ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Enarita រង​ការ​ចោទ​ប្រកាន់​ថា ​ឆបោក​ ខណៈ​តារា​ប្រុស​ម្នាក់​ទាមទារ​ឲ្យ​ លោក ឌឹ​ម សួន​ណាត ម្ចាស់​ក្រុមហ៊ុន​ចេញមុខ​ដោះស្រាយ​

​ភ្នំពេញ​ ៖ ​ពិតជា​ដំណឹង​ដ៏​រសើប​ទៀតហើយ​ ខណៈដែល​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ​ឈ្មោះ​ Kavin ដែល​ត្រូវគេ​ស្គាល់​ថា​ជា​តារា​សម្ដែង​មួយ​រូប​នៅក្នុង​វិស័យ​សិល្បៈ​មុននេះ​ បានប្រកាស​ទម្លាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ ដោយ​ធ្វើការ​ទាមទារ​រក​ដំណោះស្រាយ​ និង​បក​អាក្រាត​ លើ​ក្រុមហ៊ុន​អ៊ី​ណា​រីតា (Enarita) ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​។​

​បើ​យោង​តាមរយៈ​ខ្លឹមសារ​នៃ​ការ​បង្ហោះ​ពី​សំណាក់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kavin ដែល​ជា​តារា​សម្ដែង​បាន​សរសេរ​រៀបរាប់ថា ​សូមជួយ​ស៊ែរ​(Share) ​រកមុខ​បុគ្គល ឌឹ​ម សួន​ណាត ឲ្យ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ផង​បងប្អូន​។

​ក្រុមហ៊ុន អ៊ី​ណា​រីតា (Enarita) គឺជា​ក្រុមហ៊ុន​ដែល​ប្រកាសថា ​ខ្លួន​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ដែល​ខ្ញុំ​មិនដែល​បានឮ ​បាន​ស្គាល់ តែ​ខ្ញុំ​ស្គាល់​តាមរយៈ​មិត្តភ័ក្ដិ​របស់ខ្ញុំ​ដែល​បាន​យកប្រាក់​ទៅ​ដាក់ ដើម្បី​បាន​ការ​ប្រាក់​ត្រលប់​មកវិញ​។​

​ប្រភព​បាន​បន្តថា តែ​ដំបូង ​ខ្ញុំ​មិន​ជឿ​ទេ​ គិតថា​បោក ​ព្រោះ​បានការ​ប្រាក់​ច្រើនជាង​តាម​បណ្ដា​ធនាគារ​ផ្សេងៗ ​គឺ​សម្រាប់​ក្រុមហ៊ុន​និយាយថា ​ទទួលបាន​២០​ភាគ​ ក្នុង​មួយខែ​ហើយ​ ពេលនោះ​មិត្តភ័ក្ដិ​ខ្ញុំ​បាន​យក​ប្រាក់​ដាក់​មុន​ខ្ញុំ​ ហើយ​គាត់​ពិតជា​ទទួល​បាន​កា​រ​ប្រាក់​ពិតមែន ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​យក​ប្រាក់​ខ្លួនឯង​ផ្ទាល់​មក​ដាក់​ជាមួយ (Enarita) និង សង្ឃឹមថា​បានការ​ប្រាក់​ដូច​គេ​។ ប៉ុន្តែ​ការ​ប្រាក់​ខាង​ក្រុមហ៊ុន​ថា ​កន្លះ​ខែ​ទូទាត់​ឲ្យ​ម្ដង មិន​ដល់​កន្លះ​ខែ​មិនទាន់​ស្រួលបួល​ផង ស្រាប់​តែ​មាន​ភាព​រកាំរកូស​យ​ក​លេស​នេះ​យក​លេស​នោះ​រហូត​ពន្យារ​ហើយ​ពន្យារ​ទៀត។​

​ម្ចាស់​Account Facebook ឈ្មោះ Kavin ខាងលើ​បញ្ជាក់ទៀតថា ​ឈ្មោះ បុគ្គល ឌឹ​ម សួន​ណាត ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​(Enarita) បែរជា​មិន​អើពើ​មិន​ខ្វល់​ទៅវិញ បែរជា​ធ្វើ​ធម្មតា​មិន​រវល់ គេចវេះ​នឹង​ពួក​ខ្ញុំ មិន​ដោះស្រាយឲ្យ​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​កំពុង​ប្រឈមមុខ​នឹង​ការបាត់​ប្រាក់ ទាំង​ប្រាក់​ដើម​ដែល​ខំ​រក​យ៉ាង​លំបាក​មិនបាន​ដេក​ទាំងថ្ងៃទាំងយប់​ផង ​ដូច្នេះ​សូម​បុគ្គល​ឈ្មោះ ឌឹ​ម សួន​ណាត ចេញមុខ​ដោះស្រាយ​ជាបន្ទាន់​។​

​ថ្វីត្បិតតែ​មានការ​បង្ហោះ​ដោយ​អះអាង​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ Kavin ដែល​ជា​តារា​សម្ដែង​រូបនេះ​ក៏ពិតមែន ​ប៉ុន្តែ​ប្រហែលជា​១​ម៉ោង​ក្រោយមក ​ត្រូវបាន​គេ​កត់សម្គាល់ឃើញ​តារា​ប្រុស​ម្នាក់​នោះបាន​ធ្វើការ​លុប​វិញ​ផងដែរ​ ចំពោះ​សំណេរ​សរសេរ​រៀបរាប់​ដោយ​ចោទប្រកាន់​ក្រុមហ៊ុន Enarita​ ជុំវិញ​រឿងរ៉ាវ​ឆបោក​លុយ​។​

​ដោយឡែក​ទន្ទឹមគ្នា​នោះ​ ក៏​ស្រាប់​តែមាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ដែលមាន​ឈ្មោះថា VOEA TV Online ក៏បាន​សរសេរ​ដូច្នេះ​ថា ​ប្រធាន​ក្រុមហ៊ុន អ៊ី​ណា​រីតា ជា​មេ​បោកប្រាស់​លុយ​គេ ប្រហែល​២០០​ទៅ​៣០០​លាន​ដុល្លារ​ ដោយឲ្យ​សែក​គេ​ពុំមាន​ទឹកប្រាក់​គ្រប់ៗ​គ្នា ​ឥឡូវនេះ​ បាន​ចាប់ខ្លួន​ កាលពី​យប់​មិញ​ហើយ (​យប់​១៦.០៧.២០១៩)​សូមអ្នក​គាំទ្រ​មេក្រុម​ហ៊ុន​នេះ អញ្ជើញ​ទៅសួរសុខទុក្ខ​ផង​ក្រែង​បាន​ជាប់គុក​ទាំងអស់គ្នា​។

​ទាក់ទង​នឹង​ដំណឹង​ នៃ​ការចោទប្រកាន់​ដ៏​រសើប​ខាងលើនេះ​ កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​ មិនអាច​ស្វែងរក​ការបកស្រាយ​ពី​សំណាក់​ លោក ឌឹ​ម សួន​ណាត និង​ម្ចាស់​ក្រុមហ៊ុន Enarita​បាន​នៅឡើយ​ទេ​។

ក្រុមហ៊ុន Enarita ត្រូវបាន​មហាជន​ដឹងថា ​កាលពី​កន្លងមក​ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​លក់​ដី​របស់​ខ្លួន​នៅក្នុង​តំបន់​លំហែ​កាយ​ជាច្រើន​គម្រោង​នៅក្នុង​ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន និង​ព្រះវិហារ​ជាដើម​។ ​ប៉ុន្តែ​ ពេលនេះ​ ស្រាប់តែ​ធ្លាយ​ដំណឹង​ នៃ​ការចោទប្រកាន់ថា​បាន​ឆបោក​អតិថិជន​របស់​ខ្លួន​ទៅវិញ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114