ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​ការទូត​កម្ពុជា​ថា ជប៉ុន ​គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​ឆ្លើយតប​ទាន់​ពេល​វេលា និង​ចំ​គោលដៅ​សម្រាប់​ការអភិវឌ្ឍ​ជា​អាទិភាព​របស់​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩០​មក​

​ភ្នំពេញ​ ៖ ការលើកឡើង​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្ដីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន សម្រាប់​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា រយៈពេល​០៧​ខែ​ ដើមឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ជា​បន្តបន្ទាប់​ចំនួន​០៣​លើក​ដូច​រួមមាន លើក​ទី​១, នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម HORINOUCHI និង​ខ្ញុំ បាន​ចុះហត្ថលេខា​នៅទីនេះ លើ​ឯកសារ​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន សរុប​ចំនួន​៤.៩៣៩ លាន​យ៉េន (​ប្រមាណ ៤៣,៣៦ លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​កែលម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២ និង​សម្រាប់​អនុវត្ត គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ​។​

​ការចុះហត្ថលេខា​លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ ក្រោម​អធិបតីភាព​សម្ត​ច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ABE Shinzo នាយករដ្ឋមន្ត្រី​ជប៉ុន គឺ ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​៥៣៩​លាន​យ៉េន (​ប្រមាណ​៤,៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​២ គឺ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស និង​គម្រោង​សាងសង់​ឃ្លាំង Container Freight Station នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​ចំណែក​ការចុះហត្ថលេខា​នាពេលនេះ គឺជា​លើក​ទី​៣ ស្ដីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៥០០ លាន​យ៉េន (​ប្រមាណ​៤,៦​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត “​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​” តាមរយៈ​ការផ្តល់​គ្រឿងចក្រ Stabilizer (​ប្រមាណ​១៥ គ្រឿង​) សម្រាប់​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​យ៉ាងនេះ​ថា “​ជប៉ុន​គឺជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​ឆ្លើយតប​ទាន់ពេលវេលា និង​ចំ​គោលដៅ ​នៃ​តម្រូវការ​អភិវឌ្ឍន៍​ជា​អាទិភាព​របស់​កម្ពុជា តាំងពីដើម​ទសវត្សរ៍​១៩៩០​មក​។ ហិរញ្ញប្បទាន​ឥត​សំណង ក៏ដូចជា​ឥណទាន​សម្បទាន​របស់​ជប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា​កន្លងមក និង​នៅថ្ងៃនេះ រួមចំណែក​យ៉ាង​សំខាន់​នាំ​មក​នូវ​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ហើយនឹង​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”​។​

​តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រៅពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ យើង​សង្កេត​ឃើញ​ដោយ​ពេញចិត្ត​នូវ​កំណើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ។ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បានរួម​ចំណែក​ពង្រឹង​ចំណងមិត្តភាព និង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​។​

​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដល់​ដំណើរការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម នៅ​កម្ពុជា ដែល​មកដល់​បច្ចុប្បន្ន​នៅតែ​រក្សាបាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង​៧​ភាគរយ​។​

​សូមបញ្ជាក់ថា កាលពី​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្ដីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៥០០ លាន​យ៉េន (​ប្រមាណ ៤.៦​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង “​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​” នៅ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114