ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ទទួល​សញ្ញាប័ត្រ​ក្រោយ​បណ្ឌិត​កិត្តិយស​វិទ្យាសាស្ត្រ​សង្គម ពី​សាកល​វិទ្យាល័យ​មួយ​របស់​ប្រទេស​ឥណ្ឌា

ភ្នំពេញ ​៖ ដោយបាន​មើល​ឃើញ​ពី​ការ​លះបង់ ការតស៊ូ និង​ពលី​កម្ម​របស់ ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល នៅក្នុង​ការចូលរួម​កសាង​អភិវឌ្ឍន៍​ជាតិ​តាំងពីដើម​រហូតមក ពិសេស​ការចូលរួម​ក​សាង​នីតិរដ្ឋ​នៅ​កម្ពុជា សាកលវិទ្យាល័យ​ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ​ជី​មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSI TY) នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ប្រគល់ជូន​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​ក្រោយ​បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សង្គម ជូន​ដល់​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ នៅ​វិមាន​រដ្ឋសភា​។​

លោក​បណ្ឌិត ណា​រ៉េ​ស ម៉ា​ល​ហូ​ត្រា តំណាង​សាកលវិទ្យាល័យ ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ ជី មហារាជ (CHHA TRAPATI SHAHU JI MAHARAJ UNIVERSITY) បាន​គូសបញ្ជាក់ថា ការសម្រេច​ផ្តល់​សញ្ញាប័ត្រ​កិត្តិយស​ថ្នាក់​ក្រោយ​បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នេះ ជូន​ដល់ ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល នាពេលនេះ មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ តែ​បាន​កើតឡើង​ពី​ការស្រាវជ្រាវ និង​វាយតម្លៃ​ពី​គុណបំណាច់​ដ៏​ធំធេង​របស់ ឯកឧត្ដម​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ និង​មាតុភូមិ​តាំងពីដើម​មក​។

ឯកឧត្ដម​បណ្ឌិត​ងួន ញ៉ិល បាន​លះបង់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា ដើម្បី​សង្គមជាតិ ច្រើនជាង​ការគិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​នៅក្នុង​តួនាទី​ជា​តំណាងរាស្ត្រ និង​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា​មួយរូប​នោះ ឯកឧត្ដម​បណ្ឌិត បាន​ចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា​។

រដ្ឋសភា​កម្ពុជា​បាន​តាក់តែង និង​អនុម័ត​ច្បាប់​ប្រមាណ​៥០០​ច្បាប់​។ នៅលើ​ឆាក​អន្តរជាតិ ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ក៏បាន​កសាង​កិត្យានុភាព​ដល់​រដ្ឋ សភា​កម្ពុជា​យ៉ាងច្រើន​ផងដែរ​។ ដូចជា​នៅក្នុង​តួនាទី​ជា​សមាជិក​អន្តរ​សភា​អាស៊ាន សភា​តំបន់​អាស៊ី និង​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជាដើម។

ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ចាត់ទុក​ការផ្តល់​សញ្ញាបត្រ​ជូន​ឯកឧត្ដម​នាពេលនេះ ជាការ​លើកទឹកចិត្ត​និង​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង តស៊ូ លះ បង់​របស់​ឯកឧត្ដម ដើម្បី​ប្រទេសជាតិ នា​ពេល​កន្លងមក​។

ជាពិសេស​ គឺ​នៅក្នុង​ការបំពេញ​តួនាទី ក្នុងនាម​ជា​ថ្នាក់​ដឹក​រដ្ឋសភា​មួយ​រូប ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

ឯកឧត្ដម​បណ្ឌិត បាន​បន្តថា ការ​ផ្តល់​សញ្ញាប័ត្រ​នេះ ក៏បាន​វាយតម្លៃ​ពី​ការចូលរួមចំណែក​រប​ស់​ឯកឧត្ដម​បណ្ឌិត ក្នុងការ​កសាង ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្រោយ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​មួយ​នឹង​ថ្នាក់ដឹកនាំ​កំពូលៗ​ដែលមាន សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាដើម​។ “​ការផ្តល់​សញ្ញាប័ត្រ​នេះ ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ខ្ញុំ និង​ក្រុមគ្រួសារ និង​ស្ថាប័ន​រដ្ឋសភា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាជន​ខ្មែរ​ទាំងមូល​។ នេះ​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត និង​ស្មារតី​ដល់​ខ្ញុំ ឲ្យ​កាន់តែ​ខិតខំ​បន្ត​សកម្មភាព​បម្រើ​សង្គម​ទ្វេដង​បន្ថែមទៀត ពិសេស​ការ​រួមចំណែក​ក្នុង​កិច្ចការ​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា​ប្រកបដោយ​វឌ្ឍនភាព និង​ភាព​សុខដុមរមនា​”​។​

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង ​ដែល​ជា​តំណាង​ឲ្យ​មន្ត្រី​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា បាន​អបអរសាទរ​ចំពោះ​កិត្តិយស​ជា​សកល​ដែល​ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ទទួល​បាន​នា​ឱកាស​នេះ​។ ជោគជ័យ​ដែល​ឯកឧត្ដម​បណ្ឌិត​ទទួលបាន​នាឱកាស​នេះ​ គឺជា​កិត្យានុភាព​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទាំងមូល ហើយក៏​ជា​ជោគជ័យ​ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​”៕

ដោយ ៖ សុង​ យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114