក​បន្តទៀត​នៅតាម​ទីតាំង​ផ្សេងៗ​ដើម្បី​ឈានទៅរក​ការប្រមូល​រថយន្ត​ល្មើស​ទាំងនោះ​ដើម្បី​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ធ្វើការ​កម្ទេច​ចោល​។​

បច្ចុប្បន្ន ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ ​បាននិងកំពុង ​ដឹកនាំ​កម្លាំង​បន្ត​ទៅ​កាន់​គោលដៅ​ផ្សេងៗ​ទៀត​ទូទាំង​ខេត្ត​ស្ទឹងត្រែង ​ដើម្បី​រុករក​រថយន្ត​ពាក់ព័ន្ធ​នឹង​បម្រើ​ឲ្យ​បទល្មើស​ដើម្បី​ប្រមូល​យក​មក​រក្សាទុក ​និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ដើម្បី​ធ្វើ​ការ​ដុត​កម្ទេច​ចោល​៕

ដោយ ៖ ងិន​ លីម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114